ភ្នំពេញ៖ ក្នុងកិច្ចពិភាក្សាតុមូល ស្តីអំពីស្ថានភាពសេដ្ឋកិច្ច និងអចលនទ្រព្យឆ្នាំ ២០២៤ ដែលរៀបចំឡើងដោយក្លិបអ្នកកាសែតកម្ពុជា នាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤នេះ លោក ស៊ន សៀប ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានលើកឡើងថា ចាប់តាំងពីឆ្នាំ២០២៣ មកដល់ពេលនេះ ស្ថានភាពចលនាទិញលក់ អចលនទ្រព្យនៅទីផ្សារប្រទេសកម្ពុជា បានចាប់ផ្តើមកម្រើកឡើងវិញបន្តិចហើយ ប៉ុន្តែស្ថិតក្នុងតម្លៃលក់ក្រោមទីផ្សារពី៣០ទៅ ៤០ភាគរយ និងចំពោះតែអចលនទ្រព្យស្ថិតនៅទីតាំងល្អប៉ុណ្ណោះ។

លោក ស៊ន សៀប បានបង្ហាញសុទិដ្ឋិនិយមថា វិស័យអចលនទ្រព្យ និងសំណង់ នៅកម្ពុជា នឹងមានកំណើនត្រឡប់ទៅដូចអំឡុងឆ្នាំ២០១៨ និង២០១៩ និងមុនវិបត្តិកូវីដ១៩ នៅឆ្នាំ២០២៦ និងឆ្នាំ២០២៧ ដោយសារការងើបឡើងវិញនៃវិស័យទេសចរណ៍ និងស្ថានភាពសេដ្ឋកិច្ចរបស់កម្ពុជា កាន់តែមានភាពល្អប្រសើរ។

លោកថា អ្វីៗក៏អាស្រ័យទៅលើការវិវត្តន៍នៃកត្តាខាងក្រៅផងដែរ ប្រសិនបើបញ្ហាសង្គ្រាម នៅតែបន្តអូសបន្លាយ ស្ថានភាពសេដ្ឋកិច្ចដៃគូពាណិជ្ជកម្មសំខាន់ៗរបស់កម្ពុជា មិនសូវល្អ និងវិស័យអចលនទ្រព្យនៅប្រទេសចិន បន្តជួបវិបត្តិ វាក៏អាចជះឥទ្ធិពលមកលើសេដ្ឋកិច្ចកម្ពុជា និងវិស័យអចលនទ្រព្យរបស់កម្ពុជាផងដែរ ដូច្នេះការព្យាករណ៍ពីការងើបឡើងវិញនៃវិស័យនេះ នឹងត្រូវការពេលច្រើនជាងនេះបន្ថែមទៀត។ គួរបញ្ជាក់ថា បើតាមអ្វីដែលលោក ស៊ន សៀប កត់សម្គាល់ចលនានៃការទិញលក់អចលនទ្រព្យនៅទីផ្សារកម្ពុជានាពេលនេះ មានសកម្មភាពជាងគេ គឺការទិញលក់ខុនដូ និងអចលនទ្រព្យបែបឧស្សាហកម្ម ដែលជាការទិញដីសម្រាប់សាងសង់រោងចក្រ ឬសហគ្រាសផ្សេងៗ ដែលមានតម្លៃចាប់ពី ៥០ម៉ឺន ទៅ១០លានដុល្លារអាមេរិក៕

