Tuesday, March 4, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

និយ័តករមូលបត្រកម្ពុជា រំពឹងថា ឆ្នាំ២០២៤នេះ វិនិយោគិនកាន់តែច្រើនឡើង សម្លឹងមករកវិស័យទីផ្សារមូលបត្រកម្ពុជា

ភ្នំពេញ៖ និយ័តករមូលបត្រកម្ពុជា នៅតែជឿជាក់យ៉ាងមុតមាំថា វិនិយោគិនកាន់តែច្រើនឡើង បានសម្លឹង មករកវិស័យទីផ្សារមូលបត្រកម្ពុជា បើទោះជានៅក្នុងរយៈពេលថ្មីៗនេះ ទំហំនៃការជួញដូរខ្លះបានថមថយក៏ដោយ ប៉ុន្តែពួកគេនៅតែទទួលបានប្រាក់ចំណេញដដែល ដែលជាកត្តាលើកទឹកចិត្តឲ្យពួកគេធ្វើការជួញដូររឹតតែសកម្មនៅក្នុងឆាំ២០២៤នេះ។

និយ័តករមូលបត្រកម្ពុជា បានបង្ហាញថា បច្ចុប្បន្ននៅដើមឆ្នាំ២០២៤នេះ មានវិនិយោគិនចំនួន ៤ម៉ឺន ៧ពាន់នាក់ ដែលកើនជាង ១ម៉ឺន ៧ពាន់នាក់ ដូច្នេះមានការចាប់អារម្មណ៍កាន់តែច្រើនឡើងៗពី១ឆ្នាំ ទៅ១ឆ្នាំ ទោះបីជាទំហំនៃការជួញដូរមានបញ្ហាខ្លះនៅក្នុងឆ្នាំ ២០២៣ ដែលវាមិនជាបញ្ហាដែលបានកើតឡើងចេញពីកម្ពុជានោះទេ ប៉ុន្តែវាជាបញ្ហាដែលបានកើតឡើងមកពីវិបត្តជាសកល ដោយបានជះឥទ្ធិពលទៅលើគ្រប់ប្រទេសទាំងអស់។

ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា បានមានប្រសាសន៍ថា រយៈពេលពេញ ១ឆ្នាំកន្លងមកនេះ នៅក្នុងឆ្នាំ២០២៣ មានក្រុមហ៊ុនចំនួន៥ ដែលបានចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា គឺជាច្រើនជាងឆ្នាំណាៗទាំងអស់ ដូច្នេះបើយើងនិយាយពីកំណើនអ្នកចុះឈ្មោះដើម្បីក្លាយទៅជាវិនិយោគិននៅក្នុងទីផ្សារមួយនេះ គឺមានកំណើនលើសពីជាង ១ម៉ឺននាក់នៅក្នុងឆ្នាំ ២០២៣។

ឯកឧត្តម បានបន្ថែមទៀតថា ទីផ្សារមូលបត្រ គឺជាច្រកវិនិយោគដ៏សំខាន់មួយផ្សេងទៀត ដែលផ្តល់ឱកាសដល់ប្រជាជនកម្ពុជា ក្នុងការវិនិយោគជាមួយនឹងដើមទុនតិចតួច ប៉ុន្តែអាចពង្រីកនូវសំណុំវិនិយោគរបស់ខ្លួន ដើម្បីបង្កើនចំណូលអកម្មបន្ថែម ប្រកបដោយជំនឿទុកចិត្ត។ នៅក្នុងឆ្នាំ ២០២៤ ផ្សារមូលបត្រកម្ពុជា នឹងទទួលបានគណនីជួញដូរថ្មីចំនួន ៥០ពាន់គណនី ឬកើនឡើង ១០០% បើប្រៀបធៀបទៅនឹងគណនីជួញដូរសរុបក្នុងទសវត្សរ៍កន្លងមក ខណៈតម្លៃនៃការជួញដូរជាមធ្យមប្រចាំថ្ងៃបច្ចុប្បន្នមានចំនួនច្រើនជាង ២០ម៉ឺនដុល្លារក្នុងមួយថ្ងៃចាប់តាំងពីដើមឆ្នាំ ២០២៣៕