ភ្នំពេញ ៖ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញជាអធិបតីបើកកិច្ចប្រជុំ ស្តីពីប្រព័ន្ធប្រកាសអាសន្នជាមុន ពីគ្រោះមហន្តរាយធម្មជាតិនានា ជាមួយប្រតិភូតំណាងក្រុមការងារហានិភ័យពីអាកាសធាតុ និងប្រព័ន្ធប្រកាសអាសន្នជាមុន (CREWS- Climate Risks and Early Warning Systems) អង្គការឧតុនិយមពិភពលោក(WMO) និងតំណាងមជ្ឈមណ្ឌលគ្រប់គ្រងគ្រោះមហន្តរាយអាស៊ី(ADPC) ដើម្បីកំណត់ទិសដៅយុទ្ធសាស្ត្រ និងទម្រង់ប្រតិបត្តិការនាពេលអនាគត ដែលជាផ្នែកដ៏សំខាន់មួយនៃការងារឧតុនិយម និងជលសាស្ត្រនៅទីស្តីការក្រសួង នាព្រឹកថ្ងៃចន្ទ ទី២២ ខែមករា ឆ្នាំ២០២៤ ។
ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងស្វាគមន៍ចំពោះគណៈប្រតិភូក្រុមការងារ CREWS, WMO និង ADPC ដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជា ក៏ដូចជាចូលរួមកិច្ចប្រជុំពិភាក្សាលម្អិតជាមួយក្រុមការងារ និងមន្រ្តីបច្ចេកទេសនៃក្រសួងធនធានទឹក និងឧតុនិយមពាក់ព័ន្ធនឹងការផ្តល់សេវាឧតុនិយម និងការព្យាករអាកាសធាតុ ក្នុងបរិបទប្រទេសកម្ពុជា និងបរិបទនៃការប្រែប្រួលអាកាសធាតុសកល។
ឯកឧត្តមរដ្ឋមន្ត្រីបានជម្រាបប្រាប់កិច្ចប្រជុំថា កម្ពុជាជាប្រទេសកំពុងអភិវឌ្ឍ និងជាប្រទេសងាយរងគ្រោះពីហានិភ័យនៃគ្រោះធម្មជាតិ ជាពិសេសទឹកជំនន់នារដូវវស្សា គ្រោះរាំងស្ងួតនារដូវប្រាំង ខ្យល់ព្យុះនិងខ្យល់កន្រ្តាក់ជាដើម។ ជាក់ស្តែង ពេលបច្ចុប្បន្ននេះប្រទេសកម្ពុជាកំពុងជួបប្រទះគ្រោះរាំងស្ងួតនិងប្រឈមការខ្វះទឹកស្រោចស្រពដំណាំស្រូវ ក្នុងពេលប្រជាកសិករបង្កបង្កើនផលស្រូវរដូវប្រាំងលើសផែនការកំណត់ ដែលតំបន់ខ្លះធ្វើលើសផែនការពី ២ទៅ៣ដង។
ទោះបីជាយ៉ាងណា ឯកឧត្តមរដ្ឋមន្ត្រីបញ្ជាក់ថា ក្រសួងធនធានធានទឹក និងឧតុនិយម រួមជាមួយអាជ្ញាធរពាក់ព័ន្ធទាំងថ្នាក់ជាតិ និងនៅមូលដ្ឋានភូមិឃុំ ក្រោមការដឹកនាំប្រកបដោយភាពបត់បែន ឈ្លាសវៃ និងប៉ិនប្រសប់ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងខិតខំយ៉ាងសស្រាក់សស្រាំ ក្នុងការអន្តរាគមន៍បូមទឹកសង្រ្គោះស្រូវរដូវប្រាំងរបស់ប្រជាកសិករ ដែលកំពុងប្រឈមខ្វះទឹក សំដៅជួយកាត់បន្ថយនូវការខូចខាតឱ្យបានជាអតិបរមា។
ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រីមានប្រសាសន៍ថា វត្តមានរបស់ CREWS នាឱកាសនេះនឹងជួយដល់កិច្ចសហការក្នុងវិស័យឧតុនិយម ឱ្យកាន់តែមានភាពល្អប្រសើរឡើង លើការព្យាករឧតុនិយម ទាំងរដូវវស្សា និងរដូវប្រាំង ជាពិសេស ការពង្រឹងលើប្រព័ន្ធប្រកាសអាសន្ន និងការជូនដំណឹងជាមុនដល់ប្រជាពលរដ្ឋងាយរងគ្រោះឱ្យត្រៀមលក្ខណៈប្រុងប្រយ័ត្ន ឈានទៅកាត់បន្ថយបាននូវគ្រោះមហន្តរាយធម្មជាតិនានា និងកាត់បន្ថយបានការខាតបង់ធ្ងន់ធ្ងរផ្នែកសេដ្ឋកិច្ច។
ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា ពិភពលោកទាំងមូលបាននិងកំពុងប្រឈមចំពោះការប្រែប្រួលអាកាសធាតុដែលបង្កជាការឡើងកម្តៅនៃភពផែនដី ការកើនឡើងនីវ៉ូទឹកសមុទ្រ និងការជ្រាបចូលនៃទឹកប្រៃ (SEA level rise and Salinity intrusion) ដែលនឹងជះឥទ្ធិពលលើជីវិតទាំងអស់ដែលមាននៅលើភពផែនដី ជាពិសេស មនុស្ស សត្វ និងរុក្ខជាតិ ដែលផលវិបាកនៃការប្រែប្រួលអាកាសធាតុទាមទារឱ្យមានការយកចិត្តទុកដាក់ខ្ពស់ពីគ្រប់ដៃគូពាក់ព័ន្ធ ជាពិសេសស្ថាប័នរដ្ឋាភិបាល ដើម្បីធ្វើយ៉ាងណាស្វែងរកដំណោះស្រាយរួម និងឈានទៅកាត់បន្ថយបានគ្រោះមហន្តរាយធម្មជាតិទាំងនេះ។
ជាចុងក្រោយ ឯកឧត្តមរដ្ឋមន្ត្រីបានប្រគល់ភារកិច្ចជូន ឯកឧត្តម ប៉ុញ សច្ចៈ រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម ដើម្បីបន្តកិច្ចពិភាក្សាកម្រិតបច្ចេកទេសជាមួយ សមាជិក សមាជិកា CREWS, WMO និង ADPC ព្រមទាំងសម្របសម្រួលដំណើរទស្សនកិច្ចសិក្សាទៅកាន់ខេត្តត្បូងឃ្មុំ និងប្រទេសឡាវ នាពេលបន្ទាប់ ដើម្បីស្វែងយល់ និងប្រមូលនូវធាតុចូល សំដៅរៀបចំផែនការនិងស្នើគម្រោងសាកល្បងថ្នាក់តំបន់ឱ្យទទួលបានជោគជ័យ និងផ្លែផ្កាត្រចះត្រចង់ ជាប្រយោជន៍ដល់ប្រជាជនងាយរងគ្រោះ។
គួរបញ្ជាក់ថា ក្រសួងធនធានទឹក និងឧតុនិយម នាពេលកន្លងមកបានធ្វើកិច្ចសហការជាមួយអង្គការ CREWS លើគម្រោងមួយចំនួនដូចជា៖ ទី១)វគ្គបណ្តុះបណ្តាលមន្ត្រីនាយកដ្ឋានឧតុនិយម និងនាយកដ្ឋានជលសាស្ត្រ និងការងារទន្លេពីការផលិតផែនទីហានិភ័យគ្រោះរាំងស្ងួត និងទឹកជំនន់ ទី២)វគ្គបណ្តុះបណ្តាលពីការព្យាករធាតុអាកាស ផលប៉ះពាល់និងការផ្តល់ព័ត៌មានជាមុន ទី៣)វគ្គបណ្តុះបណ្តាលពីការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងទិន្នន័យអាកាសធាតុនិងជលសាស្ត្រ និងដំឡើងSoftware ប្រព័ន្ធគ្រប់គ្រងទិន្នន័យនៅលើServer នាយកដ្ឋានជលសាស្ត្រ និងការងារទន្លេ និង ទី៤)គម្រោងអភិវឌ្ឍប្រព័ន្ធព្យាករណ៍ទឹកជំនន់ និងផ្តល់ដំណឹងជាមុននៅអាងស្ទឹងព្រែកត្នោត ស្ទឹងសែន និងស្ទឹងពោធិ៍សាត់៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី