ភ្នំពេញ៖ មន្រ្តីក្រសួងពាណិជ្ជកម្មមួយរូប បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា បន្តលើកស្ទួយសហគ្រាស សហគ្រិនភាព និងការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលមានគោលដៅយុទ្ធសាស្ត្រ ផ្តោតលើការបន្តធ្វើឱ្យប្រសើរឡើងបរិយាកាសអំណោយផលសម្រាប់សហគ្រាស ធុនមីក្រូ តូច និងមធ្យម និងធុរកិច្ចថ្មីឱ្យរីកលូតលាស់ ធន់នឹងវិបត្តិ និងមាននវានុវត្តន៍ ដែលរួមចំណែក ដល់កំណើនសេដ្ឋកិច្ច និងការបង្កើតការងារ។

នេះជាការថ្លែងរបស់ឯកឧត្តម អ៊ុំ កុសល អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ក្នុងពិធីបើកជំនួបពាណិជ្ជកម្ម ស្តីពីការជំរុញនាំចេញផលិតផលសក្តានុរាលកម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ អំឡុងពេលពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូលកម្ពុជា លើកទី១៦ កម្រិតអន្តរជាតិ រាជធានីភ្នំពេញ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។

ឯកឧត្តម អ៊ុំ កុសល បានបន្តថា កម្ពុជា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានដាក់ចេញយុទ្ធសាស្ត្របញ្ជាកោណដំណាក់កាលទី១ ដែលក្នុងបញ្ចកោណទី៣ ស្តីពីការអភិវឌ្ឍវិស័យឯកជន និងការងារ ដែលក្នុងនេះបន្តផ្តោតលើកិច្ចការចំនួន៥ ដូចជា (១) ការអភិវឌ្ឍទីផ្សារការងារ, (២) ការលើកស្ទួយសហគ្រាសធុនមីក្រូ តូចនិងមធ្យម ធុរកិច្ចថ្មី សហគ្រិនភាព និងការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ, (៣) ការពង្រីកភាពជាដៃគូវិស័យសាធារណ និងវិស័យឯកជន, (៤) ការពង្រីកការប្រកួតប្រជែង, (៥) ការពង្រឹងប្រព័ន្ធធនាគារ និងវិស័យហិរញ្ញវត្ថុមិន មែនធនាគារ។

ឯកឧត្តម បានវាយតម្លៃខ្ពស់ចំពោះនាយកដ្ឋានអភិវឌ្ឍន៍ទីផ្សារ នៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម ដែលបានផ្តួចផ្តើមគំនិតរៀបចំកម្មវិធីដ៏មានសារៈសំខាន់នេះ។ ហើយធុរជនកម្ពុជា និងបរទេសទាំងអស់ ដែលបានចូលរួមកម្មវិធីនាពេលនេះ ដែលបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំ និងមានសារៈសំខាន់សម្រាប់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងធុរជនកម្ពុជា និងធុរជនបរទេសជាមិត្ត។

ឯកឧត្តម អ៊ុំ កុសល បានគូសបញ្ជាក់ថា កម្ពុជាទទួលបានសុខសន្តិភាព និងរក្សាបាននូវស្ថិរភាពនយោបាយ និងម៉ាក្រូសេដ្ឋកិច្ច ដោយមានអត្រាកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំជា មធ្យមក្នុងរង្វង់ ៧% (១៩៩៨-២០១៩) និងក្លាយទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាបក្នុង ឆ្នាំ២០១៥។ អត្រានៃភាពក្រីក្រត្រូវបានកាត់បន្ថយពី ៤៧.៨% ក្នុងឆ្នាំ២០០៧ មកនៅក្រោម ១០% ក្នុងឆ្នាំ២០១៩ ខណៈពេលដែលផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់ត្រូវបានគេប៉ាន់ ប្រមាណថា មានចំនួនប្រហែល ១ ៧០០ដុល្លារ ក្នុងឆ្នាំដដែល និងត្រូវបានធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ចាត់ទុកថាជា “ខ្លាសេដ្ឋកិច្ចថ្មីនៅអាស៊ី” កាលពីឆ្នាំ២០១៦។ រាជរដ្ឋាភិបាលក៏បានដាក់ចេញ នូវទស្សនវិស័យវែងឆ្ងាយ និងច្បាស់លាស់ ដើម្បីប្រែក្លាយកម្ពុជាទៅជាប្រទេសមានចំណូលមធ្យម កម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ខាងមុខនេះ។
បន្ថែមលើនេះ ច្បាប់វិនិយោគថ្មីរបស់កម្ពុជា មានគោលបំណងសម្រួលបរិយាកាសសម្រាប់អាជីវកម្ម និងការវិនិយោគ ដែលនឹងផ្តល់បរិយាកាសវិនិយោគកាន់តែអំណោយផល ដើម្បីទាក់ទាញអាជីវកម្មកាន់តែច្រើន ជាពិសេសក្រុមហ៊ុនដែលកំពុងផ្លាស់ប្តូរទីតាំងមកកាន់តំបន់អាស៊ាន។
ការចូលជាធរមាន នៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន (CCFTA) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ (CKFTA) ក៏ដូចជា កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម គឺជាសមិទ្ធិផលថ្មីៗ របស់កម្ពុជាសម្រាប់កំណើនសេដ្ឋកិច្ចជាតិ ជំរុញពាណិជ្ជកម្មទ្វេភាគី និងពហុភាគី ព្រមទាំងទាក់ទាញ ការវិនិយោគផ្ទាល់ពីបរទេស។ គួរជម្រាបថា ការប្រឈមនឹងបញ្ហាជាសកលនាពេលថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជាក៏បានបន្តរទ្វីបវិវត្តកម្ម ជាមួយនឹងការប្តេជ្ញាចិត្តដ៏ម៉ឺងម៉ាត់ ក្នុងការថែរក្សាការពារសន្តិភាព និងស្ថិរភាពនយោបាយ ដើម្បីធានា និងរក្សាបាននូវការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជា។ រាជរដ្ឋាភិបាលកម្ពុជា បានប្រែក្លាយប្រទេសកម្ពុជា ទៅជាប្រទេសមួយដែលល្បីល្បាញដោយសារការរីកចម្រើនយ៉ាងស្វាហាប់ ការអភិវឌ្ឍសង្គម និងការ គោរពលទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋ និងសិទ្ធិមនុស្ស៕