ភ្នំពេញ៖ ចិន ជាប្រភពភ្ញៀវទេសចរបរទេសធំទី៥ ដែលមកទស្សនាតំបន់អង្គរនៃប្រទេសកម្ពុជា បន្ទាប់ពីកូរ៉េខាងត្បូង សហរដ្ឋអាមេរិក បារាំង និងអង់គ្លេស។

បើយោងតាមរបាយការណ៍របស់គ្រឺះស្ថានអង្គរ បានឲ្យដឹងថា ក្នុងរយៈពេលពីរខែដំបូងនៃឆ្នាំ២០២៤នេះ កម្ពុជាបានកត់ត្រាពីការកើនឡើងគួរឱ្យកត់សម្គាល់នៃចំនួនភ្ញៀវទេសចរចិនមកលេងកម្សាន្តនៅតំបន់អង្គរនៃខេត្តសៀមរាប។

គ្រឹះស្ថានអង្គរ បានឲ្យដឹងទៀតថា មានភ្ញៀវទេសចរចិនចំនួន ១៦.០៧៤ នាក់ បានមកទស្សនាតំបន់អង្គរ ក្នុងរយៈពេលពីរខែដំបូងក្នុងឆ្នាំនេះ កើនឡើង១៤០ ភាគរយពីចំនួន ៦៦៩០នាក់ ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ជាមួយគ្នានេះ មានភ្ញៀវទេសចរបរទេសសរុបចំនួន ២៣៥.៨៥០ នាក់មកពី១៦៩ ប្រទេស និងតំបន់ បានមកទស្សនាតំបន់អង្គរ កើនឡើង៥០ ភាគរយពី ១៥៦.៩៥១ នាក់ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

មន្រ្តីជាន់ខ្ពស់កម្ពុជា សង្ឃឹមថា ឆ្នាំផ្លាស់ប្តូររវាងប្រជាជន និងប្រជាជនកម្ពុជា-ចិន ឆ្នាំ២០២៤ ដែលបានចាប់ផ្តើមក្នុងខែមករា នឹងជួយនាំភ្ញៀវទេសចរចិនមកកម្ពុជា ជាពិសេសមកកាន់តំបន់អង្គរ។

ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា បានថ្លែងក្នុងពិធីបើកឆ្នាំផ្លាស់ប្តូររវាងប្រជាជនកម្ពុជា និងចិនឆ្នាំ២០២៤ថា “ខ្ញុំមានទំនុកចិត្តយ៉ាងមុតមាំថា ឆ្នាំផ្លាស់ប្តូររវាងប្រជាជន និងប្រជាជនកម្ពុជា-ចិន ឆ្នាំ២០២៤ នឹងក្លាយជាកម្លាំងចលករថ្មីមួយ ដើម្បីទាក់ទាញភ្ញៀវទេសចរ និងវិនិយោគិនចិនមកកម្ពុជាកាន់តែច្រើន”។
កម្ពុជា ចង់ឃើញភ្ញៀវទេសចរចិនកាន់តែច្រើន ជាពិសេសមកកម្សាន្តនៅតំបន់អង្គរ ដោយថាវត្តមានរបស់ពួកគេបានរួមចំណែកយ៉ាងខ្លាំងក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ កំណើនសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រនៅកម្ពុជា។ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ដែលបានបើកដំណើរការជាផ្លូវការកាលពីខែវិច្ឆិកា ឆ្នាំ២០២៣កន្លងទៅ នឹងជួយទាក់ទាញភ្ញៀវទេសចរបរទេសកាន់តែច្រើន ជាពិសេសពីប្រទេសចិន។
គួរបញ្ជាក់ថា តំបន់អង្គមានទំហំ៤០១ គីឡូម៉ែត្រការ៉េ ស្ថិតនៅខេត្តសៀមរាប បានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ ជាគោលដៅទេសចរណ៍ពេញនិយមបំផុតនៅកម្ពុជា។ តំបន់អង្គរមានប្រាសាទបុរាណផ្សេងៗចំនួន៩១ ដែលត្រូវបានសាងសង់នៅចន្លោះសតវត្សទី៩ និងទី១៣៕