ភ្នំពេញ ៖ យុទ្ធនាការ «តើអ្នកអាចឃើញខ្ញុំទេ?» ត្រូវបានធ្វើពិធីបើកដំណើរការក្រោមអធិបតីភាព លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស និងលោក នីកូឡាស ខេន សហស្ថាបនិក និងជានាយកប្រតិបត្តិនៃមូលនិធិអេ២១ (A21) នាថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ នៅផ្សារទំនើប ជីបម៉ុង ២៧១ មេហ្កាម៉ល រាជធានីភ្នំពេញ ដោយមានដាក់បញ្ចាំងខ្សែភាពយន្តអប់រំខ្លីចំនួន២ រួមមាន ៖ រឿង «សន្យា» និងរឿង «ស្នេហ៍តាមអនឡាញ» ដើម្បីបញ្ជ្រាបពីការយល់ដឹងនៃអំពើជួញដូរមនុស្ស និងការជួយរាយការណ៍ បើសិនជាមានអំពើនេះកើតឡើង។

ក្នុងយុទ្ធនាការ «តើអ្នកអាចឃើញខ្ញុំទេ?» ដែលមានបញ្ចាំងរឿង «សន្យា» គឺជាសាច់រឿងរបស់ក្មេងស្រី ២នាក់ ឈ្មោះ សិលា និងចន្រ្ទា ដែលជាមិត្តសម្លាញ់នឹងគ្នា។ ពួកគេបានសម្រេចចិត្តចាកចេញពីភូមិកំណើត ទៅធ្វើការ នៅប្រទេសដទៃ ដោយមានការសន្យាថា នឹងទទួលបានការងារល្អ និងប្រាក់កម្រៃខ្ពស់។ ពេលទៅដល់ប្រទេសគោលដៅ ពួកគេត្រូវបានអ្នកគេងប្រវ័ញ្ចជួញដូរប្រើរូបភាពឱ្យរៀបការដោយបង្ខំ រងបំពានផ្លូវភេទ រងការធ្វើបាបរាងកាយ និងផ្លូវចិត្ត ព្រមទាំងបង្ខំឲ្យពពោះ យកកូនឲ្យគ្រួសារបរទេស។ លុះពេលត្រឡប់មកប្រទេសកំណើតវិញ ការទាមទាររកយុត្តិធម៌ និងឯករាជ្យភារបស់ពួកគេ គឺជាបញ្ហាស្លាប់រស់។

ចំណែកសាច់រឿង «ស្នេហ៍តាមអនឡាញ» វិញ បង្ហាញថា បន្ទាប់ពីជួបរឿងលំបាកជាច្រើនក្នុងជីវិត ក្មេងស្រីម្នាក់ ដែលមានបងប្អូន៣នាក់ រស់នៅ តំបន់ដាច់ស្រយាលមួយក្នុង ប្រទេសកម្ពុជា ពួកគេបានបាត់បង់ម្ដាយជាទីស្រឡាញ់ ដោយសារតែជំងឺមហារីក រីឯឪពុកក៏បាត់បង់ការងារ។ នាងត្រូវបង្ខំចិត្ត បោះបង់ការសិក្សាដើម្បីរកការងារចិញ្ជឹមគ្រួសារ។ ជីវិតនាងហាក់គ្មានអ្វីល្អសោះ។ នាងថែមទាំងបានចាញ់បោកស្នេហាតាមអនឡាញ ដែលធ្វើឲ្យជោគវាសនានៃជីវិតនាងកាន់តែលំបាកលំបិន។
នៅជុំវិញពិភពលោក គ្រោះច្នាក់នៃការកេងប្រវ័ញ្ចកុមារតាមអនឡាញ កំពុងមានសន្ទុះកើនឡើងយ៉ាងខ្លាំង។ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស បានបង្ហាញថា ជនរងគ្រោះអាចរាយការណ៍អំពីការរំលោភបំពានផ្លូវភេទលើកុមារ ឬជួញដូរមនុស្សក្នុងប្រការណាមួយ សូមទូរស័ព្ទទៅលេខ (+៨៥៥) ០៩២ ៣១១ ៥១១ និងលេខ ១២៨៨៕ រក្សាសិទ្ធដោយ ៖ ពិសិដ្ឋ CEN









