Tuesday, March 4, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា នៅពុំទាន់មានកិច្ចព្រមព្រៀងស្តីពីការបញ្ជូនពលករពីកម្ពុជាទៅធ្វើការនៅប្រទេសអ៉ីស្រាអែលនោះទេ

ភ្នំពេញ៖ ដើម្បីបង្ការនូវការឆបោករបស់ជនខិលខូច ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានកិត្តិយសសូមជម្រាបជូនដំណឹងដល់សាធារណជនឱ្យបានជ្រាបថា កម្ពុជានៅពុំទាន់មានកិច្ចព្រមព្រៀងស្តីពីការបញ្ជូនពលករពីកម្ពុជាទៅធ្វើការនៅប្រទេសអ៉ីស្រាអែលនោះទេ ដោយបច្ចុប្បន្ន ក្រសួងកំពុងធ្វើការជាមួយភាគីអ៉ីស្រាអែល ដើម្បីពិភាក្សាលើសេចក្តីព្រាងអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការជ្រើសរើស និងការបញ្ជូនពលករ។

ក្នុងករណីបានឃើញ ឬមានការផ្សព្វផ្សាយជ្រើសរើសពលករទៅបម្រើការងារនៅប្រទេសអ៉ីស្រាអែលក្នុងរូបភាពណាក៏ដោយ សូមមេត្តាជូនដំណឹង ឬរាយការណ៍មកកាន់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈតាមរយៈ Hotline ១២៩៧ ជាបន្ទាន់ ដើម្បីអាចឱ្យក្រសួងពិនិត្យ និងចាត់វិធានការតាមផ្លូវច្បាប់។

អាស្រ័យដូចបានជម្រាប់ជូនខាងលើ សូមសាធារណជនមេត្តាជ្រាប និងបង្កើនការប្រុងប្រយ័ត្នខ្ពស់ដោយចៀសវាងការចាញ់បោកជនឆ្លៀតឱកាស។

ជាមួយគ្នានេះ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបនណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា មុននេះ ខ្ញុំទើបទទួលបានព័ត៌មានអំពីក្មួយៗ និងប្អូនៗករណី បុគ្គលមួយរូបដែលមានឈ្មោះក្នុងតេលេក្រាមថា MEAN Sodara បានបង្កើតតេលេក្រាមកាណាល់ឈ្មោះ “ISRAEL WORK 2024” និងកាណាល់ “ក្រុមជ្រើសរើសពលករទៅធ្វើការនៅប្រទេសអ៊ីស្រអែល” ដើម្បីជ្រើសរើស និងបញ្ជូនពលករឱ្យទៅធ្វើការងារនៅប្រទេសអ៊ីស្រអែល ដោយខុសច្បាប់។

ខ្ញុំសូមបញ្ចាក់ជូនសាធារណជនថា បច្ចុប្បន្នកម្ពុជាមិនទាន់បានចុះកិច្ចព្រមព្រៀងក្នុងការបញ្ជូនពលករទៅធ្វើការនៅប្រទេសអ៊ីស្រអែលនៅឡើយ ពោលគឺយើងកំពុងស្ថិតនៅក្នុងដំណាក់កាលពិភាក្សាគ្នានៅឡើយ ដូច្នេះការចេញទៅធ្វើការនៅប្រទេសអ៊ីស្រអែលតាមរយៈមេខ្យល់ ឬរូបភាពក្លែងបន្លំឯកសារជាសិស្ស ឬជានិស្សិត គឺជាករណីខុសច្បាប់ និងជាបទល្មើសនៃការជួញដូរមនុស្ស។

ហេតុដូច្នេះ សូមសាធារណជនមេត្តាជ្រាប និងប្រុងប្រយ័ត្នកុំចាញ់បោកបុគ្គល MEAN Sodara ឬខ្លឹមសារដែលបានផ្សព្វផ្សាយនៅតេលេក្រាមកាណល់ “ISRAEL WORK 2024” និងកាណាល់ “ក្រុមជ្រើសរើសពលករទៅធ្វើការនៅប្រទេសអ៊ីស្រអែល” ឱ្យសោះ។ ក្រសួង កំពុងធ្វើការជាមួយគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្សដើម្បីចាត់វិធានការណ៍ដល់បុគ្គលពាក់ព័ន្ធ។

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនឹងធ្វើការជូនដំណឹងជាសាធារណៈនៅពេលដែលកម្ពុជាមានកិច្ចព្រមព្រៀង និងយន្តការគ្រប់គ្រង ការពារ និងគាំពារពលករនៅប្រទេសអ៊ីស្រអែលជាផ្លូវការ៕