ភ្នំពេញ៖ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី ១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា មានប្រសាសន៍ថា ក្រុមហ៊ុនមីនេបៀរ កំពុងទិញដីចំនួន ៥០ហិកតា នៅខេត្តពោធិ៍សាត់ ដើម្បីពង្រីកការវិនិយោគបង្កើតរោងចក្រទីពីររបស់ខ្លួននៅកម្ពុជា ខណៈរោចក្រទី១ គឺស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់គ្រុប ភ្នំពេញ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា តាមផែនការក្រុមហ៊ុនដ៏ធំរបស់ជប៉ុននេះ នឹងបោះទុនចំនួន ៦៥០លានដុល្លារអាមេរិក ក្នុងដំណើរអាជីវកម្មរោងចក្រទីពីររបស់ខ្លួន ចាប់ពីពេលនេះ រហូតដល់ឆ្នាំ ២០៣០ និងអាចបង្កើតការងារបានប្រមាណ ៨.០០០កន្លែង។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបន្តថា ការសម្រេចជ្រើសរើសទីតាំងពង្រីកខ្លួនមកកាន់ខេត្តពោធិ៍សាត់នេះ ដោយសារខេត្តនេះ មានប្រភពថាមពលអគ្គិសនីស្អាត ដូចជា ថាមពលដើរដោយពន្លឺព្រះអាទិត្យ និងវារីអគ្គិសនី។ ម៉្យាងទៀត ខេត្តពោធិ៍សាត់ ក៏មានហេដ្ឋារចនាសម្ព័ន្ធស្អាតធំទូលាយ ពិសេសផ្លូវជាតិលេខ៥ ដែលងាយស្រួលក្នុងការដឹកជញ្ជូនទំនិញចេញចូលជាមួយប្រទេសថៃ បានលឿនរហ័ស។

កាលពីកន្លងទៅ ក្រុមហ៊ុនមីនេបៀ មានបំណងសាងសង់រោងចក្រមួយនៅខេត្តពោធិ៍សាត់ ដែលនឹងប្រើប្រាស់ថាមពលដើរដោយពន្លឺព្រះអាទិត្យ ដែលមានកម្លាំង ៩០មេហ្គាវ៉ាត់ នៅទីនោះស្រាប់។

សូមជម្រាបថា ក្រុមហ៊ុនមីនេបៀ ជាក្រុមហ៊ុនដ៏ធំមួយរបស់ជប៉ុន បានវិនិយោគនៅកម្ពុជា កាលពីឆ្នាំ ២០១០ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់គ្រុប ភ្នំពេញ ដោយផលិតជាម៉ូទ័រសម្រាប់នាំចេញ ទៅលក់នៅក្រៅប្រទេស។ ក្នុងដំណើរអាជីវកម្មដំបូង ក្រុមហ៊ុន បានចាប់ផ្តើមដើមទុនដំបូងប្រមាណ ៣២លានដុល្លារអាម៉េរិក និងកម្មករជាង ១ពាន់នាក់ ប៉ុន្តែបច្ចុប្បន្ន ក្រុមហ៊ុនបានបង្កើនដើមទុនវិនិយោគឡើងដល់ប្រមាណជាង ៦០០លានដុល្លារអាមេរិក និងមានកម្មករជាង ៦.៦០០នាក់៕
