ប្រធានសមាគមលើកកម្ពស់ម្រេចកំពត លោក ងួន ឡាយ បានឲ្យដឹងថា បរិមាណនាំចេញម្រេចឆ្នាំ២០២៣ គឺទាបជាងបន្តិច បើធៀបទៅនឹងបរិមាណ ដែលបាននាំចេញកាលពីឆ្នាំមុន ដោយសារការធ្លាក់ចុះនៃផលិតកម្ម។ លោក បានបន្តថា បរិមាណ ដែលទទួលយកបាន ដោយសារសមាគមលក់បានប្រហែលពី ១០០ ទៅ ១១០ តោន ក្នុងមួយឆ្នាំប៉ុណ្ណោះ។

លោក បានបន្តឲ្យដឹងទៀតថា ម្រេចប្រហែល ៨៥ ភាគរយ ត្រូវបានគេនាំចេញទៅអឺរ៉ុប ហើយ ១៥ ភាគរយទៀត ត្រូវបានលក់ទៅប្រទេសផ្សេងទៀត រួមមានសហរដ្ឋអាមេរិក កាណាដា ចិន ជប៉ុន និងកូរ៉េខាងត្បូង។

បើយោងតាមសហព័ន្ធម្រេច និងគ្រឿងទេសកម្ពុជា បានឲ្យដឹងថា តម្លៃម្រេចបច្ចុប្បន្ន ចន្លោះពី៣,០០០ ទៅ ៣,៥០០ ដុល្លារក្នុងមួយតោន។ ម្រេចកំពត មានបីប្រភេទគឺ ខ្មៅ ក្រហម និងស ដែលលក់ក្នុងតម្លៃ ១៥,០០០ ដុល្លារ, ២៥,០០០ ដុល្លារ និង ២៨,០០០ ដុល្លារក្នុងមួយតោន។ ម្រេចកំពត ជាផលិតផលសម្គាល់ភូមិសាស្ត្ររបស់ប្រទេសកម្ពុជាតាំងពីឆ្នាំ ២០១០ មានប្រជាប្រិយភាពខ្លាំងនៅលើទីផ្សារអឺរ៉ុប។

សមាគមលើកកម្ពស់ម្រេចកំពត បានបង្ហាញរបាយការណ៍ថា កម្ពុជា បាននាំចេញម្រេចកំពតចំនួន ១០៣ តោន កាលពីឆ្នាំមុន ដោយបានធ្លាក់ចុះ ១១ ភាគរយ បើធៀបនឹងឆ្នាំ២០២២។ ហើយបើតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញថា ប្រទេសកម្ពុជា បាននាំចេញម្រេចចំនួន ៦,១២៥ តោនកាលពីឆ្នាំមុន ដែលធ្លាក់ចុះ ២៦.៧ ភាគរយធៀបនឹងឆ្នាំ។ ម្រេចត្រូវបានដាំដុះលើផ្ទៃដី ៦, ៩៣៥ ហិកតាក្នុងប្រទេសកម្ពុជា ហើយម្រេចដែលល្បីខ្លាំងជាងគេគឺម្រេចនៅខេត្តកំពត៕
