ភ្នំពេញ ៖ ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានបញ្ជាក់ថា ក្នុងអំឡុងខែកក្កដា មានមន្ត្រីប្រកាសទ្រព្យសម្បត្តិ និងបំណុលចំនួន២០៧នាក់ ទទួលពាក្យប្តឹង ៤២ពាក្យ ជាពិសេសអង្គភាពបានទាក់ទងភ្លាមទៅក្រសួង ស្ថាប័ន សាមីខ្លួនរងការចោទប្រកាន់ ធ្វើការបំភ្លឺចំនួន១៨ករណី បើកបន្ទប់ស្តាប់ចម្លើយចំនួន២៥លើក ។
បើតាមសេចក្តីជូនដំណឹងស្តីពីកិច្ចប្រជុំលើកទី៣៧ អាណត្តិទី២ នៃក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ (ក.ជ.ប.ព.) នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨ នាប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោកតុប សំ ប្រធានក្រុមប្រឹក្សាជាតិអំពើពុករលួយ បានវាយតម្លៃខ្ពស់ និងកោតសរសើរអង្គភាពប្រឆាំងអំពើពុករលួយ ចំពោះដំណើរការ ការងារក្នុងខែកក្កដា បានយ៉ាងសកម្ម ដូចខែមុនៗដែរ ទាំងការងារអបំរំ បង្ការ ទប់ស្កាត់ និងការស៊ើបអង្កេត ដែលមានការស៊ើបអង្កេត ការប្រកាសទ្រព្យសម្បត្តិ និងបំណុល ការដេញថ្លៃ ការទទួលពាក្យប្តឹង និងដោះស្រាយឆ្លើយតបទៅម្ចាស់បណ្តឹង ទាន់ពេលវេលា និងការងារសង្កេតការណ៍ ជាដើម។
លោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង បានរាយការណ៍អំពីសកម្មភាពការងារ របស់អង្គភាពប្រឆាំងអំពើពុករលួយ ក្នុងអំឡុងខែកក្កដា ឆ្នាំ២០១៨ គឺបានទទួលការប្រកាសទ្រព្យសម្បត្តិ និងបំណុលសរុបចំនួន ២០៧នាក់ ដែលក្នុងនោះ អ្នកទើបទទួលបានការតែងតាំងថ្មីមានចំនួន១៩១នាក់ ។ បានទទួលពាក្យប្តឹងចំនួន ៤២ពាក្យ (អនាមិក ១៩ ស្នើនឹង៤៥ភាគរយ) ហើយអង្គភាពបានទាក់ទងភ្លាមទៅក្រសួង ស្ថាប័ន សាមីខ្លួនរងការចោទប្រកាន់ ធ្វើការបំភ្លឺចំនួន១៨ករណី។ អង្គភាពបានឲ្យសាមីខ្លួនរងការចោទប្រកាន់ ធ្វើការបំភ្លឺចំនួន២១លិខិត និងបានឆ្លើយតបទៅម្ចាស់បណ្តឹងចំនួន២៩ម្ចាស់បណ្តឹង ក្រោយពិចារណាថាពាក្យប្តឹងរបស់គាត់មិនពាក់ព័ន្ធដល់សមត្ថកិច្ចអង្គភាពប្រឆាំងអំពើពុករលួយទេ ។ បានបើកបន្ទប់ស្តាប់ចម្លើយចំនួន២៥លើក ។ បានស្រាវជ្រាវអត្តសញ្ញាណមន្ត្រីរាជការដែលទទួលរងបណ្តឹងចំនួន១៧ករណី។ ចូលរួមសង្កេតការណ៍ ការដេញថ្លៃ ពិគ្រោះថ្លៃ និងវាយតម្លៃគម្រោង ចំនួន១៥២លើក ។ បានចូលរួមកិច្ចប្រជចុំលើកទី២១ របស់ក្រុមការងារអាស៊ីប៉ាស៊ីហ្វិកប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម APG នៅប្រទេសនេប៉ាល់ ៕ ដោយ ៖ កូឡាប