Monday, March 3, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ធនាគារជាតិនៃកម្ពុជា៖ សេដ្ឋកិច្ចកម្ពុជា ត្រូវបានព្យាករណ៍ថា នឹងកើនឡើង ៦,៤ ភាគរយ នៅឆ្នាំ២០២៤នេះ

ភ្នំពេញ៖ លោកស្រីបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា នាឱកាសពិធីបិទកិច្ចប្រជុំប្រចាំឆ្នាំរបស់ធនាគារជាតិនៃកម្ពុជាកាលពីចុងសប្តាហ៍នេះ បានថ្លែងថា សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ត្រូវបានព្យាករណ៍ថា នឹងប្រឈមមុខនឹងហានិភ័យទាំងខាងក្នុង និងខាងក្រៅ នៅឆ្នាំ២០២៤នេះ ប៉ុន្តែទោះបីយ៉ាងណា លោកស្រីបណ្ឌិត បានឲ្យដឹងថា សេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករណ៍ថានឹងកើនឡើង ៦,៤ ភាគរយ នៅឆ្នាំ២០២៤ កើនឡើងពី ៥,៥ ភាគរយ នៅឆ្នាំ២០២៣ ដែលកំណើន​នេះ ភាគច្រើន ត្រូវបានជំរុញដោយវិស័យទេសចរណ៍ និងវិស័យកម្មន្តសាល។

លោកស្រីបណ្ឌិតទេសាភិបាល បានឱ្យដឹងទៀតថា ហានិភ័យខាងក្រៅ ដែលអាចកើតមាន រួមមាន៖ ការធ្លាក់ចុះនៃលំហូរពាណិជ្ជកម្មអន្តរជាតិ ការវិនិយោគ ក៏ដូចជាភាពមិនប្រាកដប្រជានៃទីផ្សារហិរញ្ញវត្ថុអន្តរជាតិ ខណៈដែលហានិភ័យខាងក្នុងអាចជាការស្ទុះងើបឡើងវិញយឺត ក្នុងវិស័យសំណង់ និងអចលនទ្រព្យ ដោយសារលំហូរនៃការវិនិយោគបរទេសទាប និងការប្រែប្រួលអាកាសធាតុ។

គួរបញ្ជាក់ថា​ បើតាមអ្នកជំនាញសេដ្ឋកិច្ចនៅកម្ពុជា បានឲ្យដឹងថា រាជរដ្ឋាភិបាល បច្ចុប្បន្នកំពុងចាត់វិធានការយ៉ាងសកម្ម ដើម្បីកែលម្អបរិយាកាសធុរកិច្ច ធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធ និងភស្តុភារកម្ម និងអភិវឌ្ឍធនធានមនុស្ស ជាពិសេសជំនាញអនុវត្តជាក់ស្តែង ដែលវិធានការទាំងនេះ នឹងពន្លឿនកំណើនសេដ្ឋកិច្ច នឹងជួយកម្ពុជាទទួលបានអត្ថប្រយោជន៍ពីភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន៕