ភ្នំពេញ ៖ ឯកឧត្តមហេង រតនា អគ្គនាយកស៊ីម៉ាក់ លើកឡើងថាពួកគេបាននាំគ្នាចំអិនសាច់ឆ្កែ(ឆ្កែ)និងបរិភោគខ្លែមស្រា ដោយគ្មានការអៀនខ្មាស់អ្វីបន្តិចសោះឡើយ ។ ឯកឧត្តមបានថ្លែងសារយ៉ាងដូច្នេះតាមបណ្តាញសង្គមកាលពីថ្ងៃទី២ខែកុម្ភៈឆ្នាំ២០២៤។

ឯកឧត្តមសង្វេកនិងសោកស្តាយបំផុតចំពោះទង្វើរបស់ស្ត្រីខ្មែរប៉ុន្មាននាក់នេះ ដែលធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់តំលៃស្ត្រីខែ្មរដ៍ល្អប្រពៃថ្លៃថ្លា ប៉ះពាល់ដល់សីលធម៌ប្រពៃណីសង្គម ប៉ះពាល់អារម្មណ៍ទេសចរអន្តរជាតិ និងពិសេសជាទង្វើដែលគួរតែមានច្បាប់ហាមឃាត់។
អង្គភាពស៊ីម៉ាក់ តែងតែយកចិត្តទុកដាក់អាណិតស្រលាញ់សត្វសុនខ ជាសហការីដ៏ស្មោះត្រង់ និងកំលាំងជំនាញជួយសង្គ្រោះអាយុជីវិតមនុស្ស ជាពិសេសប្រជាពលរដ្ឋដែលរងការគំរាមកំហែង ដោយសារគ្រាប់មីននិងសំណល់សង្គ្រាម។

នៅចំពោះមុខនេះឯកឧត្តម សូមសំណូមពរកំលាំងសមត្ថកិច្ចពាក់ព័ន្ធ ជាពិសេសក្រសួងកិច្ចការនារី ក៏ដូចជាក្រសួងវប្បធម៌ មេត្តាជួយចាត់វិធានការអប់រំចំពោះមុខសញ្ញាល្មើសនេះ។
វិធានការបន្ទាប់ ព្រះរាជាណាចក្ររបស់យើងក្នុងកាល:ទេស:នេះ អាចជាពេលវេលាយ៉ាងចាំបាច់ ក្នុងការរៀបចំច្បាប់ជាតិមួយហាមឃាត់ការបរិភោគសាច់សុនខ ដូចបណ្តាប្រទេសចំរើនជឿនលឿនមួយចំនួនលើពិភពលោកនេះ។
អគ្គនាយកស៊ីម៉ាក់លើកឡើងថា សូម្បីតែក្រុងហាណូយប្រទេសវៀតណាម ក៏គិតគូររៀបចំច្បាប់ហាមបរិភោគសាច់សុនខ ប្រយោជន៍ដើម្បីចញលរួមទាក់ទាញទេសចរបរទេសផងដែរ!! ៕ រក្សាសិទ្ធដោយ៖ សុទ្ធលី

