Friday, May 3, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងវប្បធម៌ ៖ បញ្ជូនត្រឡប់មកកម្ពុជាវិញនូវវត្ថុបុរាណខ្មែរ ចំនួន១៤រូប ពីសារមន្ទីរ Metropolitan Museum (MET) នៅទីក្រុងញូវយ៉ក

spot_img

ភ្នំពេញ ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចេញសេចក្តីជូនព័ត៌មាន ស្តីពីការបញ្ជូនត្រឡប់មកកម្ពុជាវិញ នូវវត្ថុបុរាណខ្មែរ ចំនួន១៤រូបពីសារមន្ទីរ Metropolitan Museum (MET) នៅទីក្រុងញូវយ៉ក។ នេះបើតាសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី១៦ ខែធ្នូនេះ។

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សូមជម្រាបជូនសាធារណជនជ្រាបថា បន្ទាប់ពីការចរចាអស់ រយៈពេលជាច្រើនឆ្នាំ រវាងការិយាល័យរដ្ឋអាជ្ញាសហរដ្ឋអាមេរិកប្រចាំសង្កាត់ភាគខាងត្បូងក្រុងញូវយ៉ក (SDNY), ការិយាល័យស៊ើបអង្កេតសន្តិសុខមាតុភូមិ(HSI) និងក្រុមការងារកម្ពុជា ជាមួយនឹងសារមនី្ទរ MET, វត្ថុបុរាណខ្មែរចំនួន ១៤រូប នៃសមុច្ច័យរបស់សារមន្ទីរ MET នឹងត្រូវប្រគល់ត្រឡប់មកកម្ពុជាវិញ។ តាមរយៈកិច្ចសហការ និងការចែករំលែកព័ត៌មានរវាងក្រុមការងារកម្ពុជា និងសមត្ថកិច្ចសហរដ្ឋ អាមេរិក សារមន្ទីរ MET បានផ្តល់ការសន្យាជាផ្លូវការមួយ ក្នុងការបញ្ជូនត្រឡប់មកកម្ពុជាវិញនូវវត្ថុបុរាណ ខ្មែរចំនួន១៤រូបនេះ, ការអនុញ្ញាតឱ្យមន្ដ្រីជំនាញកម្ពុជា ធ្វើកោសល្យវិច្ច័យសម្បត្តិវប្បធម៌ខ្មែរដទៃទៀត និងការពិនិត្យសិក្សាឯកសារនានាពាក់ព័ន្ធនឹងសមុច្ច័យរបស់កម្ពុជា។ យើងសូមវាយតម្លៃខ្ពស់ចំពោះលទ្ធផល ជំហានដំបូងក្នុងទិសដៅដ៏ត្រឹមត្រូវនេះ និងទន្ទឹងរង់ចាំនៃការវិលត្រឡប់មកវិញនូវសម្បត្តិវប្បធម៌ខ្មែរបន្ថែមទៀត។

ក្នុងចំណោមវត្ថុទាំង១៤រូបដែលត្រូវបញ្ជូនមកកម្ពុជាវិញនេះ រួមមានស្នាដៃឯកមួយចំនួន ដូចជា រូបចម្លាក់ទេពស្រី (ព្រះនាងឧមា) ធ្វើពីថ្មភក់ សតវត្សរ៍ទី១០ ដែលតាមភស្តុតាងពីសាក្សី ត្រូវបានលួចយក នៅឆ្នាំ១៩៩៧ ដោយប្រអប់ជើងជាប់ជាមួយជើងទម្របដិមានេះ បានរកឃើញតាមរយៈការធ្វើកំណាយ នៅឆ្នាំ២០២១ នៅក្នុងរមណីយដ្ឋានអតីតរាជធានីកោះកេរ, ព្រះកេសព្រះលោកសូរ ធ្វើពីសំរឹទ្ធ សតវត្សរ៍ទី១០ ដែលដងខ្លួនបដិមាស្ថិតនៅសារមន្ទីរជាតិភ្នំពេញ និងបដិមាព្រះលោកេសូរ ធ្វើពីសំលោហៈ ដែលសារមន្ទីរ MET បានទិញពីលោក ឌូផ្លាស ឡាដហ្វដ (Douglas Latchford) នៅឆ្នាំ១៩៩២។

លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ មានប្រសាសន៍ថា “ការបញ្ជូនត្រឡប់មកវិញនូវសម្បត្តិវប្បធម៌ជាតិរបស់យើងពីសារមន្ទីរ MET គឺមានសារៈ សំខាន់បំផុត មិនត្រឹមតែសម្រាប់ប្រជាជនកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់មនុស្សជាតិទាំងមូលផងដែរ។ ការបញ្ជូនត្រឡប់មកវិញនេះ គឺមានអត្ថន័យធំធេងបំផុតមិនអាចពណ៌នាបាន ដែលជាការព្យាបាលរបួស ផ្លូវចិត្តសម្រាប់ប្រជាជាតិកម្ពុជា។ វត្ថុបុរាណខ្មែរជាច្រើនទៀតកំពុងសិ្ថតនៅសារមន្ទីរ MET ហើយយើងរំពឹងថា វត្ថុទាំងនោះនឹងវិលត្រឡប់មកកម្ពុជាវិញ។ យើងសូមឲ្យសារមន្ទីរ និងអ្នកកាន់កាប់សមុច្ច័យឯក្កជនដទៃទៀត ធ្វើការទាក់ទងមកយើងខ្ញុំ ដើម្បីពិភាក្សាពីសម្បត្តិវប្បធម៌ខ្មែរដែលពួកគេមាន”។

លោកជំទាវបណ្ឌិតសភាចារ្យ មានប្រសាសន៍បន្ថែមទៀតថា “ការបញ្ជូនត្រឡប់មកវិញនូវសម្បត្តិ
វប្បធម៌ជាតិនេះ បង្ហាញជាថ្មីម្តងទៀតនូវការប្ដេជ្ញាចិត្តរបស់កម្ពុជា ក្នុងការបន្តស្វែងរក និងនាំយកមកវិញ នូវដួងព្រលឹងដូនតារបស់យើង ដែលបានឃ្លាតចាកឆ្ងាញពីដែនដីកំណើតរបស់ខ្លួន។ នាងខ្ញុំសូមថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្តី នៃព្រះរាជាណាចក្រកម្ពុជា ចំពោះការដឹកនាំប្រកបដោយគតិបណ្ឌិត និងបាននាំមកនូវសន្តិភាពជូនកម្ពុជា តាមរយៈនយោបាយ ឈ្នះ-ឈ្នះ និងសូមស្វាគមន៍ការវិលត្រឡប់មកវិញនៃព្រលឹងដូនតា ដែលជាមង្គល របស់ជាតិ ក៏ដូចជាការប្រោះព្រំប្រសិទ្ធពរជូន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីថ្មីរបស់យើង”។

លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហ ប្រតិបត្តិការ និងការខិតខំប្រឹងប្រែងរបស់រដ្ឋអាជ្ញាសហរដ្ឋអាមេរិក លោក Damian Williams ការិយាល័យ រដ្ឋអាជ្ញាប្រចាំសង្កាត់ភាគខាងត្បូងក្រុងញូវយ៉ក ពិសេសលោកស្រី Jessica Feinstein និង លោក Shiva Logarajah, ការិយាល័យស៊ើបអង្កេតសន្តិសុខមាតុភូមិ និងភ្នាក់ងារពិសេស លោក John P. Labbat ព្រមទាំងអាជ្ញាធរពាក់ព័ន្ធទាំងនៅក្រៅប្រទេស និងក្នុងប្រទេសកម្ពុជា ជាពិសេសថ្លែងអំណរគុណដល់ ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅទីក្រុងភ្នំពេញ និងក្រុមការងារក្រសួងវប្បធម៌និងវិចត្រសិល្បៈ។

លោកជំទាវរដ្ឋមន្ត្រី បានថ្លែងអំណរគុណជាពិសេសចំពោះលោក Bradley J. Gordon នៃក្រុមហ៊ុន Edenbridge Asia និងលោក Steven Heimberg នៃក្រុមហ៊ុន Apex Advisors។ លោកទាំងពីរដែលជា ទីប្រឹក្សាផ្នែកច្បាប់របស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានចំណាយពេលជាច្រើនឆ្នាំ សហការជាមួយ ក្រុមកាងារក្រសួង ក្នុងការចរចាទាមទារមកកម្ពុជាវិញនូវសម្បត្តិវប្បធម៌ខ្មែរ ជាពិសេស វត្ថុបុរាណខ្មែរដែល សារមន្ទីរ MET ប្រគល់មកវិញនាថ្ងៃនេះ។

លោកជំទាវក៏បានបញ្ជាក់ថា “យើងខ្ញុំមានមោទនភាពចំពោះការខិតខំប្រឹងប្រែង និងកិច្ចសហ ប្រតិបត្តិការរួមគ្នាជាមួយសហរដ្ឋអាមេរិក ក្នុងការស្វែងរក និងបញ្ជូនមកវិញនូវបេតិកភណ្ឌវប្បធម៌ខ្មែរ ដែលបាននាំចេញដោយខុសច្បាប់ពីកម្ពុជា។ ការបញ្ជូនត្រឡប់មកវិញនេះ បានរួមចំណែកយ៉ាងសំខាន់ដល់ការ ផ្សះផ្សា និងព្យាបាលរបួសផ្លូវចិត្តរបស់ប្រជាជនកម្ពុជា ដែលបានឆ្លងកាត់សង្គ្រាមស៊ីវិលរាប់ទសវត្សរ៍ និង រងគ្រោះដ៏ឈឺចាប់ពីសោកនាដកម្មនៃអំពើប្រល័យពូជសាសន៍ខ្មែរក្រហម និងជាការពង្រឹងទំនាក់ទំនងកាន់តែរឹងមាំឡើងជាមួយសហរដ្ឋអាមេរិក”៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

spot_img
×