ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា គិតត្រឹមឆ្នាំ២០២៣ កម្ពុជា មានរោងចក្រវិស័យវាយនភណ្ឌ កាត់ដេរផលិតស្បែកជើង និងផលិតផលធ្វើដំណើរ និងកាបូប ចំនួន ១៦៨០ រោងចក្រ និងមានកម្មករនិយោជិតជាង ៩១ម៉ឺននាក់ ដោយបានប្រាក់ឈ្នួលប្រចាំឆ្នាំប្រមាណ ២,៩ពាន់លានដុល្លារ។ ហើយគិតចាប់ពីឆ្នាំ១៩៩៧ រហូតត្រឹមបំណាច់ឆ្នាំ២០២៣ កម្ពុជា ទទួលបានគម្រោងវិនិយោគក្នុងការបង្កើតរោងចក្រសហគ្រាសសរុបចំនួន ៤០៨៤០ រោងចក្រសហគ្រាស និងមានកម្មករនិយោជិតសរុបប្រមាណ ១,៧លាននាក់។

ដើម្បីផ្តល់អត្ថប្រយោជន៍ដល់កម្មករនិយោជិក ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅឆ្នាំ២០២៤នេះ នឹងបញ្ជួនមន្ត្រីចុះស្រាវជ្រាវរករោងចក្រសហគ្រាស ឬក្រុមហ៊ុនណា ដែលមិនបានចុះបញ្ជី និងមិនបញ្ជូនឈ្មោះបុគ្គលិកទៅ ប.ស.ស ដែលជាហេតុធ្វើឱ្យពួកគាត់ទាំងនោះ មិនអាចទទួលបានការធានារ៉ាប់រងរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព ផ្នែកហានិភ័យការងារ និងផ្នែកប្រាក់សោធន រួមទាំងអត្ថប្រយោជន៍របបសន្តិសុខសង្គមផ្សេងៗជាច្រើនទៀត ដែលផ្ទុយពីច្បាប់ស្តីពីរបបសន្តិសុខសង្គម។

អ្នកនាំពាក្យក្រសួងការងារ និងជារដ្ឋលេខាធិការ ឯកឧត្តម កត្តា អ៊ន បានឲ្យដឹងនៅថ្ងៃនេះថា នៅពេលដែលក្រុមអធិការកិច្ចការងារ រកឃើញរោងចក្រសហគ្រាសណា ដែលលាក់បាំងបុគ្គលិក វាជារឿងមួយផ្ទុយទៅនឹងច្បាប់ការងារ ធ្វើឱ្យខាតប្រយោជន៍ដល់កម្មករនិយោជិត ពិសេសការទទួលបានរបបសន្តិសុខសង្គម។ អីចឹងហើយបានជាយើងតែងតែដាក់កំហិត ឬពិន័យចំពោះរោងចក្រនោះ ក្នុងករណីយើងដាក់វិន័យហើយ រោងចក្រសហគ្រាសនោះ មិនព្រមអនុវត្តតាមការណែនាំទៀត នោះយើងក៏អាចពិចារណា នឹងបញ្ជួនសំណុំរឿងទៅតុលាការដោះស្រាយតាមច្បាប់។

អ្នកនាំពាក្យក្រសួងការងារ បានអំពាវនាវដល់រោងចក្រសហគ្រាសទាំងអស់ ត្រូវគោរពច្បាប់ការងារឱ្យបានត្រឹមត្រូវដោយត្រូវបំពេញបែបបទ និងចុះបញ្ជិការោងចក្រសហគ្រាស និងចុះបញ្ជិកម្មករនិយោជិតរបស់ខ្លួន ដើម្បីចូលរួមគោរពច្បាប់ការងារក៏ដូចជាគិតគូរដល់ផលប្រយោជន៍កម្មករនិយោជិតទាំងអស់គ្នា។
ការអនុវត្តតាមផ្លូវច្បាប់ចំពោះក្រុមហ៊ុន សហគ្រាស គ្រឹះស្ថាន គឺដើម្បីឱ្យបុគ្គលិក ឬកម្មករនិយោជិតកំពុងបំពេញការងារក្នុងស្ថាប័នទាំងអស់នោះ ទទួលបានការគាំពារពេញលេញក្នុងន័យចូលរួមចំណែកកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ស្ថិរភាពសង្គម៕