Monday, July 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមមន្ត្រី និងប្រជាពលរដ្ឋមួយចំនួន បានសម្ដែងមតិមិនពេញចិត្ត ចំពោះការឃាត់ខ្លួន និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ លើមន្ត្រីអាវុធហត្ថស្រុកចិត្របុរីម្នាក់ ដែលបាញ់សត្វកុកជាសត្វសំបូរក្នុងព្រះរាជាណាចក្រកម្ពុជា

ភ្នំពេញ ៖ ក្រុមមន្ត្រី និងប្រជាពលរដ្ឋមួយចំនួន បានសម្ដែងមតិមិនពេញចិត្តចំពោះការអនុវត្តច្បាប់ដ៏តឹងរ៉ឹងពេកទៅលើមន្ត្រីកងរាជអាវុធហត្ថម្នាក់ ក្នុងរូបភាពបាញ់សត្វកុក (សត្វស្លាប) ដែលជាសត្វសំបូរមាននៅគ្រប់ទីកន្លែងក្នុងព្រះរាជាណាចក្រកម្ពុជា ដោយការផ្ដន្ទាទោស និងបណ្ដេញចេញពីក្របខ័ណ្ឌកងរាជអាវុធហត្ថនោះ ព្រោះថា ពិតមែនតែក្នុងច្បាប់បានហាមឃាត់ក្នុងការបរបាញ់សត្វកម្រក៏ពិតមែន ប៉ុន្តែក្រុមមន្ត្រីនគរបាលយុត្តិធម៌ គួរមានសុភវិនិច្ឆ័យចំពោះសត្វស្លាប (សត្វកុក) មួយនេះ តើវាជាសត្វកម្រ ឬជាសត្វដែលសំបូរនៅក្នុងព្រះរាជាណាចក្រកម្ពុជា?!

មន្ត្រីកងរាជអាវុធហត្ថដែលជ្រុលជ្រួសរំភើបនឹងការកម្សាន្តមួយពេល ភ្លេចគិតពីសីលធម៌ និងច្បាប់ហាមឃាត់ការបរបាញ់សត្វកម្រនេះ មានឈ្មោះ កង សុផាណារ័ត្ន ឋានន្ដរស័ក្តិ អនុសេនីយ៍ត្រី មុខងារជំនួយការមូលដ្ឋានកងរាជអាវុធហត្ថស្រុកចិត្របុរី ខេត្តក្រចេះ, លោក កង សុផាណារ័ត្ន បានធ្វេសប្រហែសសតិបញ្ញាមួយពេល គឺបាញ់សម្លាប់សត្វកុកនៅចំណុចបឹងរំលាច ភូមិស្រែស្ដៅ សង្កាត់អូរឫស្សី ក្រុងក្រចេះ ខេត្តក្រចេះ ស្រាប់តែត្រូវបានផ្ដន្ទាទោសធ្ងន់ធ្ងរ ស្ទើរតែស្មើនឹងទោសចោរកម្ម ឧក្រិដ្ឋកម្មទៅហើយ (គឺចំណាត់ការកសាងសំណុំរឿងបញ្ជូនទៅតុលាការនេះឯង)។

បើតាម ឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅល្ងាចថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ បានអោយដឹងថា ជនម្នាក់ ដែលបាញ់សត្វស្លាបដោយខុសច្បាប់ នៅចំណុចបឹងរំលាច ភូមិស្រែស្ដៅ សង្កាត់អូរឫស្សី ក្រុងក្រចេះ ខេត្តក្រចេះ ដែលត្រូវគេថតបាន ហើយបង្ហោះលើបណ្ដាញសង្គមនោះ ត្រូវកម្លាំងកងរាជអាវុធហត្ថខេត្តក្រចេះ ឃាត់ខ្លួនបានហើយកាលពិថ្ងៃអង្គារមុននេះ ហើយបានប្រគល់ទៅឱ្យខាងជំនាញរដ្ឋបាលព្រៃឈើ ចាត់ការតាមផ្លូវច្បាប់។

ឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានឱ្យដឹងថា នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ ស្ថាប័នកងរាជអាវុធហត្ថ បានឃើញបណ្ដាញព័ត៌មានសង្គម បង្ហោះអំពីសកម្មភាពបុរសម្នាក់បាញ់សត្វស្លាប (សត្វកុក) ដោយបុរសនោះ មានពាក់អាវយឺតពណ៌ត្រេអ៊ី អក្សរពីខាងក្រោយ “អ.ហ” ជិះរថយន្ដ ម៉ាកកាមរីបាឡែន ពាក់ស្លាកលេខ ភ្នំពេញ 2Q-7290 និងស្លាកសញ្ញាសម្គាល់រថយន្តចេញ-ចូលទីបញ្ជាការ “អ.ហ” ។

ស្ថាប័នកងរាជអាវុធហត្ថ ស្រាវជ្រាវរកឃើញថា «បុរសនោះ មានឈ្មោះ កង សុផាណារ័ត្ន ឋានន្ដរសក្តិ អនុសេនីយ៍ត្រី មុខងារជំនួយការមូលដ្ឋានកងរាជអាវុធហត្ថស្រុកចិត្របុរី នៃខេត្តក្រចេះ, បន្ទាប់ពីប្រព្រឹត្តបាញ់សត្វស្លាប (សត្វកុក) នៅបឹងរំលាចនោះរួចមក បុរសនេះ ត្រូវបានឃាត់ខ្លួនដោយកម្លាំងកងរាជអាវុធហត្ថខេត្តក្រចេះ» ចាត់ការតាមច្បាប់ហើយ។

អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជាក់ថា អនុវត្តតាមការដឹកនាំរបស់នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជំនាញមន្ត្រីនគរបាលយុត្តិធម៌ បានប្រគល់បុរសនោះ ជូនខាងជំនាញរដ្ឋបាលព្រៃឈើដើម្បីបន្តកសាងនីតិវិធីបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តក្រចេះ។

ក្រុមមន្ត្រី និងប្រជាពលរដ្ឋដែលសម្ដែងការបំពេញចិត្តចំពោះការអនុវត្តនីតិវិធីបែបនេះ ស្នើសុំមិនបញ្ចេញអត្តសញ្ញាណ បានលើកឡើងថា បើថា សត្វស្លាបពពួកសត្វក្រៀល សត្វត្មាត សត្វកងកេង សត្វឥន្ទ្រី-ស្ទាំង ត្រដក់ ចង្កៀលខ្យង… សត្វឈ្លូស រមាំង ក្ដាន់ ប្រើស ក្ដាន់ញ៉ែង ទន្សោង គោព្រៃ អីទៅ វាពិតជាសត្វកម្រ និងត្រូវបានច្បាប់ហាមឃាត់តឹងរ៉ឹង, អាចថា បើមានជនណាប្រព្រឹត្តបរបាញ់ ត្រូវមានទម្ងន់ទោសទៅតាមនីតិវិធី។ ប៉ុន្តែនេះជាសត្វស្លាប់ (សត្វកុក) ដែលសំបូរមាននៅស្ទើរគ្រប់កន្លែងទូទាំងព្រះរាជាណាចក្រកម្ពុជា, ហេតុអ្វី ធ្វើការពិន័យបែបកងកម្លាំង បែបរដ្ឋបាល មិនបានឬ?! មានគិតដែរទេ ឯការខិតខំតស៊ូរបស់គ្នាអស់ពេលជាច្រើនឆ្នាំទម្រាំឡើងមកដល់ឋានន្តរស័ក្ថិបែបនេះ ( អនុសេនីយ៍ត្រី មុខងារជំនួយការមូលដ្ឋានកងរាជអាវុធហត្ថស្រុកចិត្របុរី ខេត្តក្រចេះ) តើគ្នាបានលះបង់អ្វីខ្លះ…?! ឬមួយថា ពលិកម្មដែលគ្នាតស៊ូកន្លងមក ដើម្បីប្រជាពលរដ្ឋ សង្គមជាតិ និងរាជរដ្ឋាភិបាលនោះ មិនស្មើនឹងសត្វកុកមួយក្បាលឬ?!។

សូមរំលឹកបន្តិចថា កាលពីអំឡុងចុងខែតុលាឆ្នាំ២០២៣ មានបុរសម្នាក់ បានរត់ដេញវាយសម្លាប់សត្វឈ្លូសមួយក្បាលដែលធ្លាក់ទឹកសមុទ្រ នៅឆ្នេរកុកហាវ ភូមិពាមកាយ ឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង ហើយដំបូងឡើយ ត្រូវបានស្ថាប័នផ្សេងៗ ជាពិសេសអាជ្ញាធរខេត្តកោះកុងផ្ទាល់តែម្ដង ប្រកាសថ្កោលទោសយ៉ាងខ្លាំង, ប៉ុន្តែក្រោយមកក៏ត្រូវបានសម្របសម្រួលដោះលែងវិញ ដោយសារតែបុរសនោះ គាត់មិនបានយល់ដឹងអំពីផ្លូវច្បាប់ និងគាត់អាចភ្លេចសតិស្មារតីមួយភាំង ទើបញ៉ាំងឱ្យគាត់ដេញវាយសត្វឈ្លូស, ត្រង់នេះប្រជាពលរដ្ឋ និងក្រុមមន្ត្រីមួយចំនួន ក៏ចង់បានសុភវិនិច្ឆ័យពីស្ថាប័នកងរាជអាវុធហត្ថ , ពីស្ថាប័នតុលាការ ចំពោះមន្ត្រីកងរាជអាវុធហត្ថខាងលើផងដែរ…

ជាក់ស្ដែងណាស់ និងជាការពិតដែលមិនអាចគេចផុត គឺថា កំហុសកម្រិតស្រាល គឺក្នុងមួយឆាកជីវិតមនុស្ស គ្មាននរណាម្នាក់ចៀសផុតនោះទេ, ហើយក៏អាចធ្វើខុសច្រំដែលៗច្រើនដងទៀតផង ប៉ុន្តែអ្វីដែលសំខាន់ តើគេភ្ញាក់ខ្លួនដែរឬទេ? តើគេអាចកែខ្លួនដែរឬក៏អត់?!៕ រក្សាសិទ្ធដោយ ៖ ពិសិដ្ឋ CEN

×