ភ្នំពេញ៖ បុណ្យទន្លេ ជាចំណែកដ៏សំខាន់មួយ ក្នុងការទាក់ទាញភ្ញៀវទេសចរឱ្យមកទស្សនាសៀមរាប ហើយក៏ជាឱកាសមួយដ៏សំខាន់សម្រាប់កម្ពុជា ក្នុងការការផ្សព្វផ្សាយសក្តានុពលទេសចរណ៍ខេត្តសៀមរាប និងបណ្តាខេត្ត តាមដងទន្លេនៃព្រះរាជាណាចក្រកម្ពុជា។

ឆ្នាំ២០២៤នេះ ពិធីបុណ្យទន្លេលើកទី៨ នឹងប្រារព្ធធ្វើនៅខេត្តសៀមរាប ដែលនឹងរៀបចំនាពាក់កណ្តាលខែមីនានេះពោលគឺចាប់ពីថ្ងៃទី១៥ ១៦ និង១៧ ខែមីនា ឆ្នាំ២០២៤ នៅតាមដងស្ទឹងសៀមរាបចាប់ពីសួនច្បាមាត់ស្ទឹងជិតព្រះអង្គចេកព្រះអង្គចមទៅដល់ផ្សារចាស់។

ឯកឧត្តមសុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការអន្តរក្រសួងរៀបចំពិធីបុណ្យទន្លេ បានអះអាងថា ការប្រារព្ធពិធីបុណ្យទន្លេដ៏ធំប្រចាំឆ្នាំមួយនេះ ជាចំណែកដ៏សំខាន់មួយ ក្នុងការទាក់ទាញភ្ញៀវទេសចរឱ្យមកទស្សនាសៀមរាប។

ឯកឧត្តម បានមានប្រសាសន៍ថា ពិធីបុណ្យទន្លេត្រូវបានរៀបចំឡើង ក្នុងគោលបំណងបំផុសចលនាមហាជនឱ្យចូលរួមក្នុងការងារអភិវឌ្ឍ និងអភិរក្សធនធានទន្លេប្រកបដោយនិរន្តភាព និងចូលរួមសម្របយុទ្ធនាការពិធិកម្មទេសចរណ៍ តាមរយៈកាបង្កើតព្រឹត្តិការណ៍ទេសចរណ៍ថ្មីៗ សម្រាប់ខេត្តតាមដងទន្លេនៃកម្ពុជា។ ហើយសម្រាប់ខេត្តសៀមរាបនេះជាលើកទី១ហើយ ដែលបានធ្វើជាម្ចាស់ផ្ទះនៃការរៀបចំពិធីបុណ្យទន្លេ ស្របពេល ក៏ដូចជាការគាំទ្រដល់យុទ្ធនាការទស្សនាសៀមរាបឆ្នាំ២០២៤។

ឯកឧត្តម បានបន្តថា ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ គឺឱកាសមួយដ៏សំខាន់សម្រាប់កម្ពុជាក្នុងការការផ្សព្វផ្សាយសក្តានុពលទេសចរណ៍ខេត្តសៀមរាប និងបណ្តាខេត្ត តាមដងទន្លេនៃព្រះរាជាណាចក្រកម្ពុជា ពីព្រោះថាបុណ្យទន្លេនេះ និងមានការចូលរួមពីមន្រ្តីការទូត និងបវរកញ្ញាពិភពលោកអញ្ជើញមកចូលរួម និងភ្ញៀវទេសចរមកកម្សាន្តជាច្រើន ខណៈបច្ចុប្បន្នអត្រាកក់បន្ទប់ស្នាក់នៅស្ទើរតែអស់ហើយ។ ហើយនៅពេលខាងមុខឯកឧត្តមរដ្ឋមន្រ្តីរំពឹងថា ព្រឹត្តិការបុណ្យទន្លេនេះនិងក្លាយទៅព្រឹត្តិការណ៍ទូលាយមួយ ដែលមានការចូលរួមពីដៃគូរអន្តរជាតិ ព្រោះកម្ពុជាគឺជាប្រទេសអនុតំបន់ទន្លេមេគង្គ។

ឯកឧត្តមរដ្ឋមន្រ្តីបានជំរុញឱ្យក្រុមការងារក្រុមផ្នែកទាំងអស់ត្រូវធ្វើការរៀចំឱ្យម៉តចត់ទាំងការងាររៀបចំសម្អាតស្ទឹងសៀមរាបឱ្យស្អាត ការតុបតែងនៅតាមដងផ្លូវដោយមានការដាក់ពិដាស្វាគមន៍ ដែលរចនារូភាពទាក់ទាញ។ ឯកឧត្តមបានស្នើឱ្យម្ចាស់អាជីវកម្មទាំងអស់ សូមគិតគូរលើដាក់តម្លៃកន្លែងស្នាក់នៅ តម្លៃម្ហូបអាហារ អនាម័យ សេវាកម្មផ្សេងៗឱ្យបានសមរម្យ កុំឡើងថ្លៃហួសហេតុ។

សូមបញ្ជាក់ថា ពិធីបុណ្យទន្លេ រៀបចំឡើង ក្រោមប្រធានបទ “ទន្លេដើម្បីសន្តិភាព និងការអភិវឌ្ឍដោយមានការសម្តែងសិល្បៈ ការប្រគុំតន្ត្រី ចូលរួមពី ក្រុមសិល្បករ សិល្បការិនី តារាចំរៀងជាតិ និងអន្តរជាតិល្បីៗ ព្រមទាំងមានការអុចកាំជ្រួចអបអរសាទរពិធីបុណ្យទន្លេលើកទី៨ ឆ្នាំ២០២៤ សាធារណជនអាចចូលរួមទស្សនា និងកម្សាន្តសប្បាយ។

ជាមួយគ្នានេះ បើតាមអភិបាលខេត្តសៀមតរាប ឯកឧត្តម ប្រាក់ សោភ័ណ បានលើកឡើថា សម្រាប់ខេត្តសៀមរាប ក៏បានត្រៀមរៀបចំព្រឹត្តិការណ៍មួយចំនួនទៀត ដើម្បីផ្សព្វផ្សាយទាក់ទាញដល់អ្នកទេសចរណ៍ឲ្យបានស្គាល់សក្តានុពលខេត្តសៀមរាប ដែលមានទាំងទេសចរណ៍កីឡា ទេសចរណ៍វប្បធម៌ និងធម្មជាតិ ដែលនេះរំពឹងថា នឹងទទួលបានការគាំទ្រកើនឡើង៕