Sunday, September 8, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា ឥណ្ឌា កំពុងធ្វើការដើម្បីសម្រេចការតភ្ជាប់ជើងហោះហើរត្រង់ នៅខែមេសា ឬខែមិថុនាខាងមុខនេះ

ភ្នំពេញ៖ ក្នុងគោលបំណងជំរុញចំនួនភ្ញៀវទេសចរ កម្ពុជា កំពុងធ្វើការជាមួយភាគីឥណ្ឌា ដើម្បីសម្រេចការតភ្ជាប់ជើងហោះហើរត្រង់ នៅខែមេសា ឬខែមិថុនាខាងមុខនេះ។ ជើងហោះហើរត្រង់ពីឥណ្ឌាមកកម្ពុជា ត្រូវបានរំពឹងថា នឹងចាប់ផ្តើមនៅឆ្នាំនេះ ខណៈដែលភាគីទាំងពីរ កំពុងបញ្ចប់នីតិវិធីច្បាប់ផ្សេងៗ។

យោងតាមសេចក្តីប្រកាសព័ត៌មានមួយបានឲ្យដឹងថា ឯកឧត្តម កុយ គួង ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសឥណ្ឌា ក្នុងជំនួបជាមួយសមាគមឧកញ៉ាកម្ពុជា នៅប្រទេសឥណ្ឌា កាលពីសប្តាហ៍មុន បានឲ្យដឹងថា កម្ពុជាកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយភាគីឥណ្ឌា ដើម្បីសម្រេចការតភ្ជាប់ជើងហោះហើរត្រង់រវាងឥណ្ឌា និងកម្ពុជា ក្នុងអំឡុងខែមេសា ឬខែមិថុនា ក្នុងគោលបំណងជំរុញចំនួនភ្ញៀវទេសចររវាងប្រទេសទាំងពីរ ដោយបានពិភាក្សាគ្នាអំពីការបង្កើតជើងហោះហើរត្រង់ជាច្រើនឆ្នាំមកហើយ។

រដ្ឋាភិបាលកម្ពុជា បានកំណត់គោលដៅបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីជាមួយប្រទេសពាណិជ្ជកម្មសំខាន់ៗ រួមមានប្រទេសឥណ្ឌា។ កម្ពុជា និងឥណ្ឌា បានបង្កើតក្រុមការងារបច្ចេកទេសផ្ទៃក្នុង ដើម្បីចរចាសម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី ដោយលើកឡើងថា កិច្ចព្រមព្រៀងនេះ នឹងជួយពង្រឹងពាណិជ្ជកម្ម ការវិនិយោគ និងកិច្ចសហប្រតិបត្តិការក្នុងវិស័យផ្សេងទៀត។

ដោយឡែក ឯកឧត្តម ស៊ីន ចាន់សេរីវុត្ថា អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល បាន ថា រដ្ឋលេខាធិការអាកាសចរស៊ីវិលបានពន្លឿន និងអនុម័តនីតិវិធីផ្លូវអាកាសសម្រាប់ក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុក ខេមបូឌា អង្គរអ៊ែរ និងខេមបូឌា អ៊ែរវ៉េ នៅកម្ពុជា។ ឯកឧត្តម បានបញ្ជាក់ថា បច្ចុប្បន្ន កំពុងរង់ចាំការឯកភាពលើការហោះហើរត្រង់ទៅកាន់ក្រុមហ៊ុនអាកាសចរណ៍ពីភាគីឥណ្ឌា។

គួរបញ្ជាក់ថា យោងតាមទិន្នន័យក្រសួងទេសចរណ៍បានបង្ហាញថា ប្រទេសកម្ពុជា បានស្វាគមន៍ភ្ញៀវទេសចរឥណ្ឌាចំនួន ៦៨.៨៣៦ នាក់ កាលពីឆ្នាំមុន កើនឡើងជាង១០២ ភាគរយពីចំនួន ៣៤.០១៦នាក់។ ហើយបើយោងតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករបានឱ្យដឹងថា ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងឥណ្ឌាមានការកើនឡើងជាលំដាប់ ដោយឈានដល់ជិត ៤៨៥,៧០ លានដុល្លារក្នុងឆ្នាំ ២០២៣ ការកើនឡើង ១០ ភាគរយពីឆ្នាំ ២០២២៕

spot_img
×