ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ថា CDC បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគមានលក្ខណសម្បត្តិគ្រប់គ្រាន់ចំនួន ២២ ដែលមានទុនវិនិយោគសរុបប្រមាណជាង ៤៤៤លានដុល្លារអាម៉េរិកក្នុងរយៈពេល ១៥ថ្ងៃ នៃខែកុម្ភៈ ឆ្នាំ២០២៤ ។

បើយោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបញ្ជាក់ថា គម្រោងវិនិយោគតាមវិស័យមានក្នុងនោះវិស័យឧស្សាហកម្ម ចំនួន ១៥គម្រោង, វិស័យហេដ្ឋារចនាសម្ព័ន្ធ និងផ្សេងៗ ចំនួន ៤គម្រោង និងវិស័យកសិកម្ម និងកសិឧស្សាហកម្ម ចំនួន ៣គម្រោង។

តំបន់ដែលទទួលបានគម្រោងវិនិយោគច្រើនជាងគេ ក្នុងរយៈពេល ១៥ថ្ងៃនៃខែកុម្ភៈនេះ គឺរាជធានីភ្នំពេញ និងខេត្តស្វាយរៀង ដែលទទួលបានចំនួន ៤គម្រោងដូចគ្នា បន្ទាប់មកខេត្តព្រះសីហនុ និងកំពង់ស្ពឺ ទទួលបានចំនួន ២គម្រោងស្មើគ្នា ខណៈខេត្តតាកែវ និងស្ទឹងត្រែង ទាក់ទាញ បានចំនួន ២គម្រោងដូចគ្នា និងនៅសេសសល់ គឺខេត្តកំពង់ចាម កំពង់ឆ្នាំង កណ្តាល និងព្រះវិហារ ទទួលបានចំនួន ១គម្រោងដូចៗគ្នា។
គួរបញ្ជាក់ថា ក្នុងរយៈពេលនៃខែដំបូង នៃឆ្នាំ២០២៤នេះ CDC បានអនុម័តគម្រោងថ្មី និងគម្រោងពង្រីកផលិតកម្មចំនួន ៣២គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណជាង ១៨៧លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានប្រមាណជិត ២៩ពាន់កន្លែងនៅក្នុងប្រទេស៕