ភ្នំពេញ៖ ក្រោយពីមានការជួយសម្របសម្រួលពីសភាពាណិជ្ជកម្មកម្ពុជា ផលិតផលខ្មែជាច្រើនមុខ នឹងអាចឈានជើងចូលទៅក្នុងហាងលក់ទំនិញដ៏ល្បី 7-Eleven ក្នុងពេលឆាប់ៗនេះ ។

គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ដែលរួមមានពាណិជ្ជករកម្ពុជា ពាណិជ្ជករថៃ និងម្ចាស់អាជីវកម្ម ចំនួន ២២រូប ដឹកនាំដោយឧកញ៉ា លឹម សុជាតិ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានធ្វើទស្សនកិច្ចពាណិជ្ជកម្មនៅខេត្តបាត់ដំបង រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ខែ កុម្ភៈ ឆ្នាំ ២០២៤ ដើម្បីស្វែងយល់ពីកាលានុវត្តភាពវិនិយោគ និងដៃគូពាណិជ្ជកម្មក្រោយមានការជួយសម្របសម្រួល និងផ្គូរផ្គងចាប់ដៃគូពាណិជ្ជកម្មដ៏សំខាន់មួយពីសភាពាណិជ្ជកម្មកម្ពុជា និងម្ចាស់អាជីវកម្មខេត្តបាត់ដំបង។

នេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់ ដែលផ្តួចផ្តើមគំនិតដ៏សំខាន់របស់សភាពាណិជ្ជកម្មកម្ពុជា ក្នុងការរៀបចំកម្មវិធី «ដំណើរទស្សនកិច្ចពាណិជ្ជកម្ម» នៅខេត្តបាត់ដំបង ដើម្បីលើកកម្ពស់សមត្ថភាពសហគ្រិន ដែលជាម្ចាស់សហគ្រាសធុនតូច និងមធ្យម អាចពង្រឹងសមត្ថភាពបន្ថែមក្នុងកិច្ចការគ្រប់គ្រងអាជីវកម្ម ការគ្រប់ គ្រងសង្វាក់ផលិតកម្ម ការពង្រីកអាជីវកម្ម ការពង្រីកទីផ្សារ និងការបណ្តាក់ទុននានា ដើម្បីបំពេញនូវតម្រូវការរបស់សង្វាក់ផលិតកម្ម និងការចាប់ដៃគូរពាណិជ្ជកម្ម។

បើតាមលោកស្រី Jiranun Wongmongkol ប្រធានសមាគមពាណិជ្ជកម្មថៃប្រចាំនៅកម្ពុជា បានឲ្យដឹងថា ប្រតិភូពាណិជ្ជករថៃ ពិតជាមានការសប្បាយរីករាយ និងការតាំងចិត្តខ្ពស់ក្នុងការចាប់ដៃគូពាណិជ្ជកម្មជាមួយម្ចាស់អាជីវកម្មខេត្តបាត់ដំបង ហើយក្នុងនោះ ក៏មានផលិតផលរបស់សហគ្រាសខេត្តបាត់ដំបងមួយចំនួន ទទួលបានការចាប់អារម្មណ៍ជាខ្លាំងពីក្រុមហ៊ុនផ្សារ 7-Eleven នៅកម្ពុជា និងប្រទេសថៃផងដែរ។

លោក Sontaya Wangsiriwate នាយកគ្រប់គ្រងក្រុមហ៊ុន CP ALL Cambodia Co, Ltd. ដែលគ្រប់គ្រងអាជីវកម្មផ្សារ 7-Eleven បានឲ្យដឹងថា បច្ចុប្បន្ន ផ្សារ 7-Eleven មានចំនួន ៨២សាខានៅទូទាំងប្រទេសកម្ពុជា ដែលក្នុងនោះផលិតផលខ្មែរជាង ១០០មុខ កំពុងដាក់លក់នៅក្នុងផ្សារនេះ ហើយក្រុមហ៊ុនគ្រោងពង្រីកសាខាថ្មីៗបន្ថែមចំនួន ៤០សាខា ក្នុងមួយឆ្នាំ ប្រសិនបើសេដ្ឋកិច្ចកម្ពុជា មានកំណើរការល្អ។

លោកពិតជាមានការចាប់អារម្មណ៍ជាខ្លាំងលើផលិតផលជាច្រើនមុខរបស់ខេត្តបាត់ដំបង ហើយលោកក៏កំពុងចរចាជាមួយម្ចាស់សហគ្រាសជាង ២០ក្រុមហ៊ុន នៅក្នុងខេត្តនេះ ដើម្បីនាំយកផលិត ផលពួកគេដាក់លក់នៅក្នុងផ្សារ 7-Eleven ក្នុងពេលឆាប់ៗខាងមុខនេះ ប៉ុន្តែលោកថា អង្ករ និងផលិតផលផ្លែឈើកែច្នៃ នឹងអាចដាក់លក់បានភ្លាមៗ ព្រោះវាជាទំនិញអាចរក្សាទុកបានយូរ ដែលខុសពីផ្លែឈើស្រស់ រក្សាបានរយៈពេលខ្លី៕
