Saturday, July 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចរដ្ឋសភាធិបតី និងថ្នាក់ដឹកនាំប្រទេសវៀតណាមបានអបអរសាទរចំពោះការរីកចម្រើន នៃប្រទេសកម្ពុជានិងវៀតណាម

spot_img

ភ្នំពេញ៖ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាបានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៣។

តបតាមការអញ្ជើញរបស់ ឯកឧត្តម VUONG Dinh Hue ប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា បំពេញទស្សនកិច្ចជាផ្លូវការនិងមិត្តភាព នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៣។

នៅក្នុងដំណើរទស្សនកិច្ចនេះ សម្តេចរដ្ឋសភាធិបតី បានជួបសម្តែងការគួរសមជាមួយ ឯកឧត្តម NGUYEN Phu Trong អគ្គលេខាធិការបក្សកុម្មុយនីសវៀតណាម ឯកឧត្តម VO Van Thuong ប្រធានរដ្ឋវៀតណាម និងបានជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តម VUONG Dinh Hue ប្រធានរដ្ឋសភា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងបានទទួលជួបសម្តែងការគួរសមជាមួយប្រតិភូសមាគមមិត្តភាពវៀតណាម-កម្ពុជា ព្រមទាំងបានអញ្ជើញទៅបំពេញទស្សនកិច្ចនៅខេត្តហាណាម ដើម្បីសិក្សាឈ្វេងយល់ពីវិស័យទេសចរណ៍ កសិកម្មបែបទំនើប និងព្រះពុទ្ធសាសនា ដើម្បីផ្សព្វផ្សាយជូនពលរដ្ឋផងដែរ។

គ្រប់ជំនួបពិភាក្សាការងារ សម្តេចរដ្ឋសភាធិបតី និងសមភាគីវៀតណាម បានលើកឡើងអំពីទំនាក់ទំនងដ៏ល្អរវាងព្រះរាជាណាចក្រកម្ពុជានិងប្រទេសវៀតណាម ដែលមានតាំងពីយូរលង់មកហើយ និងត្រូវបានពូនជ្រុំឡើងដោយថ្នាក់ដឹកនាំ ប្រទេសទាំងពីរនៅគ្រប់ជំនាន់។ ទំនាក់ទំនងនៃប្រទេសទាំងពីរបានផ្ដើមឡើងពីការប្រកៀកស្មាគ្នាដើម្បីបញ្ចប់សង្គ្រាម បង្រួប បង្រួមទឹកដី និងឯករាជ្យជាតិ។ ទំនាក់ទំនងជាប្រពៃណីអ្នកជិតខាងល្អ ដៃគូសហប្រតិបត្តិការជានិរន្តរ៍ មានការរីកចម្រើនឥត ឈប់ឈរដោយឈរលើស្មារតីស្មោះត្រង់ ទំនុកចិត្ត និងការយោគយល់គ្នាទៅវិញទៅមក សំដៅសម្រេចបាននូវផលប្រយោជន៍ ដល់ប្រទេស និងប្រជាជាតិទាំងសងខាង ស្របតាមទិសស្លោក “អ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ ជ្រុងជ្រោយ យូរអង្វែង និងជានិរន្តរ៍”។

ភាគីទាំងពីរបានឯកភាពរួមគ្នានៅក្នុងការពូនជ្រុំ និងផ្សព្វផ្សាយវប្បធម៌នៃទំនាក់ទំនងដ៏ល្អនិងកម្រនេះ ដល់យុវជន ជំនាន់ក្រោយឱ្យបានដឹង និងបន្តថែរក្សាឱ្យបានស្ថិតស្ថេរគង់វង្ស យូរអង្វែង។ ទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រទេសជិត ខាងនេះ មិនត្រឹមតែបានផ្តល់នូវសុខសន្តិភាព និងការអភិវឌ្ឍដល់ប្រទេសទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានរួមចំណែកដល់ ការកសាងសន្តិភាព ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់ និងពិភពលោកទាំងមូលថែមទៀត។

ថ្នាក់ដឹកនាំប្រទេសវៀតណាមបានអបអរសាទរជូនចំពោះកម្ពុជា ដែលបានរៀបចំការបោះឆ្នោតប្រកបដោយភាព ជោគជ័យយ៉ាងធំធេង បង្ហាញពីការគាំទ្ររបស់ប្រជាជនចំពោះការដឹកនាំរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ហើយបានឈានដល់ការបង្កើតរដ្ឋសភា និងរាជរដ្ឋាភិបាលអាណត្តិថ្មី មានអ្នកបន្តវេនប្រកបដោយថាមពលនិងមានសមត្ថភាព ក្នុងការដឹកនាំនាវាកម្ពុជា ឆ្ពោះទៅសម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍន៍ តាមយុទ្ធសាស្ត្របញ្ចកោណ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងការអភិវឌ្ឍកម្ពុជាក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសអភិវឌ្ឍន៍មានចំណូលខ្ពស់នៅឆ្នាំ២០៥០។ ភាគីមិត្តវៀតណាមបានបញ្ជាក់ថា ផែនការអភិវឌ្ឍន៍ប្រទេសរបស់រាជរដ្ឋាភិបាលកម្ពុជា ជាផែនការដ៏ល្អ និងជាទីកោតសរសើរយ៉ាងក្រៃលែង។
ថ្នាក់ដឹកនាំប្រទេសវៀតណាម បានចូលរួមអបអរសាទរដល់ សម្តេចរដ្ឋសភាធិបតី យួន សុដារី ជាស្ត្រីទី១ ដែលត្រូវបានរដ្ឋសភាបោះឆ្នោតជ្រើសតាំងជាប្រធានរដ្ឋសភា។ ឯកឧត្ដម VUONG Dinh Hue ប្រធានរដ្ឋសភាវៀតណាម បានគូសបញ្ជាក់ថា ថ្នាក់ដឹកនាំនិងសមាជិក សមាជិការដ្ឋសភាវៀតណាម បានប្តេជ្ញាចិត្តនិងផ្តល់អាទិភាពខ្ពស់ ក្នុងការបន្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការជាមួយរដ្ឋសភា ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ឱ្យកាន់តែសកម្មខ្លាំងក្លាបន្ថែមទៀត នៅលើគ្រប់វិស័យ រួមមានវិស័យ ការទូតសភា ពាណិជ្ជកម្ម សេដ្ឋកិច្ច សន្តិសុខ ទេសចរណ៍ នវានុវត្តន៍ ការអប់រំ បណ្តុះបណ្តាល កសិកម្ម ជាដើម។

សម្តេចរដ្ឋសភាធិបតី និងថ្នាក់ដឹកនាំប្រទេសវៀតណាមបានអបអរសាទរចំពោះការរីកចម្រើននៃប្រទេសនីមួយៗ ទាំងកម្ពុជានិងវៀតណាម ហើយការរីកចម្រើននោះមិនអាចកាត់ផ្ដាច់ពីទំនាក់ទំនងដ៏ល្អរបស់ប្រទេសទាំងពីរឡើយ។

សម្តេចរដ្ឋសភាធិបតី យួន សុដារី ប្រធានរដ្ឋសភា ក៏បានគាំទ្រប្រសាសន៍លើកឡើងរបស់សមភាគីវៀតណាម និងបានគូសបញ្ជាក់ពីសារៈសំខាន់នៅក្នុងការពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការគ្នារវាងប្រទេសជិតខាង ភូមិផង របងជាប់គ្នា នៅក្នុងស្ថានការណ៍ដែលពិភពលោកកំពុងមានភាពស្មុគស្មាញ មិនប្រាកដប្រជា និងមានហានិភ័យខ្ពស់។ ឈរលើ ចំណងមិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយជានិរន្តរ៍ នេះហើយទើបរដ្ឋសភាកម្ពុជាបានជ្រើសរើសដំណើរ ទស្សនកិច្ចមកកាន់ប្រទេសវៀតណាមជាដំណើរទស្សនកិច្ចផ្លូវការនិងមិត្តភាពដំបូងគេបង្អស់នៅដើមរដ្ឋសភានីតិកាលទី៧នេះ។

សម្តេចរដ្ឋសភាធិបតី បានសម្តែងការពេញចិត្តយ៉ាងខ្លាំងចំពោះការរីកចម្រើននៃកិច្ចសហប្រតិបត្តិការគ្រប់វិស័យ របស់រដ្ឋាភិបាលនៃប្រទេសទាំងពីរ ជាពិសេសកំណើនពាណិជ្ជកម្មរវាងកម្ពុជានិងវៀតណាម ដែលសម្រេចបានជាង១០ពាន់ លានដុល្លារក្នុងមួយឆ្នាំ។ នេះជាចំនុចវិជ្ជមានមួយដ៏គួរជាទីមោទនៈ ដែលបម្រើដល់ផលប្រយោជន៍ដល់ប្រជាជននៃប្រទេស ទាំងពីរ។ រដ្ឋសភាកម្ពុជាគាំទ្រលើការដាក់ចេញគោលនយោបាយទេសចរណ៍របស់ប្រទេសកម្ពុជា វៀតណាម និងឡាវ គឺ ប្រទេសបី គោលដៅទេសចរណ៍តែមួយ (Three Countries, One Destination)។

ប្រធានរដ្ឋសភាកម្ពុជា និងវៀតណាម បានប្ដេជ្ញារួមគ្នានៅក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាប្រទេសទាំងពីរ ទាំងក្របខ័ណ្ឌទ្វេភាគីនិងពហុភាគី ដូចជា បន្តនិងពង្រីកការផ្លាស់ប្តូរដំណើរទស្សនកិច្ចថ្នាក់ដឹកនាំ សមាជិករដ្ឋសភា ក្រុមមិត្តភាព សមាជិកសភាស្ត្រី និងសមាជិកសភាវ័យក្មេង សំដៅលើកកម្ពស់ និងជំរុញកិច្ចសហប្រតិបត្តិការរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភាប្រទេសទាំងពីរ និងជំរុញការអនុវត្តឱ្យមានប្រសិទ្ធភាពនូវរាល់កិច្ចព្រមព្រៀង ដែលប្រទេសទាំងពីរបាន ធ្វើកន្លងមក ដូចជាការបោះបង្គោលព្រំដែនឱ្យទៅជាព្រំដែនសន្តិភាព និងអភិវឌ្ឍន៍ ការរុករកនិងបញ្ជូនអដ្ឋិធាតុយុទ្ធពលីវៀតណាមនៅកម្ពុជា ការបង្កើតកិច្ចសហប្រតិបត្តិការលើបញ្ហាសន្តិសុខអ៊ិនធឺណែតជាដើម។ សូមជម្រាបថា ក្នុងកំឡុងពេលបំពេញទស្សនកិច្ចនេះ សមាជិកគណៈប្រតិភូរដ្ឋសភាកម្ពុជា បានជួបពិភាក្សាការងារជាមួយ សមភាគីវៀតណាមមួយចំនួនទៀត ដែលក្នុងនោះមាន ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការ អន្តរជាតិ និងព័ត៌មាន បានជួបពិភាក្សាការងារជាមួយ ឯកឧត្តមប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃរដ្ឋសភាវៀតណាម ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភាកម្ពុជា បានជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំខុទ្ធកាល័យរដ្ឋសភាវៀតណាមនិងបានជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ វៀតណាមផងដែរ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

spot_img
×