Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា ទទួលបានការវិនិយោគផ្ទាល់ពីបរទេសក្នុងទំហំទឹកប្រាក់ ៣,៧៣ពាន់លានដុល្លារ នៅឆ្នាំ២០២៣

ភ្នំពេញ៖ បើទោះបីជាស្ថានភាពសេដ្ឋកិច្ចពិភពលោក នៅតែស្ថិតក្នុងភាពមិនច្បាស់លាស់ក៏ដោយ ប៉ុន្តែឆ្នាំ២០២៣ រយៈពេលមួយឆ្នាំពេញ ប្រទេសកម្ពុជា បានទទួលលំហូរទុនវិនិយោគផ្ទាល់ពីបរទេស (FDI) ក្នុងទំហំទឹកប្រាក់សរុបប្រមាណ ៣,៧៣ ពាន់លានដុល្លារអាម៉េរិក ដែលមានកំណើនគួរឲ្យកត់សម្គាល់។​

បើយោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានឲ្យដឹងថា លំហូរទុនវិនិយោគផ្ទាល់ពីបរទេស ក្នុងឆ្នាំ ២០២៣ ភាគច្រើនមានប្រភពទុនពីប្រទេសចិន ស្មើនឹង ៦៦ភាគរយនៃទុនវិនិយោគសរុប បន្ទាប់មកតាមពីក្រោយដោយប្រទេសសិង្ហបុរី និងម៉ាឡេស៊ី ដែលមានចំណែក ២ភាគរយ ដូចគ្នា ខណៈដែលប្រភពវិនិយោគក្នុងស្រុក មានប្រមាណ ២៤ភាគរយ និងពីប្រទេសផ្សេងៗ មានប្រមាណ ៦%។

របាយការណ៍ខាងលើនេះ បានបង្ហាញទៀតថា ប្រភពទុនវិនិយោគផ្ទាល់ពីបរទេសភាគច្រើនទៅលើគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ រួមមានគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត គម្រោងលើវិស័យផលិតថាមពលអគ្គិសនី និងគម្រោងបង្កើតរោងចក្រវាយនភណ្ឌកាត់ដេរ ស្បែកជើង និងកាបូបធ្វើដំណើរ និងរោងចក្រគ្រឿងបង្គុំអេឡិចត្រូនិក បរិក្ខាអគ្គិសនី រោងចក្រផ្គុំយានយន្ត និងរោងចក្រឧស្សាហកម្មធន់ធ្ងន់ផ្សេងៗមួយចំនួនទៀត។

បើពិនិត្យមើលរបាយការណ៍គម្រោងវិនិយោគ ក្នុងឆ្នាំ ២០២៣កន្លងទៅថ្មីៗនេះ គម្រោងវិនិយោគភាគច្រើន មានទីតាំងស្ថិតក្នុងខេត្តកំពង់ស្ពឺ (២៨%) ហើយគម្រោងវិនិយោគមួយចំនួនទៀតបានប្រមូលផ្តុំនៅរាជធានីភ្នំពេញ (១៦) និងខេត្តជុំវិញរាជធានីភ្នំពេញ គឺខេត្តកណ្តាល (១៥%) និងខេត្តតាកែវ (៧%) និងនៅតាមបណ្តាខេត្តដែលមានការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស គឺខេត្តស្វាយរៀង (១៦%) និងខេត្តព្រះសីហនុ (១១%)។

បើតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅឆ្នាំ ២០២៣ កម្ពុជា បានអនុម័តលើគម្រោងវិនិយោគសរុបប្រមាណ ២៦៨គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ ៤,៩២ពាន់លានដុល្លារអាម៉េរិក កើនឡើង ២២ភាគរយ បើធៀបនឹងឆ្នាំ ២០២២ ដែលកាលនោះមានទឹកប្រាក់សរុបប្រមាណ ៤,០៣ពាន់លានដុល្លារអាម៉េរិក ជាមួយគម្រោងសរុប ១៨៦គម្រោង៕

បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងឆ្នាំ២០២៣ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងថ្មី ចំនួន២៤៧ និងគម្រោងពង្រីកផលិតកម្មចំនួន២១ ហើយក្នុងនោះគម្រោងវិនិយោគចំនួន៧១ ត្រូវបានបណ្តាក់ទុនវិនិយោគ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស។ គម្រោងទាំងនេះ មានទុនវិនិយោគសរុបប្រមាណជិត ៤,៩ពាន់លានដុល្លារអាមេរិក និងអាចបង្កើតការងារបានប្រមាណ ៣០៧.០០០កន្លែង។

បន្ថែមពីនោះទៀត ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានគូសបញ្ជាក់ថា ចំនួនគម្រោងវិនិយោគ ក្នុងវិស័យឧស្សាហកម្ម បានចូលរួមចំណែកដល់ទៅប្រមាណ ៩២% នៃចំនួនគម្រោងវិនិយោគសរុប ខណៈទុនវិនិយោគប្រមាណ ៤៦% បានមកពីវិស័យនេះ។

ដោយឡែក វិស័យហេដ្ឋារចនាសម្ព័ន្ធ និងផ្សេងៗ ដែលមានតែប្រមាណ ២,៦% នៃចំនួនគម្រោងវិនិយោគសរុប បានចូលរួមចំណែកដល់ទៅប្រមាណ ៤៤% នៃទុនវិនិយោគសរុប ដោយសារចរិតនៃការវិនិយោគក្នុងវិស័យនេះ ត្រូវការទុនវិនិយោគច្រើន។ ជារួម រំហូរទុនវិនិយោគឯកជននៅឆ្នាំ២០២៣ មានការកើនឡើងគួរឲ្យកត់សម្គាល់ ក្នុងរង្វង់ប្រមាណ ២២% ធៀបនឹងឆ្នាំ ២០២២។

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានកត់ត្រាថា រំហូរទុនវិនិយោគក្នុងឆ្នាំ ២០២៣ ភាគច្រើនមានប្រភពមកពីប្រទេសចិន (៦៦%) តាមពីក្រោយដោយវិនិយោគក្នុងស្រុក (២៤%) សិង្ហបុរី (២%) ម៉ាឡេស៊ី (២%) និងផ្សេងៗ (៦%)។

គម្រោងវិនិយោគធំៗ នៅក្នុងឆ្នាំ២០២៣ រួមមាន៖  គម្រោងវិនិយោគសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត តាមរូបភាពសាងសង់-ប្រតិបត្តិការ-ផ្ទេរ (BOT) ឆ្លងកាត់រាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តព្រៃវែង និងខេត្តស្វាយរៀង ក្នុងទុនវិនិយោគចំនួន ប្រមាណ ១,៤ពាន់លានដុល្លារអាម៉េរិក។

គម្រោងសាងសង់វារីអគ្គិសនីស្ទឹងឫស្សីជ្រុំកណ្តាល អានុភាព ៧០មេហ្គាវ៉ាត់ ស្រុកមណ្ឌលសីមា និង គម្រោងសាងសង់វារីអគ្គិសនីវាលថ្មកំបុត អានុភាព ១០០មេហ្គាវ៉ាត់ ស្រុកថ្មបាំង ខេត្តកោះកុង តាមរូបភាព សាងសង់-ប្រតិបត្តិការ-ផ្ទេរ (BOT) ក្នុងទុនវិនិយោគប្រមាណ ៤៤៧,៥លានដុល្លារអាម៉េរិក និងគម្រោងអភិវឌ្ឍន៍ស្ថានីយ៍ផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យ អានុភាព ១៥០មេហ្គាវ៉ាត់ ជាមួយប្រព័ន្ធផ្ទុកថាមពលអគ្គិសនីខេត្តពោធិ៍សាត់ ស្ថិតនៅស្រុកក្រគរ ខេត្តពោធិ៍សាត់ ក្នុងទុនវិនិយោគ ប្រមាណ ១៦៣,៨លានដុល្លារអាម៉េរិក។

លើសពីនេះ គម្រោងបង្កើតរោងចក្រផលិតសំបកកង់យានយន្ត ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស យូ ប៊ី អឺ ស្នូល ខេត្តក្រចេះ ក្នុងទុនវិនិយោគចំនួន ១៣៨លានដុល្លារអាម៉េរិក​ និងគម្រោងបង្កើតរោងចក្រផលិតស៊ីម៉ង់ត៍ ស្ថិតនៅស្រុករតនមណ្ឌល ខេត្តបាត់ដំបង ក្នុងទុនវិនិយោគ ប្រមាណ ៩៥លានដុល្លារអាម៉េរិក ព្រមទាំងគម្រោងអភិវឌ្ឍន៍អនុស្ថានីយ៍ និងខ្សែបញ្ជូនថាមពលអគ្គិសនីតង់ស្យុងខ្ពស់ ២៣០គីឡូវ៉ុល ពីខេត្តកំពង់ចាម ទៅខេត្តក្រចេះ ក្នុងទុនវិនិយោគប្រមាណ ៩១,២លានដុល្លារអាម៉េរិក៕

×