Monday, July 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងអប់រំ ប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ ” ស្តង់ដារសាលារៀនគំរូ ” ចាប់ពីកម្រិតមត្តេយ្យសិក្សាដល់កម្រិតមធ្យមសិក្សាទុតិយភូមិ

រាជធានីភ្នំពេញ ÷ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសជាផ្លូវការ ដាក់ឱ្យអនុវត្ត ” ស្តង់ដារសាលារៀនគំរូ ” ក្នុងរាជធានីភ្នំពេញ ដែលតម្រូវឱ្យសាលារៀនគំរូ ផ្សោតលើលទ្ធផលសិក្សារបស់សិស្ស , ការយកចិត្តទុកដាក់របស់សិស្ស និងកំណត់យកលទ្ធផលសិក្សារបស់សិស្សជាគោល ដោយប្រើប្រាស់យន្តការ ពីលើចុះក្រោម និងពីក្រោមទ្បើងលើ។

ការប្រកាសជាផ្លូវការ ដាក់ឱ្យអនុវត្ត ” ស្តង់ដារសាលារៀនគំរូ ” របស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន នេះ ធ្វើឡើងនាព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តស្តង់ដារសាលារៀនគំរូនេះតែម្ដង។ ដោយឯកឧត្តមបង្ហាញថា នេះជាការឆ្លើយតបនឹងស្មារតីនៃកិច្ចប្រជុំដំបូងរបស់គណៈរដ្ឋមន្ត្រី នីតិកាលទី៧នៃរដ្ឋសភា ដែលបានដាក់ចេញវិធានការគន្លឹះចំនួន ៤ ក្នុងគោលដៅពង្រឹងគុណភាពគ្រឹះស្ថានសិក្សារដ្ឋ ចាប់ពីថ្នាក់មត្តេយ្យសិក្សាដល់មធ្យមសិក្សាកម្រិតខ្ពស់។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានបញ្ជាក់ថា ការប្រកាស ” ស្តង់ដារសាលារៀនគំរូ ” នេះ ក្នុងគោលដៅពង្រឹងគុណភាពគ្រឹះស្ថានសិក្សារដ្ឋ ចាប់ពីថ្នាក់មត្តេយ្យសិក្សាដល់មធ្យមសិក្សា រួមមាន ៖ ការពង្រឹងអភិបាលកិច្ចសាលារៀន, ការពិនិត្យ កែសម្រួល និងរៀបចំកម្មវិធីសិក្សា, និងសកម្មភាពក្រៅម៉ោងសិក្សាឱ្យស្របទៅតាមតម្រូវការក្នុងការពង្រឹងចំណេះដឹង, វិន័យ, សីលធម៌ និងឥរិយាបថរបស់សិស្ស, ការយកចិត្តទុកដាក់លើសុខភាពរបស់សិស្ស តាមរយៈកម្មវិធីអាហារូបត្ថម្ភដល់កុមារ និងការត្រួតពិនិត្យគុណភាពចំណីអាហារនៅតាមសាលារៀន និងការជំរុញ និងលើកទឹកចិត្តការចូលរួមរបស់មាតាបិតា អ្នកអាណាព្យាបាល និងសហគមន៍ក្នុងការអប់រំស្របតាមពាក្យស្លោក «ភាពជាដៃគូរដ្ឋ និងសហគមន៍ ដើម្បីការអប់រំ»។

ឯកឧត្តមបណ្ឌិតសភាចារ្យ បានឱ្យដឹងទៀតថា នៅក្នុងអំឡុងពេលនៃដំណើរការឆ្នាំសិក្សា ២០២៣-២០២៤ ក្រសួងនឹងជ្រើសរើសសាលារៀនគំរូ ដែលមានសក្តានុពលប្រមាណ ៥០០ ទៅ ១០០០សាលា ដើម្បីទទួលការជួយគាំទ្រ និងធ្វើការវាយតម្លៃ ដោយរំពឹងថា នឹងសម្រេចបានតាមស្តង់ដាររៀនគំរូនេះ ក្នុងរយៈពេល ២ឆ្នាំខាងមុខ, ហើយសម្រាប់រយៈពេលចំពោះមុខនេះវិញ ក្រសួងនឹងវាយតម្លៃជ្រើសរើសសាលារៀនប្រមាណ៥០ សម្រាប់ប្រកាសនៅក្នុងសន្និបាតអប់រំ ដែលគ្រោងប្រារព្ធឡើងនៅដើមខែមេសា ឆ្នាំ២០២៤ ខាងមុខ ដើម្បីចាប់ផ្ដើមដំណើរការ ” ស្តង់ដារសាលារៀនគំរូ ” នេះតែម្ដង។

ទន្ទឹមនឹងពេលនេះ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់បន្ថែមទៀតថា ការអនុវត្តស្តង់ដាសាលារៀនគំរូ នេះ គឺជាកំណែទម្រង់អប់រំកម្រិតសាលារៀនជាកញ្ចប់ ដោយផ្តោតជាសំខាន់លើគ្រឹះស្ថានសិក្សាសាធារណៈ ចាប់ពីកម្រិតមត្តេយ្យសិក្សារហូតដល់កម្រិតមធ្យមសិក្សាទុតិយភូមិ ក្នុងគោលបំណងពង្រឹងចំណេះដឹង និងសីលធម៌របស់សិស្សឱ្យបានល្អប្រសើរ ដើម្បីឈានទៅថ្នាក់ឧត្តមសិក្សា។ដូច្នេះ សូមស្នើឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ត្រូវសហការគ្នាបន្តផ្សព្វផ្សាយកម្មវិធីស្តង់ដារសាលារៀនគំរូនេះ ឱ្យបានទូលំទូលាយទៅដល់សាលារៀន និងរៀបចំផែនការសកម្មភាពសម្រាប់អនុវត្តរួមគ្នា ឆ្ពោះទៅសម្រេចឱ្យបានតាមតម្រូវការរបស់ក្រសួង និងរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍធនធានមនុស្ស៕ ពិសិដ្ឋ CEN

×