ភ្នំពេញ៖ គិតត្រឹមដំណាច់ខែមករា ឆ្នាំ២០២៣ កម្ពុជា បានអនុម័តគម្រោងវិនិយោគជប៉ុន ចំនួន ១៥០គម្រោង ក្នុងតម្លៃទុនវិនិយោគសរុបប្រមាណ ២,៩ពាន់លានដុល្លារអាមេរិក។ នេះបើតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)។
គម្រោងលេចធ្លោរបស់ក្រុមហ៊ុន មានដូចជា៖ គម្រោងវិនិយោគផ្សារទំនើប, គម្រោងវិនិយោគបង្កើតរោងចក្រផ្គុំ និងដំឡើងរថយន្ត, គម្រោងវិនិយោគបង្កើតរោងចក្រផលិតម៉ូទ័រខ្នាតតូច, គម្រោងវិនិយោគបង្កើតរោងចក្រផលិតឧបករណ៍អគ្គិសនី, និងគម្រោងវិនិយោគសាងសង់ អាជីវកម្មមន្ទីរពេទ្យ និងគម្រោងវិនិយោគលើវិស័យទេសចរណ៍ ជាដើម។
កម្ពុជា ត្រូវបានគេមើលឃើញថា ជាប្រទេសនឹងក្លាយជាគោលដៅវិនិយោគដ៏ទាក់ទាញមួយសម្រាប់ក្រុមហ៊ុនជប៉ុន នៅក្នុងតំបន់មេគង្គដែលរដ្ឋាភិបាលទីក្រុងតូក្យូចាត់ទុកថា ជារបៀងសេដ្ឋកិច្ចដ៏សំខាន់ ដើម្បីបង្កើនយុទ្ធសាស្រ្តសេរី និងបើកទូលាយឥណ្ឌូ-ប៉ាស៊ីហ្វិករបស់ខ្លួន ដែលជាទូទៅមានគោលបំណងបង្កើតតុល្យភាពយុទ្ធសាស្រ្តនៅក្នុងតំបន់ឥណ្ឌូចិន។
ក្នុងរយៈពេលជាង ១០ឆ្នាំកន្លងមកនេះ តាមរយៈកិច្ចសហប្រតិបត្តិការមេគង្គ-ជប៉ុន គឺរដ្ឋាភិបាលទីក្រុងតូក្យូ បានរួមចំណែកយ៉ាងសំខាន់ដល់ការផ្លាស់ប្តូរតំបន់មេគង្គជាមជ្ឈមណ្ឌលមួយនៃកំណើនសេដ្ឋកិច្ចពិភពលោក។ ការប្តេជ្ញាចិត្តរបស់ជប៉ុនក្នុងការជំរុញកំណើនគុណភាព ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធរឹង និងទន់ ការជំរុញបន្ថែមទៀតនូវសក្តានុពលសេដ្ឋកិច្ចនៃតំបន់ និងបង្រួញគម្លាតអភិវឌ្ឍន៍នៅក្នុងតំបន់អាស៊ាន។
ដើម្បីជំរុញយុទ្ធសាស្ត្ររបស់ខ្លួន ជប៉ុនបាន និងកំពុងគាំទ្រលើគម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនៅកម្ពុជា ដូចជា ការកសាងស្ពានគីហ្សូណា, ស្ពានត្សឺបាសា, ស្ពានជ្រោយចង្វារ ការធ្វើឱ្យប្រសើរឡើងនូវកំណាត់ផ្លូវជាតិលេខ១ និងលេខ៥, ការអភិវឌ្ឍស្ថានីយ៍កុងតឺន័រថ្មី កំពង់ផែស្វយ័តក្រុងព្រះសីហនុ ជាដើម។ ទោះជាយ៉ាងនេះក្តី លំហូរនៃការវិនិយោគផ្ទាល់របស់ជប៉ុនចូលមកប្រទេសកម្ពុជា ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ហាក់មានការថមថយគួរឲ្យកត់សម្គាល់ ជាពិសេសគិតចាប់តាំងពីការរាតត្បាតនៃជំងឺកូវីដ-១៩។
ប៉ុន្តែយ៉ាងណាក៏ដោយ នៅថ្ងៃ ១៥ ខែធ្នូ ឆ្នាំ ២០២៣នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំកំពូលរំព្ញកខួបអនុស្សាវរីយ៍អាស៊ាន-ជប៉ុន ខួបទី ៥០ឆ្នាំ នៃមិត្តភាព និងកិច្ចសហប្រតិបត្តិការ អាស៊ាន-ជប៉ុន នៅទីក្រុងតូក្យូ នៃប្រទេសជប៉ុន។ ក្នុងដំណើរទស្សនកិច្ចដ៏សំខាន់នេះ យើងសង្ឈឹមថា ថ្នាក់ដឹកនាំកម្ពុជា នឹងអាចកៀគរក្រុមហ៊ុនជប៉ុនមកបណ្តាក់ទុននៅកម្ពុជា កាន់តែច្រើនឡើងថែមទៀត។
ទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ ក្នុងរយៈពេល ១១ខែឆ្នាំនេះ សម្រេចបាន ១,៦៣ប៊ីលានដុល្លារអាមេរិក ថយចុះ ៧,៩% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នំាមុន។ ក្នុងនោះការនាំចេញរបស់កម្ពុជាទៅជប៉ុន មានទំហំ ១,០៦ប៊ីលានដុល្លារអាមេរិក ថយចុះ ០,៣% ខណៈការនាំចូលរបស់កម្ពុជា ពីជប៉ុនមកវិញ មានតម្លៃ ៥៧៣លានដុល្លារអាមេរិក ថយចុះ ១៩,៣%។ នេះបើតាមទិន្នន័យពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា៕