ភ្នំពេញ៖ ស្ពានអាកាសព្រះមុនីវង្ស ប្រសព្វរវាងមហាវិថីចំនួន៣ គឺមហាវិថីព្រះមុនីវង្ស មហាវិថីសម្តេចតេជោ ហ៊ុន សែន និងមហាវិថីយោធពលខេមរភូមិន្ទ (ផ្លូវ២៧១)ដែលជាស្ពានអាកាសទី៨នៅកម្ពុជា នឹងបញ្ចប់ការសាងសង់ជំហានទី១ នៅខែមេសាឆ្នាំ២០២៤ខាងមុខនេះ ពោលគឺបញ្ចប់ការសាងសង់មុនការកំណត់រហូតដល់ រយៈពេល៤ខែ។

នៅលើទំព័រហ្វេសប៊ុករបស់ឯកឧត្ដម កើត ឆែអភិបាលរងរាជធានីភ្នំពេញ នាថ្ងៃទី១៨ ខែធ្នូនេះ បានសរសេរដូច្នេះថា “ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ស្ពានអាកាសព្រះមុនីវង្ស ប្រសព្វរវាងមហាវិថីព្រះមុនីវង្ស មហាវិថីសម្តេចតេជោ ហ៊ុន សែន និង មហាវិថីយោធពលខេមរភូមិន្ទ (ផ្លូវ២៧១) នឹងបញ្ចប់ការសាងសង់មុនផែនការប្រមាណ ០៤ខែផងដែរ ពោលគឺ ជំហានទី១ នឹងបញ្ចប់មុនចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំ២០២៤ (ក្នុងគម្រោងខែសីហា ២០២៤)”។ចំណែកឯជំហានទី២ គ្រោងនឹងបញ្ចប់ការសាងសង់នៅមុនពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំ២០២៥។
ឯកឧត្ដមបានសរសេរអះអាងថា “ បច្ចុប្បន្នភាពស្ពានអាកាសព្រះមុនីវង្ស កំពុងសាងសង់យ៉ាងសស្រាក់សស្រាំ ” ។

សូមរំលឹកថា គិតត្រឹមចុងឆ្នាំ២០២៣នេះ នៅក្នុងប្រទេសកម្ពុជាមានស្ពានអាកាសដែលសាងសង់រួចរាល់ និងកំពុងសាងសង់ចំនួន៨ស្ពាន គឺទី១/ស្ពានអាកាសក្បាលថ្នល់ ទី២/ស្ពានអាកាស៧មករា ពេទ្យលោកសង្ឃទី៣/ស្ពានអាកាសស្ទឹងមានជ័យ ទី៤/ស្ពានអាកាស៥មករា ទី៥/ស្ពានអាកាសមិត្តភាពកម្ពុជាចិន ស្ដុបផ្សារដីហុយ ទី៦/ស្ពានអាកាស និងស្ពានក្រោមដីចោមចៅ ទី៧/ស្ពានអាកាសឬស្សីកែវ និងទី៨ស្ពានអាកាសស្ពានអាកាសព្រះមុនីវង្ស(កំពុងសាងសង់៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី



