ភ្នំពេញ៖ ក្រោយពីមានការសម្របសម្រួល និងជួបពិភាក្សាជាមួយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រួចមក ក្រុមហ៊ុនបុរីពិភពថ្មី បានសម្រេចចេញនូវគោលការណ៍សម្រួលដល់អតិថិជនដែលកំពុងបង់រំលស់មានការយឺតយ៉ាវ ដូចជា៖ ១. អតិថិជនអាចបង់តែការប្រាក់ រហូតដល់រយៈពេល ៣ឆ្នាំ ២. ការប្រាក់ដែលអតិថិជនបានជំពាក់កន្លងមក (មិនគិតពិន័យ) ទុកសម្រាប់ទូទាត់ក្រោយរយៈពេល ៣ឆ្នាំ ឬ អតិថិជនអាចរៀបចំឥណទានសារឡើងវិញ និង៣. អតិថិជនអាចប្តូររយៈពេលបង់រំលស់ រហូតដល់ ៣០ឆ្នាំ។

គួរបញ្ជាក់ថា ក្នុងការស្វែងរកដំណោះស្រាយជូនដល់ភាគីក្រុមហ៊ុន និងអតិថិជន ដែលបានទិញលំនៅឋានបង់រំលស់ពីក្រុមហ៊ុនបុរីពិភពថ្មី មានភាពយឺតយ៉ាវ ដោយសារតែជួបវិបត្តិហិរញ្ញវត្ថុនេះ បានធ្វើឡើងក្រោមការជួយសម្របសម្រួលដោយផ្ទាល់ពីឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

សូមរំលឹកថា គម្រោងអចលនទ្រព្យមួយចំនួននៅភ្នំពេញ បានជួបពិភាក្សាជាបន្តបន្ទាប់រវាងម្ចាស់គម្រោង និងអតិថិជន។ គម្រោងធំៗ ដែលកំពុងតែមានបញ្ហា និងបានជួបជាមួយអតិថិជនដើម្បីរកដំណោះស្រាយ រួមមាន គម្រោងក្រុមហ៊ុនបុរីពិភពថ្មី, បុរី KP ម៉ន ដានី, បុរីវីអាយភី និងគម្រោងផ្សារបោះដុំទំនិញ TCC នៅអូឬស្សី ជាដើម។ ជាក់ស្តែងកន្លងទៅកាលពី ៣១ ឆ្នាំ២០២៣ របស់អតិថិជនបុរីពិភពថ្មីសាខាកំបូល ៣ បានតវ៉ា និងស្វែងរកដំណោះស្រាយជាមួយក្រុមហ៊ុនបុរីពិភពថ្មី នៅសាលារាជធានីភ្នំពេញ ដោយភាគីខាងក្រុមហ៊ុនទទួលទិញផ្ទះពីអតិថិជនត្រឡប់ចូលវិញ។

ជាមួយគ្នានេះ អ្នកជំនាញហិរញ្ញវត្ថុ បានមើលឃើញថា បច្ចុប្បន្ន ម្ចាស់គម្រោងអភិវឌ្ឍបុរីខ្លះ មានការយកយល់ច្រើន ដោយមានការពន្យារចំពោះការបង់ប្រាក់ ដល់អតិថិជនដែលខ្វះលទ្ធភាព ប៉ុន្តែ ទោះមានការសម្រួលបែបនេះក្តី ក៏អតិថិជនមួយចំនួន នៅតែមិនអាចមានលទ្ធភាពក្នុងការបង់ផងដែរ។

អ្នកជំនាញ បានមើលឃើញថា បញ្ហាទាំងអស់នេះ បានជះឥទ្ធិពលដល់វិស័យអចលនទ្រព្យ នៅក្នុងកម្ពុជា ស្របពេលដែលវិបត្តិសេដ្ឋកិច្ចធ្លាក់ចុះ ពលរដ្ឋថយចំណូល ប៉ះពាល់ដល់ការបង់ប្រាក់ទៅឱ្យម្ចាស់គម្រោង ដែលធ្វើឱ្យរងគ្រោះទាំងអស់គ្នា។ ទោះយ៉ាងអ្នកជំនាហញ បានវាយតម្លៃថា នាថ្ងៃអនាគតការទិញលក់ វិស័យអចលនទ្រព្យយ៉ាងយូរ ៣-៤ឆ្នាំខាងមុខ នឹងមានចលនាអភិវឌ្ឍរស់រវើកល្អប្រសើរឡើងវិញ៕