ភ្នំពេញ៖ បើយោងតាមទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបង្ហាញថា ទំហំពាណិជ្ជកម្មនាំចេញ-នាំចូលរបស់ប្រទេសកម្ពុជា ក្នុងរយៈពេលពីរខែដំបូង ឆ្នាំ ២០២៤នេះ សម្រេចបានតម្លៃទឹកប្រាក់សរុបប្រមាណ ៨១២០ លានដុល្លារអាម៉េរិក កើនឡើង ១៩,២% ពីចំនួនទឹកប្រាក់ ៦.៨១១ លានដុល្លារអាម៉េរិក បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២៣កន្លងទៅ។

ទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបង្ហាញទៀតថា ប្រទេសកម្ពុជា បាននាំចេញមុខទំនិញសំខាន់ៗទៅកាន់ទីផ្សារក្រៅប្រទេស ចាប់ពីខែមករា ដល់ខែកុម្ភៈ ឆ្នាំនេះ មានតម្លៃទឹកប្រាក់សរុបប្រមាណ ៣៩៨៥ លានដុល្លារអាម៉េរិក កើនឡើង ២២,៧% ខណៈក្នុងអំឡុងពេលតែមួយ កម្ពុជា ក៏បាននាំចូលមុខទំនិញផ្សេងៗ ក្នុងតម្លៃទឹកប្រាក់សរុបប្រមាណ ៤១៣៥លានដុល្លារអាម៉េរិក កើនឡើង ១៦,១១% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ការកើនឡើងគួរឲ្យកត់សម្គាល់នៃការដោះដូរពាណិជ្ជកម្មរបស់កម្ពុជា ក្នុងរយៈពេលពីរខែដំបូងឆ្នាំនេះ ដោយសារកំណើននាំចេញទៅកាន់បណ្តាប្រទេសដៃគូពាណិជ្ជកម្មសំខាន់ៗរបស់កម្ពុជា ដូចជា ប្រទេសចិន សហរដ្ឋអាម៉េរិក វៀតណាម និងជប៉ុន ខណៈដែលការនាំចេញរបស់កម្ពុជាទៅប្រទេសថៃ និងបណ្តាប្រទេសមួយចំនួននៅសហភាពអឺរ៉ុប រួមមាន អាល្លឺម៉ង់ បារាំង និងអ៊ីតាលី មានកំណើនអវិជ្ជមាន។

គួរបញ្ជាក់ថា មុខទំនិញសំខាន់ៗរបស់កម្ពុជា ដែលជំរុញដល់កំណើននាំចេញ មានដូចជា៖ វិស័យវាយនភណ្ឌកាត់ដេរ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលកាបូបធ្វើដំណើរ និងផលិតផលកសិកម្ម មាន គ្រាប់ធញ្ញជាតិ, បន្លែផ្លែឈើ ជ័រកៅស៊ូ, និងផលិតផលគ្រឿងសង្ហារឹមជាដើម៕

