Monday, March 3, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជំនាញផ្នែកបច្ចេកវិទ្យា គឺជាតម្រូវការចាំបាច់ ក្លាយជាកម្លាំងសកម្មក្នុងទីផ្សារការងារ ដែលកំពុងប្រកួតប្រជែង

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជា បានថ្លែងអំណរគុណដល់ក្រុមហ៊ុនបច្ចេកវិទ្យា Huawei បានបណ្តុះបណ្តាលសិក្ខាកាមកម្ពុជាប្រមាណ ១០០០នាក់ ជារៀងរាល់ឆ្នាំ លើជំនាញបច្ចេកវិទ្យា និងការផ្ដល់អាហាររូបករណ៍ដល់និស្សិតខ្មែរលើការបណ្តុះបណ្តាលជំនាញបច្ចេកទេសនេះ។

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រុមហ៊ុនHuawei នឹងបន្តកិច្ចសហប្រតិបត្តិការបណ្តុះបណ្តាលធនធានមនុស្សផ្នែកបច្ចេកវិទ្យានេះផងដែរ។

ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នារសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានជួបពិភាក្សាការងារជាមួយនឹងគណៈប្រតិភូក្រុមហ៊ុនបច្ចេកវិទ្យា Huawei ប្រចាំនៅប្រទេសកម្ពុជា ដែលដឹកនាំដោយលោក YAO Yuya (យ៉ាវ យូយ៉ា) នាយកប្រតិបត្តិនៃក្រុមហ៊ុន Huawei Technologies។

ឯកឧត្តមរដ្ឋមន្ត្រី មានប្រសាសន៍ថា ការបណ្តុះបណ្តាលជំនាញផ្នែកបច្ចេកវិទ្យានេះ គឺជាតម្រូវការចាំបាច់ដែលស្របទៅនឹងផែនការយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលដែលផ្អែកលើបច្ចេកវិទ្យាដើម្បីជាផ្នែកមួយជួយជ្រោមជ្រែងកំណើនសេដ្ឋកិច្ចជាតិ។ 

ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ទៅកាន់ភាគីក្រុមហ៊ុនថា តម្រូវការកម្លាំងពលកម្មក្នុងទីផ្សារនាពេលបច្ចុប្បន្ន ទាមទារឱ្យមានជំនាញបច្ចេកវិទ្យាអមជាមួយនឹងជំនាញវិជ្ជាជីវៈដើម្បីធានាបាននូវកម្រៃមួយដ៏ល្អប្រសើរ មានប្រៀបក្នុងការប្រកួតប្រជែង។ 

បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្ត្រី បានស្នើឱ្យក្រុមហ៊ុនពិចារណាក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការដែលមានស្រាប់ឱ្យកាន់តែទូលំទូលាយបន្ថែមទៀតដើម្បីផ្តល់ឱកាសដល់ពលរដ្ឋខ្មែរបានសិក្សាពីបច្ចេកវិទ្យា និងទទួលបានចំណេះដឹងក្នុងការពង្រឹងសមត្ថភាពឲ្យក្លាយជាកម្លាំងសកម្មក្នុងទីផ្សារការងារដែលកំពុងប្រកួតប្រជែង។ 

ជាការឆ្លើយតប ភាគីក្រុមហ៊ុន ក៏បានបញ្ជាក់ពីជំហរក្នុងការបន្ត និងពិចារណាលើការពង្រីកកិច្ចសហការជាមួយនឹងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈផងដែរ៕