Sunday, July 13, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការសម្រេចឃុំខ្លួនមន្ត្រីប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ៣ និងបក្ខពួក២នាក់ទៀត  ក្រោមបទចោទ កំហែងយក និងបទជ្រៀតជ្រែកដោយខុសច្បាប់ ក្នុងមុខងារសាធារណៈ

ភ្នំពេញ៖ ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានី លោក ទិត សុទ្ធីបូរ៉ាឆាត បានសម្រេចឃុំខ្លួនជនសង្ស័យចំនួន៣ ជាមន្ដ្រីនគរបាលប៉ុស្ដិ៍រដ្ឋបាលស្ទឹងមានជ័យ៣ និង២នាក់ទៀត ជាប្រជាការពារ ហើយរង់ចាំការជំនុំជម្រះទោសនៅពេលក្រោយ។

ការសម្រេចឃុំខ្លួនជនត្រូវចោទខាងលើ គឺធ្វើឡើងបន្ទាប់ពីតំណាងអយ្យការ លោក សេង ហៀង បានចោទប្រកាន់ជនទាំង៣នាក់ខាងលើ ពីបទ៖
ទី១៖ មន្ដ្រីប៉ុស្ដិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ៣ ឈ្មោះ ព្រុំ វណ្ណរឿន បទកំហែងយក តាមមាត្រា៣៦៣ នៃក្រមព្រហ្មទណ្ឌ ។ទី ២៖ ឈ្មោះ នាង វណ្ណី ហៅ ប៉ាន់ និងទី៣៖ ឈ្មោះ គឹម សុខា ហៅ ហង្ស១៣ ពីបទ «កំហែងយក និងបទជ្រៀតជ្រែកដោយខុសច្បាប់ទៅក្នុងមុខងារសាធារណៈ» តាមមាត្រា៣៦៣ និង៦០៩ នៃក្រមព្រហ្មទណ្ឌ។

ពាក់ព័ន្ធករណីខាងលើនេះ អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្លាប់បានបំភ្លឺជូនសាធារណជនថា ករណីយុវជន៥នាក់ ដែលបានសម្ភាសជាមួយអ្នកសារព័ត៌មាន នៅលើបណ្ដាញសង្គម កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ កន្លងទៅ ដោយចោទប្រកាន់ថាមានសមត្ថកិច្ចគាបយកលុយ នៅចំណុចប្រេងឥន្ធនៈតេលាលូប្រាំ ផ្លូវវេងស្រេង ភូមិដំណាក់ធំ៥ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ។

អ្នកនាំពាក្យបានបន្តថា ករណីនេះដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ធ្វើការស្រាវជ្រាវត្រួតពិនិត្យកន្លែងកើតហេតុ និងប្រមូលវត្ថុតាងតាមកាមេរ៉ាសុវត្ថិភាព និងតាមការសាកសួរពីយុវជនរងគ្រោះ និងបានឃាត់ខ្លួនមន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ៣ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យម្នាក់ រួមប្រជាការពារ (បន្លំខ្លួន) ចំនួន២នាក់ទៀត ពីបទកំហែងយកប្រាក់។

បន្ទាប់មកជនសង្ស័យខាងលើ ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធី។ ចំណែកជនសង្ស័យនៅសេសសល់មួយចំនួនទៀត កម្លាំងជំនាញកំពុងស្រាវជ្រាវបន្តដើម្បីស្វែងរកឃាត់ខ្លួន យកមកអនុវត្តតាមនីតិវិធី៕

×