កណ្តាល៖ ក្នុងឱកាសអញ្ជើញជាអធិបតីភាព ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ មន្ទីរពេទ្យតេជោសែនកោះធំ ស្ថិតនៅភូមិព្រែកថ្មី ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល នាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បាននាយករដ្ឋមន្រ្តីកម្ពុជា បានថ្លែងថា ខ្ញ៉ំបានដាក់ទិសដៅឱ្យរដ្ឋទិញថ្នាំអ្វីដែលពលរដ្ឋត្រូវការចាំបាច់ ដូចជាលើសឈាម និងទឹកនោមផ្អែមឱ្យបានច្រើនកុំឱ្យខ្វះ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងជំរុញឲ្យរដ្ឋមន្រ្តីក្រសួងសុខាភិបាលខិតខំពង្រឹង និងពង្រីកវិស័យសុខាភិបាលជូនដល់បងប្អូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរបន្ថែមទៀត ជាពិសេសគឺគ្រឿងបំពាក់ និងថ្នាំសង្កូវជាដើម ជាពិសេសត្រូវពង្រីកឲ្យបានគ្រប់ទីកន្លែងដល់មូលដ្ឋានតែម្តង។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ការត្រៀមថ្នាំសំរាប់ពលរដ្ឋ ក៉ំឱ្យពលរដ្ឋពិបាកធ្វើដំណើរច្រើនខាតពេលវេលា។ សម្ដេចធិបតី បានបន្តថា គោលដៅរបស់រាជរដ្ឋាភិបាលអាណត្តិទី៧នេះ គឺពង្រាយសេវា និងពង្រឹងមូលដ្ឋាន សេវាសុខាភិបាលឱ្យគ្របដណ្ដប់ដល់ប្រជាពលរដ្ឋ នៅតាមមណ្ឌលសុខភាពទាំងអស់នៅមូលដ្ឋានក្នុង ២៤ ម៉ោងលើ២៤ម៉ោង ហើយត្រូវផ្ដល់សេវាសុខាភិបាលនេះដល់ពលរដ្ឋឱ្យបានល្អ។

គួរបញ្ជាក់ថា បើតាមប្រសាសន៍របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត មនុស្សគឺជាកត្តាធំណាស់សម្រាប់ការអភិវឌ្ឍសង្គមជាតិ ការអប់រំ និងសុខាភិបាលគឺជាគន្លឹះដ៏ធំបំផុតសម្រាប់ការពារជាតិ ដូច្នេះហើយការកសាងនូវសុខភាព និងការអប់រំ គឺជាកត្តាធំបំផុត ដែលត្រូវយកចិត្តទុកដាក់ និងត្រូវលើកកម្ពស់ជានិច្ច៕
