Sunday, March 2, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុងប៉ោយប៉ែត ជាទីតាំងដ៏មានសក្តានុពលសម្រាប់បង្កើតកិច្ចសហប្រតិបត្តិការសួនឧស្សាហកម្មកម្ពុជា-ថៃ

ភ្នំពេញ៖ បច្ចុប្បន្ននេះ តំបន់សេដ្ឋកិច្ចពិសេសនៅក្នុងខេត្តបន្ទាយមានជ័យ មានចំនួន ៤តំបន់ បានទាក់ទាញគម្រោងវិនិយោគមកបណ្តាក់ទុនចំនួន ១៩គម្រោង ក្នុងនោះ កំពុងដំណើរការមានចំនួន ១៣គម្រោង ក្នុងទុនវិនិយោគសរុបចំនួន ១២៦លានដុល្លារអាមេរិក និងបានបង្កើតការងារចំនួន ៥៨២២កន្លែង។

រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី ៧ ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កំពុងពិនិត្យពិភាក្សាលើការរៀបចំឯកសារទស្សនទាន ដើម្បីរៀបចំតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា-ជប៉ុន, តំបន់សេដ្ឋកិច្ចពិសេសបៃតងកម្ពុជា-អង់គ្លេស, តំបន់សេដ្ឋកិច្ចពិសេសកម្ពុជា-ចិន, តំបន់សេដ្ឋកិច្ចពិសេសកម្ពុជា-ឥណ្ឌា ដែលផ្តោតលើវិស័យបច្ចេកវិទ្យាជាស្នូល និងតំបន់សេដ្ឋកិច្ចពិសេសជាមួយបណ្តាប្រទេសផ្សេងៗទៀត ដែលជា «យុទ្ធសាស្ត្រមុតស្រួច» ក្នុងការទាក់ទាញវិនិយោគិនបរទេសកាន់តែច្រើនបន្ថែមទៀត មកបណ្តាក់ទុននៅកម្ពុជា។

ជាមួយគ្នានេះ មន្ត្រីកម្ពុជា បានបង្ហើបឲ្យដឹងថា គ្រោងបង្កើតសួនឧស្សាហកម្មមិត្តភាពកម្ពុជា-ថៃ ដែលអាចនឹងត្រូវធ្វើនៅក្រុងប៉ោយប៉ែត នៃខេត្តបន្ទាយមានជ័យ ដែលជាប់ព្រំដែនប្រទេសថៃ។

ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី ១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានផ្តល់បទសម្ភាសលើកឡើងថា ក្រុងប៉ោយប៉ែត គឺជាទីតាំងដ៏ល្អសម្រាប់បង្កើតសួនឧស្សាហកម្មមិត្តភាពកម្ពុជា-ថៃ ដោយសារតំបន់នេះជាប់ព្រំដែនថៃ គឺខេត្តស្រះកែវ ដែលច្រកទ្វារអន្តរជាតិដ៏សំខាន់ គឺច្រកទ្វារប៉ោយប៉ែត និងច្រកទ្វារស្ទឹងបត់ និងមានផ្លូវរថភ្លើងភ្ជាប់ពីប្រទេសថៃ ទៅកាន់រាជធានីភ្នំពេញ។

ឯកឧត្តម បានបញ្ជាក់ទៀតថា ក្រុងប៉ោយប៉ែត ក៏មានតំបន់សេដ្ឋកិច្ចពិសេស ជាច្រើនកន្លែងស្រាប់ហើយដែរ ដែលស្ថិតក្រោមយុទ្ធសាស្ត្រថៃ+១ ដែលអាចផ្តល់ភាពងាយស្រួលសម្រាប់ការរៀបចំគម្រោង ក៏ដូចជា ការទាក់ទាញការវិនិយោគ។

គួរបញ្ជាក់ថា បើតាមឯកឧត្តម ស៊ុន ចាន់ថុល បច្ចុប្បន្នកម្ពុជា មានតំបន់សេដ្ឋកិច្ចពិសេសកំពុងដំណើរការចំនួន ២៦តំបន់ ស្ថិតនៅ ១០រាជធានី-ខេត្ត ទូទាំងប្រទេសកម្ពុជា។ ពាក់ព័ន្ធតំបន់សេដ្ឋកិច្ចពិសេសមិត្តភាពដូចជា កម្ពុជា និងជប៉ុន ក្រុមហ៊ុនកំពុងសិក្សាទីតាំង និងទិញដី ដែលអាចចាប់ពីទំហំលើសពី ៤០០ហិកតាឡើងទៅ៕