Tuesday, March 4, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សកម្មភាពបរិច្ចាគឈាមដោយស្ម័គ្រចិត្តរបស់ក្រសួង ស្ថាប័ន ក្រុមហ៊ុន និងប្រជាពលរដ្ឋ ចាប់ផ្តើមផុល ផុសបណ្តើរៗ

ភ្នំពេញ៖ ធនាគារ អេស៊ីលីដា ភីអិលស៊ី បានប្រកាសជាផ្លូវការនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣នេះថា ថ្នាក់ដឹកនាំ និងកម្មករនិយោជិតធនាគារ អេស៊ីលីដា គ្រប់លំដាប់ថ្នាក់ នៅការិយាល័យកណ្តាល និងសាខាជុំវិញរាជធានីភ្នំពេញ បានចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ដើម្បីជួយសង្គ្រោះជនរងគ្រោះ និងអ្នកជំងឺដែលត្រូវការឈាម។

បើតាមធនាគារ អេស៊ីលីដា ការបរិច្ចាគឈាមនេះ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការជួយសង្គ្រោះជនរងគ្រោះ និងអ្នកជំងឺដែលត្រូវការឈាម ដើម្បីព្យាបាលជំងឺ។ ម្យ៉ាងវិញទៀត ការចូលរួមចំណែកក្នុងកិច្ចការសង្គមដ៏មានសារៈសំខាន់មួយនេះ កម្មករនិយោជិត ធនាគារ អេស៊ីលីដា បានចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្តចំនួន ០៦ដង រួចមកហើយ កាលពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១២ ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៦ ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៧ ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៨ ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩ និងថ្ងៃ០៦ ខែមីនា ឆ្នាំ២០២៣។

សម្រាប់រយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ បន្ទាប់ពី ស្ថានភាពជំងឺកូវីដ-១៩ បានធូរស្រាល ដូច្នេះនៅថ្ងៃនេះ ជាលើកទី ០៧ ហើយ ដែលកម្មករនិយោជិតធនាគារ អេស៊ីលីដា គ្រប់លំដាប់ថ្នាក់ នៅការិយាល័យកណ្តាល និងសាខាជុំវិញរាជធានីភ្នំពេញ សរុបចំនួន ១៧៨នាក់ ដោយក្នុងនោះស្ត្រីមានចំនួន ៦៩នាក់ បានបន្តចូលរួមបរិច្ចាគឈាម ដើម្បីរួមចំណែកក្នុងសកម្មភាពសង្គម និងមនុស្សធម៌ សម្រាប់បំពេញតម្រូវការកង្វះឈាមក្នុងការជួយសង្គ្រោះអាយុជីវិត ជូនដល់មជ្ឈមណ្ឌលជាតិផ្តល់ឈាម សម្រាប់ជួយសង្គ្រោះជនរងគ្រោះ និងអ្នកជំងឺដែលត្រូវការឈាមជាចាំបាច់ ជាពិសេសសម្រាប់ជួយជីវិតមនុស្ស ដែលត្រូវការសង្គ្រោះបន្ទាន់។ ដោយឡែក សម្រាប់កម្មករនិយោជិត ធនាគារ អេស៊ីលីដា នៅតាមបណ្តាសាខាខេត្ត សរុបចំនួន ៤១០នាក់ ក្នុងនោះស្រ្តីមានចំនួន ៩៣នាក់ ក៏បានចូលរួមបរិច្ចាគឈាមនៅតាមមន្ទីរពេទ្យបង្អែកនៃខេត្តនីមួយៗផងដែរ។

លោកស្រីវេជ្ជបណ្ឌិត មើក សាមាន អនុប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម បានមានប្រសាសន៍ថា សកម្មភាពបរិច្ចាគឈាមដោយស្ម័គ្រចិត្តរបស់ក្រសួង ស្ថាប័ន ក្រុមហ៊ុន និងប្រជាពលរដ្ឋ បានចាប់ផ្តើមផុលផុសបណ្តើរៗ ឡើងវិញហើយ បន្ទាប់ពីស្ថានភាពជំងឺកូវីដ-១៩ បានធូរស្រាលរួចមក។ សព្វថ្ងៃនេះ យើងមិនទាន់មានឈាម ដែលមានប្រភពពីអ្នកស្ម័គ្រចិត្ត គ្រប់គ្រាន់សម្រាប់ជួយសង្គ្រោះជីវិតមនុស្ស ដែលត្រូវការ ឈាមបន្ទាន់នៅឡើយទេ។

ក្នុងមួយថ្ងៃគ្រាន់តែនៅរាជធានីភ្នំពេញ ត្រូវការឈាមប្រមាណ ១៥០ប្លោក សម្រាប់ជួយសង្គ្រោះជនរងគ្រោះ និងអ្នកជំងឺ ហើយនៅទូទាំងប្រទេសត្រូវការឈាមប្រមាណ ២០០ប្លោក ជារៀងរាល់ថ្ងៃ ដូចនេះ យើងត្រូវការឈាមបន្ថែមទៀត ដើម្បីសង្គ្រោះជីវិតមនុស្សបន្ទាន់។ លោកស្រីវេជ្ជបណ្ឌិត បានជំរុញ និងអំពាវនាវទៅកាន់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ជាពិសេសក្រុមយុវជន មេត្តាចូលរួមបរិច្ចាគឈាម ដើម្បី យកទៅជួយជនរងគ្រោះ ដែលត្រូវការឈាមជាចាំបាច់ ហើយសកម្មភាពទាំងនេះ ពិតជាបានចូលរួមចំណែក យ៉ាងខ្លាំង លើការជួយសង្រ្គោះជីវិតមនុស្ស។

លោកស្រីវេជ្ជបណ្ឌិត បានថ្លែងបញ្ជាក់ថា បើសិនជាគ្មាន ការចូលរួមចំណែក ពីសប្បុរសជនស្ម័គ្រចិត្តទាំងឡាយនោះទេ មជ្ឈមណ្ឌលជាតិផ្តល់ឈាម និងមន្ទីរពេទ្យ ទាំងអស់ ព្រមទាំងគ្រួសារអ្នកជំងឺ ពិតជាមានការលំបាកដោយសារឈាមមានប្រភពពីក្នុងចំណោមប្រជាជន យើង ដូច្នេះ ការចូលរួមរបស់បងប្អូនពិតជាមានសារៈសំខាន់យ៉ាងខ្លាំងណាស់។  លោកស្រីវេជ្ជបណ្ឌិត ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះថ្នាក់ដឹកនាំ និងកម្មករនិយោជិតធនាគារ អេស៊ីលីដា ភីអិលស៊ី គ្រប់លំដាប់ថ្នាក់ ដែលបានបរិច្ចាគឈាមជូនមជ្ឈមណ្ឌលជាតិផ្តល់ឈាម ដើម្បីជួយសង្រ្គោះដល់ជនរងគ្រោះដែលត្រូវការឈាមជាចាំបាច់នោះ៕