ភ្នំពេញ៖ លោកស្រី ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានឲ្យដឹងថា កម្ពុជារក្សាបានតម្លៃប្រាក់រៀលធៀបនឹងដុល្លារអាមេរិកឱ្យមានស្ថិរភាពល្អប្រសើរ ក្នុងឆ្នាំ២០២៣ ដោយមានអត្រាប្រែប្រួលទាបជាង ២%ប៉ុណ្ណោះ បើធៀបនឹងការប្រែប្រួលតម្លៃរូបិយប័ណ្ណនៅប្រទេសមួយចំនួន ដូចជា ប្រាក់យ៉េនជប៉ុនធ្លាក់ថ្លៃ ៩% យ៉ន់ចិនធ្លាក់ថ្លៃ ៦,៧% និងគីបឡាវធ្លាក់ថ្លៃ ២៩,៨% ក្នុងស្ថានភាពដែលប្រាក់ដុល្លារអាមេរិក បានឡើងថ្លៃក្រោមឥទ្ធិពលនៃការដំឡើង និងរក្សាអត្រាការប្រាក់គោលក្នុងកម្រិតខ្ពស់។ នេះបើតាមការអះអាងរបស់លោកស្រី ក្នុងឱកាសបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងទិសដៅការងារឆ្នាំ ២០២៤ របស់ធនាគារជាតិនៃកម្ពុជា នាថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០២៤។

លោកស្រី ជា សិរី បានថ្លែងថា ស្ថិរភាពអត្រាប្តូរប្រាក់ បានរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងជំនឿទុកចិត្តវិនិយោគិន គ្រប់គ្រងសម្ពាធអតិផរណាបានមួយផ្នែក ក៏ដូចជារក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច។ អត្រាប្តូរប្រាក់ ត្រូវបានសេដ្ឋវិទូ ចាត់ទុកជាសូចនាករមួយបង្ហាញពីសុខភាពសេដ្ឋកិច្ច ដូចដែលអតីតនាយកគ្រប់គ្រងរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ លោក Per Jacobson ធ្លាប់បានលើកឡើងថា «ការលើកកម្ពស់តម្លៃរូបិយវត្ថុជាតិឱ្យបានល្អ ជាការងារអាទិភាពនៃការកសាងមូលដ្ឋាន អភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ»។

គួរបញ្ជាក់ថា បើតាមលោកស្រីទេសាភិបាលធនាគារជាតិ ការរក្សាបានស្ថិរភាពអត្រាប្តូរប្រាក់រៀលធៀបនឹងដុល្លារអាមេរិក ជាចម្បងអាស្រ័យ ដោយការអនុវត្តនយោបាយរូបិយវត្ថុប្រកបដោយភាពប្រុងប្រយ័ត្ន តាមរយៈការគ្រប់គ្រងចរាចរណ៍ប្រាក់រៀលសមស្រប និងការធ្វើអន្តរាគមន៍លក់ប្រាក់ដុល្លារអាមេរិក នៅលើទីផ្សារ ប្តូរប្រាក់ តាមការចាំបាច់៕