Saturday, July 12, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនជាតិចិន ២នាក់ បង្កើតវីដេអូរឿងភ័យរន្ធត់ក្នុងខេត្តព្រះសីហនុ ត្រូវបានចាប់ខ្លួនអនុវត្តតាមច្បាប់

ខេត្តព្រះសីហនុ ÷ ជនជាតិចិន ២នាក់ ត្រូវបានកម្លាំងអគ្គស្នងការដ្ឋាននគរបាលជាតិ ធ្វើការស្រាវជ្រាវ និងឈានដល់ការចាប់ខ្លួន នាថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ នៅឯបន្ទប់ខុនដូមួយកន្លែង ស្ថិតក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បន្ទាប់ពីពួកគេរួមគ្នាផលិតមាតិកាវីដេអូ បង្កឲ្យមានការភ័យខ្លាចរន្ធត់ ប៉ះពាល់ដល់កិត្តិយស និងសណ្ដាប់ធ្នាប់ នៅក្នុងខេត្តព្រះសីហនុ។

ការផលិតវីដេអូមានភាពភ័យខ្លាចរន្ធត់របស់ពួកគេនេះ គឺដើម្បីផ្សព្វផ្សាយទាក់ទាញការចាប់អារម្មណ៍នៅលើបណ្ដាញសង្គមនានា ពិសេស TikTok ដែលមានអ្នកគាំទ្រ ឬចុចឡែក រហូតដល់ជាង ៥លាននាក់ ដូចជា ការបង្កើតមាតិកា ខ្មោចលងនៅតាមសណ្ឋាគារ កាស៉ីណូ ឬទីតាំងផ្សេងៗ នៅក្នុងមូលដ្ឋានខេត្តព្រះសីហនុ។ តាមរយៈវីដេអូបង្កការភ័យខ្លាចទាំងអស់នេះ បានធ្វើឲ្យមហាជនមានការភ័យខ្លាច និងយល់ច្រឡំ ពិសេសអ្នកដែលរស់នៅក្រៅប្រទេស ហើយមានបំណងមកលេងកម្សាន្ដនៅខេត្ដទេសចរណ៍មួយនេះតែម្ដង ប្រាកដជាភ័យខ្លាចមិនហ៊ានចូលមក ប៉ុន្តែធាតុពិតមិនមានហេតុការណ៍នេះកើតឡើងឡើយ ពោលគឺ ពួកគេគ្រាន់តែធ្វើដើម្បីទាក់ទាញការចូលមើល ឬដើម្បីបាន View ច្រើនតែប៉ុណ្ណោះ។

ក្រោយចាប់ខ្លួន សមត្ថកិច្ចជំនាញបានដកហូតបានស្រោមមុខខ្មោច និងសម្ភារៈបម្រើឲ្យការថតវីដេអូមួយចំនួន ហើយនៅរសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ នឹងធ្វើសន្និសីទសារព័ត៌មានលម្អិតនៅឯស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីបង្ហាញអំពីហេតុការណ៍ដែលពួកគេបានបង្កើតឡើង ក៏ដូចជាបង្ហាញអំពីចំណាត់ការតាមផ្លូវច្បាប់ចំពោះជនសង្ស័យទាំង២នាក់នេះផងដែរ៕ រក្សាសិទ្ធដោយ ៖ ពិសិដ្ឋ CEN

×