Friday, May 3, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

KOICAកូរ៉េ និងក្រសួងការងារ ឯកភាពលើការពង្រឹងការបណ្តុះបណ្តាលជំនាញបច្ចេកវិទ្យាព័ត៌មានវិទ្យា និងសមត្ថភាពជំនាញដល់ពលករ

spot_img

ភ្នំពេញ៖ ក្នុងជំនួបនៅព្រឹកថ្ងៃសុក្រ ទី១៥ ខែមីនា ឆ្នាំ២០២៤នេះ ឯកឧត្តមហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងឯកឧត្តម ចាង វ៉ុងសាម (CHANG Won Sam) ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) បានឯកភាពគ្នាពង្រឹងកិច្ចសហការបណ្តុះបណ្តាលជំនាញផ្នែកបច្ចេកវិទ្យាព័ត៌មានវិទ្យា(ICT)ដល់យុវជនកម្ពុជា និងការពង្រឹងសមត្ថភាពពលករជំនាញ។ ជំនួបនេះ បានធ្វើឡើងនៅសណ្ឋាគារសូហ្វីតែលក្នុងឱកាសដំណើរទស្សនកិច្ចរបស់ឯកឧត្តមប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េនៅកម្ពុជា។

ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ពីភាពចាំបាច់នៃការបណ្តុះបណ្តាលជំនាញផ្នែកបច្ចេកវិទ្យាព័ត៌មានវិទ្យាដល់យុវជនដើម្បីពង្រឹងសមត្ថភាពឌីជីថលបន្ថែមទៀតដែលស្របទៅនឹងតម្រូវការទីផ្សារដ៏សម្បូរបែបនាពេលបច្ចុប្បន្ននិងអនាគត ហើយការបណ្តុះបណ្តាលនេះបានដើរស្របគ្នាទៅនឹងផែនការយុទ្ធសាស្ត្ររយៈពេល៥ឆ្នាំរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈលើវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ហើយក៏ដើរទន្ទឹមនឹងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកកម្ពុជាក្នុងអាណត្តិទី៧នេះ ដែលបានដាក់ទិសដៅកំណត់យកការអភិវឌ្ឍធនធានមនុស្ស និងបច្ចេកវិទ្យាឌីជីថលជាគោលដៅអាទិភាព។

បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ពីការពង្រឹងសមត្ថភាពដល់ពលករកម្ពុជាលើជំនាញសំខាន់ៗដែលរួមមាន កសិកម្ម សេវាកម្ម និងឧស្សាហកម្មធន់ធ្ងន់ ដូចជាការកសាងកប៉ាល់ជាដើមដែលជាចំណុចសំខាន់ក្នុងការបង្កើនកូតាសម្រាប់ពលករកម្ពុជាទៅបម្រើការងារនៅសាធារណរដ្ឋកូរ៉េ។ កូរ៉េដែលជាទិសដៅដ៏ពេញនិយមមួយនៃពលរដ្ឋកម្ពុជាព្រោះតែលក្ខណ្ឌការងារ និងប្រាក់ខែខ្ពស់សមរម្យ។

ជាមួយគ្នានេះ ឯកឧត្តមប្រធានទីភ្នាក់ងារ បានឯកភាពចំពោះការលើកឡើងរបស់ឯកឧត្តមរដ្ឋមន្ត្រីលើការបណ្តុះបណ្តាលជំនាញផ្នែកបច្ចេកវិទ្យាព័ត៌មានវិទ្យាដល់ពលរដ្ឋកម្ពុជាឱ្យមានសមត្ថភាពកាន់តែខ្ពស់បន្ថែមទៀតដើម្បីប្រកួតប្រជែង និងបង្កើនផលិតភាពការងារបន្ថែម។

លើសពីនេះ កិច្ចសហការនៃការបណ្តុះបណ្តាលជំនាញដល់ពលករកម្ពុជាលើជំនាញសំខាន់ៗ គឺជាចំណុចដែលត្រូវយកចិត្តទុកដាក់ខ្ពស់ព្រោះថា ជំនាញទាំងនេះ នឹងធ្វើឱ្យភាគីទាំងពីរកម្ពុជា-កូរ៉េទទួលបានផលផ្លែផ្កាខ្ពស់ទាំងអំឡុងពេលបំពេញការងារនៅកូរ៉េ និងពេលត្រឡប់មកកាន់កម្ពុជាវិញដែលនាំមកនូវជំនាញខ្ពស់ដើម្បីចូលរួមអភិវឌ្ឍសង្គមជាតិផងដែរ។

បន្ថែមពីនេះ ឯកឧត្តមប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) បានគូសបញ្ជាក់ថា សាធារណរដ្ឋកូរ៉េ នៅតែជាដៃគូរបស់កម្ពុជាក្នុងការជំរុញឱ្យប្រទេសមិត្តដ៏ល្អមួយនេះសម្រេចបាននូវចក្ខុវិស័យក្លាយជាប្រទេសមានចំណូលខ្ពស់ឬប្រទេសអ្នកមាននៅឆ្នាំ២០៥០៕

spot_img
×