ភ្នំពេញ៖ មន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឲ្យដឹងថា វិស័យឧស្សាហកម្ម ត្រូវបានព្យាករថា នឹងបន្តនិន្នាការកើនឡើងក្នុងរង្វង់ ៨,៥% ក្នុងឆ្នាំ២០២៤ ពីប្រមាណ ៥% ក្នុងឆ្នាំ២០២៣ ដោយសារការរំពឹងទុក ការងើបឡើងវិញនៃអនុវិស័យកាត់ដេរ ស្របពេលដែលអនុវិស័យកម្មន្តសាលមិនមែនកាត់ដេរ នៅបន្តរក្សាបានកំណើនរឹងមាំ ខណៈដែលអនុវិស័យសំណង់នៅបន្តមានកំណើនទាប។

ឯកឧត្តម ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងនៅក្នុងការរៀបចំវេទិកាសាធារណៈ ស្តីពីការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងច្បាប់ថវិកាឆ្នាំ២០២៤ថា អនុវិស័យកាត់ដេរ រំពឹងថា នឹងមាននិន្នាការងើបឡើងវិញ ដោយសារការងើបឡើងវិញ នៃតម្រូវការសកល ជាពិសេសបណ្ដាប្រទេសជាដៃគូពាណិជ្ជកម្មរបស់កម្ពុជា រួមមាន សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ជាដើម។

អនុវិស័យកម្មន្តសាលមិនមែនកាត់ដេរ នៅបន្តរក្សាបានភាពល្អ ដែលមួយផ្នែកនឹងបន្តជំរុញដោយការរក្សាបានតុល្យភាពនៃផលិតកម្មដែលបម្រើឱ្យតម្រូវការក្នុងស្រុក និងមួយផ្នែកទៀត គាំទ្រដោយការរំពឹងទុកកំណើនល្អប្រសើរនៃផលិតកម្មបម្រើឱ្យការនាំចេញ។ និន្នាការល្អនៃតម្រូវការខាងក្រៅ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី នឹងបន្តជំរុញកំណើននៃអនុវិស័យនេះ លើផ្នែកផលិតកម្មបម្រើការនាំចេញ ជាពិសេសទៅលើផលិតផលសំខាន់ៗ មួយចំនួន រួមមាន បន្ទះសូឡា, សំបកកង់ និងស្បែកសត្វមានរោម ជាដើម។

វិស័យសេវាកម្ម ក៏ត្រូវបានព្យាករថា នឹងបន្តនិន្នាការល្អ ក្នុងអត្រាកំណើន ៦,៩% ក្នុងឆ្នាំ ២០២៤ ពីមូលដ្ឋានល្អក្នុងរង្វង់ ៨,១% ក្នុងឆ្នាំ ២០២៣ ដោយសារការបន្តងើបឡើងវិញនៃសកម្មភាពសេដ្ឋកិច្ចក្នុងស្រុក ជាពិសេសអនុវិស័យសណ្ឋាគារ និងភោជនីយដ្ឋាន ដែលក៏នឹងមានផលជះជាវិជ្ជមានដល់អនុវិស័យគាំទ្រផ្សេងៗទៀត រួមមាន អនុវិស័យលក់ដុំ-រាយ និងដឹកជញ្ជូនជាដើម។ អនុវិស័យសណ្ឋាគារ និងភោជនីយដ្ឋាន បន្តនិន្នាការប្រសើរ ដោយសារការរំពឹងទុកការងើបឡើងវិញនៃភ្ញៀវទេសចរអន្តរជាតិ ស្របពេលដែលមានភ្ញៀវទេសចរជាតិ ក៏រំពឹងថា នឹងបន្តកើនឡើង។

អនុវិស័យលក់ដុំ-រាយ រំពឹងថា នឹងបន្តនិន្នាការកើនឡើង ដោយសារការរំពឹងទុកនូវការបន្តងើបឡើងវិញនូវចំណូលរបស់ប្រជាជន និងសកម្មភាពចាយវាយក្នុងស្រុក គួបផ្សំនិងការផ្លាស់ប្តូរឥរិយាបថនៃអាជីវកម្ម ក៏ដូចជា សកម្មភាពទិញ-លក់ពីបែបប្រពៃណី ដោយជំនួសមកវិញនូវការប្រើប្រាស់ថ្នាលឌីជីថល ដែលការណ៍នេះនឹងបន្តជំរុញបន្ថែមទៀតដល់សកម្មភាពប្រើប្រាស់ក្នុងស្រុកជារួម។
អនុវិស័យដឹកជញ្ជូន និងគមនាគមន៍ រំពឹងថា នឹងបន្តកើនឡើងគាំទ្រដោយការបន្តងើបឡើងនៃសកម្មភាពដឹកជញ្ជូនបម្រើឱ្យវិស័យទេសចរណ៍ និងពាណិជ្ជកម្ម ស្របពេលដែលសកម្មភាពគមនាគមន៍ ក៏នៅបន្តរក្សានិន្នាការល្អប្រសើរ ដោយសារការបន្តកើនឡើងនូវការប្រើប្រាស់អ៊ីនធឺណិត និងឌីជីថលក្នុងអាជីវកម្ម និងជីវភាពប្រចាំថ្ងៃក្នុងគន្លងប្រក្រតីភាពថ្មី៕