Tuesday, March 4, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ធនាគារ ADB គាំទ្រកម្មវិធីបណ្តុះបណ្តាលជំនាញ ១.៥ លាននាក់ ដើម្បីផ្តល់ជំនាញជាក់លាក់ និងឱកាសការងារ

ភ្នំពេញ៖ ការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ជាកម្មវិធីថ្នាក់ជាតិរបស់រាជរដ្ឋាភិបាល ដើម្បីជួយដល់យុវជន១.៥ លាននាក់ មកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ។ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣នេះ បានជួបពិភាក្សាការងារជាមួយ លោក Anthony Gill នាយកស្តីទីនៃធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ប្រចាំនៅកម្ពុជា និងក្រុមការងារនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយក្នុងនោះរូបលោកនាយកស្តីទីនៃធនាគារអភិវឌ្ឍន៍អាស៊ី បានសរសើរ និងអបអរសាទរចំពោះកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈ ដល់យុវជនគោលដៅ ១.៥លាននាក់ របស់រាជរដ្ឋាភិបាលកម្ពុជា។​

លោកនាយកស្តីទីនៃធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ប្រចាំនៅកម្ពុជា បានគូសបញ្ជាក់ថា លោកសូមអបអរសាទររាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចំពោះកម្មវិធីថ្នាក់ជាតិស្តីពីការបណ្តុះបណ្តាលជំនាញបច្ចេកទេស វិជ្ជាជីវៈដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ។

រដ្ឋមន្ត្រីក្រសួងការងារ ក៏បានថ្លែងអំណរគុណដល់ ADB ដែលបានអបអរសាទរចំពោះកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសកម្រិត១ (C1)ដែលជាការគិតគូររបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដើម្បីផ្តល់ជំនាញជាក់លាក់ និងឱកាសការងារសមរម្យសម្រាប់យុវជនមកពីគ្រួសារក្រីក្រនិងងាយរងហានិភ័យ។ ឯកឧត្តម ក៏បានបញ្ជាក់ពីកិច្ចការងារជាច្រើនដែលក្រសួងបានធ្វើរួចមកហើយ ដើម្បីធានាថា យុវជនដែលជាសិក្ខាកាមមានជំនាញជាក់លាក់ ប្រសិទ្ធភាព និងឱកាសចុះកម្មសិក្សា ដែលជាការហាត់ការជាក់ស្តែងនៅតាមរោងចក្រសហគ្រាស។

ឯកឧត្តមរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់ធនាគារអភិវឌ្ឍន៍អាស៊ីចំពោះកិច្ចសហប្រតិបត្តិការ និងជំនួយជាច្រើនលើការបណ្តុះបណ្តាលជំនាញជាមួយក្រសួង ហើយរំពឹងថា ធនាគាអភិវឌ្ឍន៍អាស៊ីមួយនេះ នឹងបន្តគាំទ្រជួយលើគម្រោងនានារបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបន្ថែមទៀត។

សូមបញ្ជាក់ថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានដាក់ចេញនូវកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យចំនួន១.៥លាននាក់ឱ្យសិក្សាជំនាញបច្ចេកទេសវិជ្ជាជីវៈ រយៈពេល៤ខែដោយឥតគិតថ្លៃ និងទទួលបានប្រាក់ឧបត្ថមចំនួន២៨ម៉ឺនរៀលបន្ថែម៕