ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅរសៀលថ្ងៃទី២៩ ខែកក្កដានេះ បានចេញនូវសារថ្លែងអំណរគុណដល់បងប្អូនជនរួមជាតិ ដែលបានអញ្ជើញទៅបោះឆ្នោតដ៏ច្រើនលើសលុប ដែលនេះបានបង្ហាញឲ្យឃើញយ៉ាងច្បាស់ ពីជ្រើសរើសផ្លូវប្រជាធិបតេយ្យ និងការប្រើប្រាស់សិទ្ធិប្រជាពលរដ្ឋ ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ។
សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសឲ្យបងប្អូនជនរួមជាតិតាមដាន ការប្រកាសលទ្ធផលនៅយប់នេះ ចាប់ពីម៉ោង៧៖០០នាទី ដល់ម៉ោង១៖០០នាទីរំលងអាធ្រាត្រ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់តាមរយៈ Facebook យ៉ាងដូច្នេះថា អរគុណបងប្អូន កូនក្មួយ ជនរួមជាតិដែលបានទៅបោះឆ្នោតនៅថ្ងៃនេះ ដ៏ច្រើនលើសលប់បងប្អូនពិតជាបានជ្រើសរើសផ្លូវប្រជាធិបតេយ្យ និងបានប្រើប្រាស់សិទ្ធិរបស់បងប្អូនដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់ប្រទេស។
តាមរបាយការណ៍ពី គ.ជ.ប គិតមកត្រឹមម៉ោង ៣:០០ រសៀលនេះ ដែលជាម៉ោងបិទការិយាល័យបោះឆ្នោត និងចាប់ផ្តើមរាប់សន្លឹកឆ្នោត គឺមានប្រជាពលរដ្ឋខ្មែរជាង ៨០,៤៩ ភាគរយ ស្មើហ្នឹងប្រមាណ ៦៧៤៤៨៩៣ លាននាក់ បានចូលរួមបោះឆ្នោតនៅថ្ងៃនេះ។
សម្តេច បន្តថា ” ខ្ញុំសូមអររគុណបងប្អូនប្រជាពលរដ្ឋ និងកូនក្មួយដែលបានចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ និងបានគូសសន្លឹកឆ្នោតនៃគណបក្សនយោបាយដែលខ្លួនពេញចិត្ត។
សូមបងប្អូនតាមដានការប្រកាសលទ្ឋផល នៃការបោះឆ្នោតតាមវិទ្យុ និងទូរទស្សន៍ជាតិកម្ពុជា”៕ ដោយ៖កូឡាប