Friday, July 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សន្លឹក​ឆ្នោត​មិន​បានការ​មាន​ច្រើន​នៅ​នីតិកាល​នេះ ក៏​បាន​បង្ហាញ​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ និង​ជា​ការសម្ងាត់​

​ភ្នំពេញ ​៖ តំណាង​ប្រទេស​ទាំង​៦ ដែលជា​អ្នក​សង្កេតការណ៍​បោះឆ្នោត​អន្តរជាតិ បាន​វាយតម្លៃ​ថា ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ នៅក្នុង​ប្រទេស​កម្ពុជា ប្រព្រឹត្តទៅ​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​។​

​ប៉ុន្តែ​ក៏​មាន​ការ​ចោទសួរ​នូវ​សំណួរ​ជា​ច្រើន ដូចជា ហេតុអ្វី​បាន​ជា​កម្ពុជា​មាន​ចំនួន​អ្នក​ចេញ​ទៅ​បោះឆ្នោត​ច្រើន​? តើ​សន្លឹកឆ្នោត​មិន​បានការ​មាន​ចំនួន​ច្រើន​ប៉ះពាល់​ដល់​លទ្ធផល​នៃ​ការបោះឆ្នោត​ដែរឬទេ​? និង​ការប្រកាស​មិន​ទទួលស្គាល់​លទ្ធផល​នៃ​ការបោះឆ្នោត​ពី​ប្រទេស​មួយចំនួន​ដូចជា សហរដ្ឋអាមេរិក ជាដើម តើ​អាច​មាន​អ្វី​កើតឡើង​? ឆ្លើយតប​ទៅនឹង​សំណួរ​ខាងលើ លោក សោម សូ​រី​ដា អគ្គលេខាធិការរង គ​.​ជ​.​ប បាន​ពន្យលថា មូលហេតុ​ដែល​នាំ​ឲ្យ​កម្ពុជា​មាន​អ្នក​ចេញ​ទៅ​បោះឆ្នោត​មាន​ចំនួន​ច្រើន ដោយសារ កម្ពុជា​មាន​សន្តិសុខ សុវត្ថិភាព និង​សណ្តាប់ធ្នាប់ គ​.​ជ​.​ប បាន​ប្រើប្រាស់​គ្រប់​មធ្យោបាយ ដើម្បី​ផ្សព្វផ្សាយ​ព័ត៌មាន​ដល់​អ្នកបោះឆ្នោត ពលរដ្ឋ​ខ្មែរ​ស្រឡាញ់ និង​ត្រូវការ​លទ្ធិប្រជាធិបតេយ្យ ។​ល​។​

​ចំពោះ​សន្លឹកឆ្នោត​មិន​បានការ​មាន​ច្រើន​នៅ​នីតិកាល​នេះ លោក សោម សូ​រី​ដា ឆ្លើយថា គឺ​យើង​ត្រូវ​ទទួលស្គាល់​ទាំងអស់គ្នា ប៉ុន្តែ​សន្លឹកឆ្នោត​មិនបានការ​ក៏​បាន​បង្ហាញ​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ ឆន្ទៈ​បែបណា​យើង​មិន​អាច​វាយតម្លៃ​បានទេ ការបោះឆ្នោត​ត្រូវ​ធ្វើឡើង​ជា​សម្ងាត់ ប្រការនេះ គួរ​គណបក្ស​ឈ្នះ​ឆ្នោត​យកទៅ​ពិចារណា​។​

​សំណួរ​ចុងក្រោយ លោក​ហង្ស ពុទ្ធា ពន្យលថា ការវាយតម្លៃ​ការបោះឆ្នោត​នៅ​កម្ពុជា ដោយ​ពាក់​វ៉ែន​តាខ្មៅ ប្រាកដ​ជា​មើលទៅ​ឃើញ​ខ្មៅ​ហើយ ចំពោះ​អ្នក​ដែល​បាន​ចូលរួម​សង្កេតការណ៍​បោះឆ្នោត នៅ​កម្ពុជា​វិញ ពិត​ណាស់​ពួកគេ​ពិតជា​បាន​មើលឃើញ អំពី​លទ្ធផល​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​។​

​លោក​ហង្ស ពុទ្ធា មានប្រសាសន៍ថា ការបោះឆ្នោត នីតិកាល​ទី​៦ នេះ​មាន​ប្រជាពលរដ្ឋ​ជាង​៨០​ភាគរយ បាន​ចេញ​ទៅ​បោះឆ្នោត ។ នេះ​បង្ហាញឲ្យឃើញថា ប្រជាពលរដ្ឋ​កម្ពុជា ស្រឡាញ់ និង​ត្រូវការ​លទ្ធិប្រជាធិបតេយ្យ​។ ហើយ​ការប្រកាស​លទ្ធ​នៃ​ការបោះឆ្នោត​ត្រូវ​ធ្វើឡើង​ជា​៤​ដំណាក់កាល គឺ​ការប្រកាស​លទ្ធផល​នៅតាម​ការិយាល័យ​បោះឆ្នោត ការប្រកាស​លទ្ធផល​ប​ឋ​ម​នៃ​ការបោះឆ្នោត ការ​ប្រកាស​​លទ្ធផល​បណ្តោះអាសន្ន​នៃ​ការបោះឆ្នោត និង​ការប្រកាស​លទ្ធផល​ផ្លូវការ​នៃ​ការបោះឆ្នោត​។

​បើ​យោង​តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់ គ​.​ជ​.​ប នៅ​រសៀល​ថ្ងៃ​ទី​៣០ ខែកក្កដា​នេះ បានឱ្យដឹងថា ប្រទេស​ទាំង​៦​នោះ​រួមមាន​៖ ប្រទេស​ម៉ាឡេស៊ី ប្រទេស​រុស្ស៊ី ប្រទេស​ឡាវ ប្រទេស​ឥណ្ឌា ប្រទេស​ថៃ និង​ប្រទេស​វៀតណាម​។ ជាមួយគ្នានេះ តំណាង​ប្រទេស​ទាំង​៦​នេះ បាន​បង្ហាញ​ពី​ចំណាប់​អារម្មណ៍​ម្នាក់​ម្តងៗ ពួកគាត់​បាន​វាយតម្លៃ​ថា ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ ប្រព្រឹត្តទៅ​ដោយ​សេរី ត្រឹមត្រូវ យុត្តិធម៌ មាន​សន្តិសុខ សណ្តាប់ធ្នាប់​ល្អ និង​គ្មាន​អំពើហិង្សា​៕ ​ដោយ​៖​កូឡាប​

​សម្រាប់​ព័ត៌មាន​លម្អិត សូម​អាន​សេចក្តីជូនដំណឹង​របស់ គ​.​ជ​.​ប ដូចខាងក្រោម​៖

 

×