ភ្នំពេញ៖ ក្នុងរយះពេលប៉ុន្មានថ្ងៃនេះ ប្រជាពលរដ្ឋមួយចំនួន បានចាប់ផ្តើមនាំគ្នាធ្វើត្រីប្រហុក ផ្អកជាបណ្តើរៗហើយ ប៉ុន្តែមិនទាន់មានចំនួនច្រើននៅឡើយទេ។ ជាក់ស្តែងប្រជាពលរដ្ឋរស់នៅភ្នំពេញ ខេត្តកណ្តាល និងខេត្តកំពង់ឆ្នាំង បានអះអាងថា ត្រីប្រហុកចាប់ផ្តើមត្រូវជាបណ្តើរៗហើយ ប៉ុន្តែត្រីអាចនឹងត្រូវច្រើន នៅខ្នើតខែក្រោយ ។

បើតាមរដ្ឋបាលជលផល ត្រីចាប់ផ្តើមបន្លាស់ទី ចេញពីបឹងទន្លេសាប បឹង ស្ទឹង និងព្រែកនានា ចូលទន្លេសាប ទន្លេមេគង្គ និងទន្លេបាសាក់ ដែលអំណោយផល ដល់ការធ្វើនេសាទបានត្រីច្រើន ជាពិសេសគន្លងដាយត្រីតាមដងទន្លេសាប នៅក្នុងភូមិសាស្ត្រខេត្តកណ្តាល និងរាជធានីភ្នំពេញ។

ប្រជាពលរដ្ឋ ដែលបានទៅប្រមូលទិញត្រី សម្រាប់ធ្វើប្រហុក ផ្អក ត្រីឆ្អើរ នៅមណ្ឌលបែងចែកផលនេសាទគីឡូម៉ែត្រលេខ៩ ក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ បានឱ្យដឹងថា នៅឆ្នាំនេះ ត្រីប្រហុក ផ្អក សំបូរជាងឆ្នាំមុន ខណៈដែលតម្លៃ ប្រហាក់ប្រហែលនឹងឆ្នាំមុន គឺថ្លៃ ២០០០រៀល ក្នុងមួយគីឡូក្រាម។

ដោយឡែកលោក លី ឡា នាយខណ្ឌរដ្ឋបាលជល នៃមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់និងនេសាទ ខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា ពេលនេះអ្នកនេសាទ ចាប់បានត្រីធំច្រើនជាងត្រីប្រហុក ដូច្នេះប្រជាពលរដ្ឋ ដែលចុះមកធ្វើប្រហុក ផ្អក ត្រីឆ្អើរ ត្រីងៀត ត្រៀមទុកសម្រាប់ការបរិភោគប្រចាំឆ្នាំ នៅមិនទាន់ចុះមកច្រើននៅឡើយទេ។ លោកបញ្ជាក់ថាត្រីប្រហុកអាចនឹងត្រូវច្រើន នៅខ្នើតខែក្រោយ ហើយនៅពេលដែលត្រីត្រូវច្រើន ប្រជាពលរដ្ឋក៏ចុះមកធ្វើប្រហុក ផ្អក ច្រើនដែរ ។ ពីព្រោះកាលណាត្រីត្រូវច្រើនតម្លៃក៏ធូរថ្លៃ និងងាយស្រួលទិញ ។
អាជ្ញាធរ បានឲ្យដឹងថា ប្រជានេសាទ បានចេញបណ្តែតមង ដោយក្នុងមួយថ្ងៃ ចាប់ត្រីបានចន្លោះពីជាង ២០គីឡូក្រាម ក្នុង១ក្បាលទូកក្នុងចំណោមទូកសរុបចំនួន ៧៥០ក្បាលទូក ដែលមានដូចជា ត្រីរៀល,ត្រីក្អែក ,ត្រីចង្វា និងត្រីស្លឹកឬស្សី ហើយចំពោះតម្លៃលក់ ចន្លោះពី ៨០០រៀល ទៅ១ ២០០ រៀល។ សម្រាប់ត្រីធំ មងក្រឡាចាប់៦.១២ សង់ទីម៉ែត្រ មាន៣៥០ ក្បាលទូក គឺចាប់ត្រីបានចន្លោះពី៥ ទៅ១០ គីឡូក្រាម ក្នុង១ថ្ងៃ ។ ក្នុងនោះ មានត្រីច្រកែង ,ត្រីឆ្ពិន ,និងត្រីឆ្កោក ចំពោះតម្លៃចន្លោះពី ៤ ០០០រៀល ទៅ៦ ០០០រៀល។ ប្រជាពលរដ្ឋ ដែលចុះមកធ្វើប្រហុក ផ្អក ត្រីឆ្អើរ ត្រីងៀត នៅតាមតំបន់នានា ក្នុងខេត្តកំពង់ឆ្នាំង ភាគច្រើនមកពីខេត្តកណ្តាល កំពង់ស្ពឺ ព្រៃវែង កំពង់ចាម ត្បូងឃ្មុំជាដើម។
គួរបញ្ជាក់ថា កាលពីឆ្នាំ២០២២ ទិន្នផលត្រី មានចំនួន ១៣០០០តោន ហើយនៅឆ្នាំ២០២៣នេះ ផលនេសាទដាយត្រីរំពឹងថា នឹងកើនដល់ ១៣ ៦៥០តោន៕