Monday, March 3, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តម គុណ ញឹម៖ ការប្រមូលចំណូលពុំបានសម្រេចតាមផែនការ បណ្ដាលមកពីកត្តាប្រឈមធំៗមួយចំនួន

ភ្នំពេញ៖ ឯកឧត្តម គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក្នុងកិច្ចប្រជុំបូកសរុបការ ងារប្រចាំឆ្នាំ២០២៣ និងទិសដៅអនុវត្តបន្ត អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (អគរ)បានលើកឡើងថា ការប្រមូលចំណូលពុំបានសម្រេចតាមផែនការ ដូចនេះបណ្ដាលមកពីកត្តាប្រឈមធំៗមួយចំនួន ជាពិសេស ការធ្លាក់ចុះទីផ្សារមុខទំនិញយានយន្ត ដែលកន្លងមកជាប្រភពចំណូលសំខាន់របស់អង្គភាពគយ, កំណើនជាបន្តបន្ទាប់ទាំងវិសាលភាព និងភាពស៊ីជម្រៅនៃការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី, ការរីកលូតលាស់នៃផលិតកម្មក្នុងស្រុកជំនួសការនាំចូល និងការបន្តកើតមាននូវសកម្មភាពរត់គេចពន្ធ ដែលកាន់តែស្មុគស្មាញ និងជ្រកក្រោមរូបភាពថ្មីៗ ជាដើម។

ឯកឧត្តម គុណ ញឹម បានបញ្ជាក់ថាក្នុងឆ្នាំ ២០២៣ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ប្រមូលចំណូលបានមានចំនួន ២.២៨៨លានដុល្លារអាម៉េរិក ថយចុះប្រមាណ ១៥,៧% ធៀបនឹងចំណូលក្នុងឆ្នាំ២០២២។ លទ្ធផលនេះ សម្រេចបាន ៨២,៤% នៃផែនការដែលកំណត់ដោយច្បាប់ ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៣។

កិច្ចប្រជុំបូកសរុបការ ងារប្រចាំឆ្នាំ២០២៣ និងទិសដៅអនុវត្តបន្ត អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ធ្វើឡើងក្រោមអធិបតីភាពលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។​

បើគិតតាមប្រភេទពន្ធ និងអាករ ឃើញថា អាករលើតម្លៃបន្ថែមមាន ៤១,២% នៃចំណូលសរុប, អាករពិសេសមាន ៣០,៣% នៃចំណូលសរុប, ពន្ធគយមាន ២១% នៃចំណូលសរុប, អាករបន្ថែមលើផលិតផលប្រេងឥន្ធនៈមាន ៤,៣% នៃចំណូលសរុប និងអាករនាំចេញនិងកម្រៃផ្សេងៗមាន ១,៨% នៃចំណូលសរុប។ ចំពោះចំណូលតាមក្រុមទំនិញ ឃើញថា ក្រុមទំនិញចម្រុះមានមាន ៣៥,៣% នៃចំណូលសរុប, យានយន្ត និងគ្រឿងចក្រមាន ៣១,១% នៃចំណូលសរុប, ប្រេងឥន្ធនៈ និងថាមពលមាន ២៦,៦% នៃចំណូលសរុប និងសម្ភារសំណង់ និងកម្រៃផ្សេងៗមាន ៧% នៃចំណូលសរុប។

ទំហំពាណិជ្ជកម្មនាំចូលមានចំនួន ២៤,១៨ពាន់លានដុល្លារអាម៉េរិក ថយចុះប្រមាណ ៥% ធៀបនឹងឆ្នាំ២០២២ ដែលក្នុងនោះទំនិញនាំចូលសំខាន់ៗ មានជាអាទិ៍ ផលិតផលតេលសិលា, វត្ថុធាតុដើម និងគ្រឿងម៉ាស៊ីនបម្រើដល់គម្រោងវិនិយោគ, គ្រឿងសំណង់, យានយន្តនិងគ្រឿងចក្រ, គ្រឿងឧបភោគបរិភោគ និងទំនិញចម្រុះផ្សេងទៀត។

ទំហំពាណិជ្ជកម្មនាំចេញមានចំនួន ២២,៨៥ពាន់លានដុល្លារអាម៉េរិក កើនឡើងប្រមាណ ១,៨% ធៀបនឹងឆ្នាំ២០២២ ដែលក្នុងនោះ ផលិតផលវិនិយោគកាត់ដេរមានការថយចុះ ១៣,១% ផលិតផលវិនិយោគមិនមែនកាត់ដេរ ដូចជា គ្រឿងបំណែកអេឡិចត្រូនិក, បង្គុំខ្សែភ្លើង, ផលិតផលពីឈើ, កង់, អំពូល, ស្បែកសត្វកែច្នៃ, សំបកកង់រថយន្ត, ផលិតផលប្លាស្ទិច, គ្រឿងបន្លាស់រថយន្ត និងផលិតផលឧស្សាហកម្មផ្សេងៗទៀត មានកំណើន ២០% និងកសិផលមានកំណើន ២៤,៣%៕