ខេត្តកំពត៖ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានប្រកាសនៅថ្ងៃទី១ ខែកុម្ភៈនេះថា ម្ចាស់ឡាន Ford ដែលបុកអ្នកជិះម៉ូតូស្លា.ប់ នៅស្រុកដងទង់ ខេត្តកំពត កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤ បានឱ្យមេធាវីតំណាង ចូលមកដោះស្រាយជំនួស។ ក៏ប៉ុន្តែលោកស្នងការ បានផ្តាំមេធាវី តាមហ្វេសប៊ុក ឱ្យយកវត្ថុតាង ដែលបង្កគ្រោះថ្នាក់ចរាចរណ៍ និងឱ្យម្ចាស់ឡាន Ford ចូលខ្លួនមកបំភ្លឺពីគ្រោះថ្នាក់នោះ។
លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ លើកឡើងថា «សូមអរគុណលោកមេធាវីតំណាងប្អូន ផល្លា ស៊ីម៉េង ដែលបានចូលខ្លួនមកជំនួស។ ក៏ប៉ុន្តែសូមលោកមេធាវីជួយយកវត្ថុតាង ដែលបង្កអោយមានគ្រោះថ្នាក់ចរាចរណ៍ និងអោយប្អូន ផល្លា ស៊ីម៉េង ចូលខ្លួនមកបំភ្លឺពាក់ព័ន្ធការបើកបរធ្វេសប្រហែស បណ្តាលអោយមានគ្រោះថ្នាក់ដល់អ្នកដទៃ»។

ស្នងការដ្ឋាននគរបាលខេត្តកំពត សូមជូនរង្វាន់ចំនួន ១ លានរៀលចំពោះបងប្អូនណាដែលផ្តល់ដំណឹងដល់សមត្ថកិច្ចរកឃើញរថយន្តដែលមានភិនភាគខាងក្រោមនេះ សូមទាក់ទងមកលេខទូរសព្ទ័នេះ 092937705 ហើយយើងនឹងរក្សារការសម្ងាត់ជូន ។ ស្លាកលេខ MENGPECH , FORD RAPTOR។
លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ បានបន្តថា វត្ថុតាងក៏មិនយកមកប្រគល់អោយសមត្ថិកិច្ច ប្អូនក៏មិនចូលខ្លួនមកបំភ្លឺអោយសមត្ថកិច្ច ប្អូនមើលស្រាលច្បាប់ពេកហើយ កុំគិតថាសងសំណងរដ្ឋប្បវេណីហើយប្អូនរួចខ្លួនអោយសោះប្អូន ផល្លា សុីម៉េង រង់ចាំមើលច្បាប់អនុវត្តយ៉ាងណាជាមួយប្អូន ។
កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ លោកស្នងការ ម៉ៅ ច័ន្ទមធុរិទ្ធ បានសរសេរបង្ហោះក្នុងហ្វេសប៊ុកស្នងការដ្ឋាននគរបាលខេត្តកំពត ដោយផ្តាំទៅម្ចាស់ឡាន Ford ផល្លា ស៊ីម៉េង ចូលខ្លួនមកដោះស្រាយបញ្ហាគ្រោះថ្នាក់ចរាចរណ៍ នៅស្រុកដងទង់ កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤។ សូមកុំគេចវេស ក្រែងរឿងបានធូរស្រាលបន្តិចវិញ»។

សូមរម្លឹកថា កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ ស្នងការដ្ឋាននគរបាលខេត្តកំពត បានប្រកាសតាមផេកផ្លូវការរបស់ខ្លួនថា «សូមម្ចាស់ឡានឈ្មោះ ផល្លា សុីម៉េង ដែលមានទីលំនៅខេត្តកណ្តាល ចូលខ្លួនមកបំភ្លឺករណីគ្រោះថ្នាក់ចរាចរណ៍ បណ្តាលអោយជនរងគ្រោះ ស្លា.ប់ពីរនាក់ កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង ១២ និង ១៥នាទី នៅស្រុកដងទង់ សូមម្ចាស់រថយន្ត អញ្ជើញមកស្នងការដ្ឋាននគរបាលខេត្តកំពត នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ»។
ក៏ប៉ុន្តែដល់ថ្ងៃកំណត់ នាថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤ បែរជាមេធាវីតំណាងម្ចាស់ឡាន ដែលបើកបុកស្លា.ប់មនុស្ស ២នាក់ បានចូលខ្លួន មកដោះស្រាយជំនួសវិញ។
យ៉ាងណាក៏ដោយ ករណីអ្នកបើកឡាន បុកមនុស្សស្លា.ប់នេះ ស្នងការនគរបាលខេត្តកំពត លោកឧត្តមសេនីយ៍ទោ ផ្កាយ២ ម៉ៅ ច័ន្ទមធុរិទ្ធ នៅតែបន្តតាមដាន ដោយយកចិត្តទុកដាក់ និងទាមទារឱ្យម្ចាស់ឡាន ចូលរួមដោះស្រាយតាមច្បាប់៕ រក្សាសិទ្ធដោយ៖ សុទ្ធលី



