ភ្នំពេញ៖ ទឹកប្រាក់ប្រមាណ ១៤១ លានដុល្លារអាម៉េរិក ត្រូវបាន ជប៉ុន ចុះកិច្ចព្រមព្រៀងផ្តល់ឥណទានសម្បទានសម្រាប់គម្រោងអភិវឌ្ឍន៍មន្ទីរពេទ្យតំបន់ដល់កម្ពុជា ដែលកិច្ចព្រមព្រៀងនេះ ត្រូវបានចុះហត្ថលេខាដោយឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងរាជរដ្ឋាភិបាលកម្ពុជា និងភាគីជប៉ុន តំណាងដោយ លោក Sanui Kazumasa ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) ប្រចាំកម្ពុជា។

គម្រោងអភិវឌ្ឍន៍មន្ទីរពេទ្យតំបន់ គឺជាគម្រោងស្ថិតក្នុងវិស័យអាទិភាពសំខាន់មួយ ក្នុងចំណោមគម្រោងអាទិភាពនានា ហើយក៏ជាគម្រោងលើកដំបូងផងដែរ ក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការហិរញ្ញប្បទានជាមួយប្រទេសជប៉ុន ដែលក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសហការជាមួយក្រសួងសុខាភិបាល និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុនប្រចាំនៅកម្ពុជា (JICA) ក្នុងការសិក្សាសមិទ្ធិលទ្ធភាព ក្នុងគោលបំណងលើកកម្ពស់លទ្ធភាពទទួលបានសេវាព្យាបាលកម្រិតខ្ពស់នៅជនបទ ក្នុងប្រទេសកម្ពុជា និងកាត់បន្ថយគម្លាតក្នុងការផ្តល់សេវាសុខាភិបាល រវាងរាជធានី និងខេត្ត ព្រមទាំងលើកកម្ពស់សុខភាពប្រជាជនតាមជនបទ ដែលជាការរួមចំណែកដល់ការសម្រេចបាននូវគោលដៅទី៣៖ សុខភាព និងសុខុមាលភាព មាំមួនសម្រាប់ប្រជាជនគ្រប់រូប នៃគោលដៅអភិវឌ្ឍប្រកបដោយចីរភាព។

មន្ទីរពេទ្យបង្អែកខេត្ត/ក្រុង ចំនួន ៧ រួមមាន៖ ខេត្តសៀមរាប, ខេត្តកំពង់ចាម, ខេត្តបាត់ដំបង, ខេត្តកំពត, ខេត្តស្ទឹងត្រែង, ខេត្តស្វាយរៀង និងរាជធានីភ្នំពេញ ត្រូវបានជ្រើសយកមកពិនិត្យ ដើម្បីសម្រេចយកមកសិក្សាសមិទ្ធិលទ្ធភាព សម្រាប់ការអភិវឌ្ឍនៅដំណាក់កាលទី១។ ជាលទ្ធផល មន្ទីរពេទ្យបង្អែកខេត្តសៀមរាប និងខេត្តកំពង់ចាម ត្រូវបានសម្រេចយកមកសិក្សាសមិទ្ធិលទ្ធភាព សម្រាប់ការអភិវឌ្ឍឱ្យទៅជាមន្ទីរពេទ្យតំបន់ នៅក្នុងដំណាក់កាលទី ១នេះ។

គម្រោងអភិវឌ្ឍន៍មន្ទីរពេទ្យខេត្តសៀមរាប និងខេត្តកំពង់ចាម មានវិសាលភាព ដូចជា៖ ខេត្តកំពង់ចាម សាងសង់អគារមន្ទីរពេទ្យចំនួន ២ អគារថ្មី ដែលមានកម្ពស់ ៨ ជាន់ និងមានគ្រែសរុប ៦០៨, ខេត្តសៀមរាប សាងសង់អគារមន្ទីរពេទ្យចំនួន ២ អគារថ្មី ដែលមានកម្ពស់ ៨ ជាន់ ចំនួន ១ និងកម្ពស់ ៥ ជាន់ ចំនួន ១ និងមានគ្រែសរុប ៦៩៧។ ការបំពាក់សម្ភារបរិក្ខារពេទ្យ សម្រាប់មន្ទីរពេទ្យទាំងពីរខេត្ត និងបញ្ចូលការងារបែងចែកឱសថ និងការផ្គត់ផ្គង់សម្ភារឧបករណ៍វេជ្ជសាស្ត្រ ទៅក្នុងប្រព័ន្ធព័ត៌មានមន្ទីរពេទ្យ និងការគ្រប់គ្រងអ្នកជំងឺ៕
