Monday, March 3, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា ទទួលបានគម្រោងវិនិយោគ ៣២ គម្រោងក្នុងខែមករា ឆ្នាំ២០២៤នេះ  ច្រើនជាង ២ដង បើធៀបនឹងខែមករា ឆ្នាំ២០២៣

ភ្នំពេញ៖ ក្នុងខែមករា ឆ្នាំ២០២៤ កម្ពុជាទទួលបាន ៣២គម្រោង ច្រើនជាង ២ដង បើប្រៀបធៀបរយៈពេលដូចគ្នា នឹងខែមករា ឆ្នាំ២០២៣។ ក្នុងនោះកម្ពុជា រំពឹងថា គម្រោងវិនិយោគនឹងមានការកើនឡើងបន្ថែមទៀត ទោះបីជាស្ថានភាពពិភពលោកបច្ចុប្បន្នកំពុងជួបបញ្ហាប្រឈមក្ដី។

នេះជាការលើកឡើងរបស់ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងជំនួបពិភាក្សាការងារជាមួយឯកឧត្តម ចាស្ទីន ខេវិន វ៉ាយអេត (Justin Kevin Whyatt) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសអូស្ត្រាលី ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤។

ក្នុងឱកាសនៃជំនួបនេះ ឯកឧត្តមឯកអគ្គរដ្ឋទូត បានកោតសរសើរអំពីបេសកកម្មរបស់កម្ពុជា ក្នុងការទាក់ទាញវិនិយោគិនពីបណ្ដាប្រទេសនានា និងការយកចិត្តទុកដាក់អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួនបានកាន់តែប្រសើរ។ ពិសេសជាងនេះទៅទៀត ឯកឧត្តមឯកអគ្គរដ្ឋទូត បានបង្ហាញចំណាប់អារម្មណ៍ខ្ពស់អំពីវឌ្ឍនភាពនៃគម្រោង “ព្រែកជីកហ្វូណនតេជោ” ដែលនឹងក្លាយជាគម្រោងព្រែកជីកប្រវត្តិសាស្ត្ររបស់កម្ពុជានាពេលខាងមុខនេះ។

ឆ្លើយតបលើការលើកឡើង ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបង្ហាញអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាដើម្បីទាក់ទាញវិនិយោគិន ដោយក្នុងនោះ កាលពីឆ្នាំ២០២៣កន្លងទៅ កម្ពុជាទទួលគម្រោងវិនិយោគចំនួន២៦៨ ដែលមានទុនវិនិយោគប្រមាណជិត ៤,៩ពាន់លានដុល្លារអាមេរិក កើនឡើង បើធៀបទៅឆ្នាំ២០២២ ដែលទទួលបានប្រមាណជិត ៤ពាន់លានដុល្លារអាមេរិក។

គួរបញ្ជាក់ថា បើតាមឯកឧត្តមឧបនាយករដ្ឋមន្ត្រីស៊ុន ចាន់ថុល ក្នុងគោលបំណងដើម្បីកាត់បន្ថយតម្លៃដឹកជញ្ជូន រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវផែនការមេគ្រប់ជ្រុងជ្រោយស្តីពី ប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្មកម្ពុជា ២០២៣-២០៣៣។ បន្ថែមពីនេះ ដើម្បីបង្កើនភាពប្រកួតប្រជែង កម្ពុជាមានគោលបំណងក្នុងការប្រើប្រាស់ថាមពលស្អាតឱ្យបាន ៧០% នៃថាមពលសរុបត្រឹមឆ្នាំ២០៣០។ បន្ថែមក្នុងកិច្ចប្រជុំនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានជម្រាបជូនអំពីវឌ្ឍនភាពខ្លះៗនៃគម្រោង “ព្រែកជីកហ្វូណនតេជោ” ជូនដល់ឯកឧត្តមឯកអគ្គរដ្ឋទូត និងសហការីបានជ្រាបផងដែរ៕