Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេជោ បបួល​ទណ្ឌិត សម រង្ស៊ី ស្បថ​ដាក់​ជីវិត​ឲ្យស្លាប់ គ្រប់​ទម្រង់​នៃ​គ្រោះថ្នាក់​ទាំងអស់​

spot_img

​ភ្នំពេញ ​៖ សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា មាន​តែ​វិស័យ​កីឡា​ទេ ដែល​អាច​អនុវត្ត​ន៍តា​ម​ស្តង់ដារ​អន្តរជាតិ​តែមួយ​​ប៉ុន្តែ​និយាយ​ពី​នយោបាយ​វិញ មិន​អាច​និយាយ ពី​ស្តង់ដារ​អន្តរជាតិ​បាន​នោះទេ ព្រោះ​គ្រប់​ប្រទេស​ទាំងអស់​​មាន​របប​នយោបាយ​ផ្សេងៗ​គ្នា​។​

​សម្តេច​តេជោ បាន​ថ្លែង​ក្នុង​ពិធី​សំណេះសំណាល ជាមួយ​អត្ត​ព​លិក កីឡាករ កីឡា​ការិនី គ្រូ​បង្វិ​ក រួម​នឹង​ប្រតិភូ​កីឡា​សរុប​ជាង ៧០​នាក់​ ​មុន​ចាកចេញ ទៅ​ចូលរួម​ប្រកួត​កីឡា Asian Games នៅ​ប្រទេស​ឥណ្ឌូណេស៊ី នៅ​ព្រឹក​ថ្ងៃទី​៦ ខែ​សីហា ឆ្នាំ​២០១៨ ​នៅ​វិមាន​នាយករដ្ឋមន្ត្រី​ថា អ្នក​លើក​ឡើង​ពី​ការគោរព​ស្តង់ដារ​អន្តរជាតិ លើ​ផ្នែក​នយោបាយ គឺជា​ទស្សនៈ​មនុស្ស​ឆ្កួត​លី​លា​។​

​ចំពោះ​ស្ថានការន​យោ​បាយ នៅថ្ងៃនេះ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា បើ​គ្មាន អ្វី​កែប្រែ​នោះទេ​ ​កម្ពុជា​ក្នុង​នីតិកាល​ទី​៦ នឹង​រៀបចំ​ប្រជុំ​សភា​លើកដំបូង ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់ ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​បរមនាថ​ ​នរោត្តម សីហ​មុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ កម្ពុជា នា​ព្រឹក​ថ្ងៃទី​១៩ ខែ​កញ្ញា ឆ្នាំ​២០១៨ ​ហើយ​បេក្ខភាព​តំណាងរាស្ត្រ​ទាំងអស់ នឹង​ស្បថ​ចូលកាន់​តំណែង​សភា នៅ​ល្ងាច​ទី​១៩ ខែ​កញ្ញា ឆ្នាំ​២០១៨​។ នៅ​ព្រឹក​ថ្ងៃទី ២០ ខែ​កញ្ញា​ ​ឆ្នាំ​២០១៨ គឺ​នឹង​បង្កើត​រាជរដ្ឋាភិបាល​ថ្មី​។ នៅ​ពេល​ល្ងាច​ថ្ងៃទី​២០ ខែ​កញ្ញា ឆ្នាំ​២០១៨ គឺ​រាជរដ្ឋាភិបាល​ថ្មី​ស្បថ​ចូល​​កាន់តំណែង​ជា​ផ្លូវការ​។ បន្ទាប់​មក​ថ្ងៃ​ព្រឹក​ថ្ងៃ​ទី ២១ ប្រជុំ​គណៈរដ្ឋមន្ត្រី​ថ្មី​។ ប្រសិនបើ​រាជរដ្ឋាភិបាល​ថ្មី បាន​បង្កើត​នៅក្នុង​ខែ​សីហា​ ២០១៨ នេះ គឺ សម្តេច​តេជោ ហ៊ុន សែន គ្រោង​នឹង​អញ្ជើញ​ទៅ​ថ្លែង​សុន្ទរកថា ជា​ផ្លូវការ នៅ​អង្គការ​សហប្រជាជាតិ (UN) ផងដែរ​។​

​សម្តេច​តេជោ ហ៊ុន សែន ថ្លែងថា ការលើកឡើង​របស់​ទណ្ឌិត សម រង្ស៊ី និង​ក្រុម​អ្នកប្រឆាំង​ថា លទ្ធផល​ឆ្នោត​ជា​ការកេងបន្លំ​​ជាការ​បំប៉ោង​ទិន្នន័យ ជា​សណ្តាន​របស់​មនុស្ស​ឆ្កួត ហើយ​ជា​លេស​ចុងក្រោយ​របស់​ក្រុម​ប្រឆាំង​​ដើម្បី​វាយប្រហារ​ការបោះឆ្នោត​នៅ​កម្ពុជា​។ សម្តេច​តេជោ ហ៊ុន សែន បាន​ចោទសួរ​ទៅ​ក្រុម​អ្នក​ថា លទ្ធផល​បោះឆ្នោត​នៅ​កម្ពុជា​ ​មានការ​បំប៉ោង និង​បំភិតបំភ័យ​នោះ ហ៊ាន​ស្បថ​ឲ្យ​រន្ទះបាញ់ ឬ ទេវតា​បរាមុខ​ឲ្យ​ងាប់តៃហោង​ដែរឬទេ​?

​សម្តេច​តេជោ ហ៊ុន សែន ក៏​បាន​ថ្លែង​បបួល​ទណ្ឌិត សម រង្ស៊ី ស្បថ​ដាក់​ជីវិត​ឲ្យស្លាប់​គ្រប់​ទម្រង់​នៃ​គ្រោះថ្នាក់​ទាំងអស់​​ទៅលើ​លទ្ធផល​បោះឆ្នោត ដែល​ត្រូវបាន​គេ​ចោទ​ថា មានការ​បំប៉ោង​ទិន្នន័យ​នោះ​។ សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា​​ក្នុងករណី​ដែល​អតីត មេ​បក្ស​ប្រឆាំង​ចោទ ប្រកាន់​អំពី​ការ ដែល​ពលរដ្ឋ​មាន​ចំនួន​ច្រើន លើសលុប​ទៅ​បោះឆ្នោត​នោះ​ថា​ ​ជា​រឿង​ភូតភរ​កុហក បោកប្រាស់​។ ពួកអ្នកឯង​ហ៊ាន ស្បថ​ឲ្យ​រន្ទះបាញ់​ទេ ដែល​ដោយ​ចោទ​អំពី​ការបោះឆ្នោត ។ ខ្ញុំ​ក៏​ហ៊ាន​ស្បថ​​ឲ្យ​ងាប់​តៃហ៊ោ​ង​ក៏​បាន​ដែរ សុខចិត្ត​ងាប់​តៃ​ហ៊ោង ងាប់​ប្រភេទ​ណា​ក៏​បាន​ដែរ ឲ្យ​ទេវត្តា​បរាមុខ តៃ​ហ៊ោង​តែម្តង ហ៊ាន​អត់​។​

​ស្បថ​ឲ្យ​ងាប់​គ្រប់​ទ​ម្រង់​។​ប្រជាពលរដ្ឋ​ទៅ​បោះឆ្នោត មួយ​ប្រទេស​ហើយ​ហ្នឹង​។ ការ​ឈ្នះ​ភ្លូកទឹកភ្លូកដី​របស់​គ​ណ​បក្ស​ប្រជាជន​កម្ពុជា​​ដោយសារ​តែ​អត់​វត្ត​មាន​គណបក្ស​សង្គ្រោះ​ជាតិ​នោះ សម្តេច​តេជោ ហ៊ុន សែន ចោទសួរ​ថា​ ​ចុះ​ការបោះឆ្នោត​ប៉ុន្មាន​អាណត្តិ​មុន​នោះ​ម៉េច​ក៏​មិន​ដែល​ឈ្នះ​?

​សម្តេច​តេជោ ហ៊ុន សែន បាន​បញ្ជាក់ទៀតថា នឹង​គ្មាន​ការលើកលែងឲ្យលោ​ក សម រង្ស៊ី នោះឡើយ​ ​ហើយ​ប្រសិនបើ​គេ​ចង់​មាន​ការពិចារណា លើ​ការលើកលែង​ទោស​នេះ​ត្រូវ​មក​ចូល​គុក​នៅ​កម្ពុជា​ជាមុនសិន​។ ប្រសិន​ទណ្ឌិត សម រង្ស៊ី​ ​មិន​ហ៊ាន​ស្បថ​ចំពោះ​ការលើកឡើង​ថា ការបោះឆ្នោត​នៅ​កម្ពុជា​ជា​ការ​បំប៉ោង​ទិន្នន័យ គឺជា​ការចុះចាញ់​ ​និង​មិន​ហ៊ាន​ទទួលស្គាល់​ការពិត​។ ក្រុម​ដេក​ផ្ទះ​ឈ្នះ​ឯង​ពូកែ តែ​ខាង​ចោទ គេ​ខាង​លួច​បន្លំ​ភ្នែក​រឿង សន្លឹកឆ្នោត​ ​ដែល​ប្រជាពលរដ្ឋ​ទៅ​បោះឆ្នោត​។ ពួក​នេះ​ពូកែ​ណាស់​ខាងភូត​កុហក ពួក​គេ​តែ​អីចឹង គឺ​ពួក​អាច​ង្រៃ​។ បើ​អាច​នឹង​​រៀបចំ​បង្កើត​រដ្ឋាភិបាល​ថ្មី​នៅ​ចុងខែ​សីហា ឬ​នៅ​ដើម​ខែ​កញ្ញា ក៏​បាន​ដែរ បើ​គ្មាន​បណ្តឹង តវ៉ា​ណាមួយ​អំពី​បក្ស នយោបាយ​ផ្សេង​​អំពី​ការបោះឆ្នោត​។ មិនចាំបាច់ឲ្យ​ប្រទេស​ណា ប្រថាប់ត្រា​នោះទេ គឺ​មាន​ព្រះមហាក្សត្រ ប្រថាប់ត្រា​ទទួលស្គាល់ គឺ​គ្រប់គ្រាន់​ហើយ​៕ ដោយ ​៖ ​កូឡាប​

spot_img
×