សៀមរាប ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុង ព្រឹត្តិការណ៍ រាត្រីចងចាំលើកទី៤ ឆ្នាំ២០២៣ នៅព្រះលានជល់ដំរី នៃក្រុងអង្គរធំ សៀមរាប នារាត្រីថ្ងៃព្រហស្បតិ៍ ១៤កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣។
ថ្លែងក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត បានមានប្រសាសន៍ថា ៖ ព្រឹត្តិការណ៍នេះ គឺរៀបចំឡើងក្នុងគោលបំណង ដើម្បីចូលរួមអបអរសាទរខួប ៣១ឆ្នាំ នៃ ការដាក់បញ្ចូលរមណីយដ្ឋានអង្គរ ទៅក្នុងបញ្ជីបេតិកភណ្ឌអរូបី នៃពិភពលោករបស់អង្គការយូណេស្កូ និងក្នុងគោលបំណងសំខាន់ផ្សេងទៀត ដើម្បីផ្សព្វផ្សាយ និងបណ្តុះទឹកចិត្តប្រជាជនខ្មែរយើង ឱ្យកាន់តែស្រឡាញ់ វប្បធម៌ អរិយធម៌ដ៏ឧត្តុង្គឧត្ដម រួមទាំងសិល្បៈអត្តសញ្ញាណជាតិផងដែរ។ ពិធីនេះក៏បង្ហាញពីមោទកភាពជាតិ មហាអំណាចនៃវប្បធម៌ និងប្រវត្តិសាស្ត្រយូរលង់ ក៏ដូចជា ដើម្បីផ្សព្វផ្សាយបន្ថែមនូវសក្តានុពលវប្បធម៌ និងទេសចរណ៍របស់កម្ពុជាទៅកាន់ឆាកអន្តរជាតិ ក្នុងការលើកស្ទួយពាក្យស្លោក កម្ពុជាព្រះរាជាណាចក្រអច្ឆរិយៈ និងធ្វើឱ្យកាន់តែប្រាកដឡើងនូវពាក្យស្លោក កោះសន្តិភាព ដែលមានចែងក្នុងបុព្វកថា នៃរដ្ឋធម្មនុញ្ញកម្ពុជា ក្រោមពាក្យស្លោក អរគុណសន្តិភាព និងការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាគ្រប់អាណត្តិ។ ចំណែកឯគោលដៅសំខាន់មួយទៀត គឺដើម្បីរំលឹក និងដាស់តឿនប្រជាពលរដ្ឋកម្ពុជា ក្នុងពេលបច្ចុប្បន្ន និងអនាគតឲ្យចងចាំ និងប្តេជ្ញាចិត្តត្រូវថែរក្សាការពារវប្បធម៌ និងអរិយធម៌ជាតិ ជាពិសេស ប្រាង្គប្រាសាទ និងបុរាណដ្ឋានទាំងអស់ ដើម្បីជាការតបស្នងសងគុណដល់បុព្វការីជនគ្រប់ជំនាន់ ទាំងជាតិ និងអន្តរជាតិ ដែលបានខិតខំកសាង លះបង់កាយចិត្ត ស្មារតី ក្នុងការកសាង ថែរក្សា ការពារ និងអភិរក្សរមណីយដ្ឋានអង្គរ និងរមណីយដ្ឋានប្រវត្តិសាស្ត្រផ្សេងៗ ដែលជាមរតកវប្បធម៌ជាតិដ៏មានតម្លៃមហាសាលរបស់យើងទាំងអស់គ្នា៕រក្សាសិទ្ធដោយ ៖ សុទ្ធលី