ភ្នំពេញ៖ អ្នកនាំពាក្យនៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា បានលើកឡើងថា បើពុំមានការប្រែប្រួល អាកាសយានដ្ឋានអន្តរជាតិតេជោ(TIA) នឹងគ្រោងដាក់ឲ្យដំណើរការ នៅក្នុងចុងឆមាសទី១ ឆ្នាំ២០២៥ ខាងមុខនេះ។

គម្រោងអាកាសយាន្តដ្ឋានអន្តរជាតិតេជោ ត្រូវបានរាជរដ្ឋាភិបាលបានផ្តល់សិទ្ធិឱ្យ ក្រុមហ៊ុន CAIC ដែលជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារវាងរាជរដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុន OCIC សាងសង់ និងអភិវឌ្ឍអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី នៅខេត្តកណ្តាល និងខេត្តតាកែវ លើផ្ទៃដីទំហំ ២ ៦០០ហិចតា ស្ថិតនៅចម្ងាយ ២០គីឡូម៉ែត្រពីភាគខាងត្បូងភ្នំពេញ។

ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា បានឱ្យដឹងថា ជាមធ្យមការចំណាយទៅលើគម្រោងប្រចាំថ្ងៃអស់ចន្លោះប្រមាណពីជាង ២លានដុល្លារ ទៅ ៣លានដុល្លារ ក្នុងមួយថ្ងៃ។ គម្រោងអាកាសយានដ្ឋានអន្តរជាតិនេះ បានចាប់ផ្តើមដំណើរការសាងសង់នៅឆ្នាំ២០១៩ ហើយគ្រោងនឹងបញ្ចប់នៅចុងឆ្នាំឆ្នាំ២០២៤ (ដំណាក់កាលទី១) (យោងលើកម្មវិធីការងារមេ Updated Master Schedule) ដែលបានធ្វើបច្ចុប្បន្នភាពចុងក្រោយដោយ CAIC/Cambodia Airport Investment Co.,Ltd )។

បើតាមការបញ្ជាក់ពីឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា គិតមកដល់ដើមខែកុម្ភៈនេះ គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ(ភ្នំពេញថ្មី) សម្រេចការសាងសង់បានចំនួនជាង ៦៤ភាគរយ ដោយគម្រោងនេះចាយលុយអស់ ៩៣២លានដុល្លារហើយ។ ដោយឡែក ការកសាងសង់ផ្លូវតភ្ជាប់ពីមហាវិថីសម្តេចតេជោ កាត់ផ្លូវជាតិលេខ២ ឆ្ពោះទៅកាន់អាកាសយានដ្ឋានដែលមានទទឹង៦០ម៉ែត្រ និងបណ្តោយប្រវែង ១៣.៥ គីឡូម៉ែត្រ សម្រេចបាន៨៥% ហើយ គិតមកដល់ពេលនេះ៕
