ភ្នំពេញ៖ បច្ចុប្បន្ននេះ ប្រទេសកម្ពុជា មានផលិតផលមួយចំនួនដែលត្រូវបានកំណត់ថាជាផលិតផលសម្គាល់ភូមិសាស្ត្រ ដូចជា៖ ម្រេចកំពត ស្ករត្នោតកំពង់ស្ពឺ ក្រូចថ្លុងកោះទ្រង់ និងទឹកឃ្មុំព្រៃមណ្ឌលគិរី។ ហើយមានតែម្រេចកំពត និងស្ករត្នោតកំពង់ស្ពឺទេ ដែលត្រូវបានចុះបញ្ជីជាអន្តរជាតិ ជាផលិតផលសម្គាល់ភូមិសាស្ត្រ នៅលើទីផ្សារអឺរ៉ុប។


នៅក្នុងកិច្ចប្រជុំរវាងលេខាធិការនៃគណៈកម្មាធិការជាតិកម្មសិទ្ធិបញ្ញា និងនាយកកម្មសិទ្ធិបញ្ញានៃក្រសួងពាណិជ្ជកម្ម និងអង្គការកម្មសិទ្ធិបញ្ញាពិភពលោក (WIPO) នាពេលថ្មីៗនេះ បានបង្ហាញពីគម្រោងលើកកម្ពស់ផលិតផលសម្គាល់ភូមិសាស្ត្ររបស់កម្ពុជា(GI) និងផលិតផលម៉ាកយីហោរួមសម្រាប់ទីផ្សារប្រទេសចិន។ ក្រសួងពាណិជ្ជកម្ម បានកំណត់អត្តសញ្ញាណផលិតផលសម្គាល់ភូមិសាស្ត្រ (GI) ចំនួនបី សម្រាប់ការនាំចេញទៅកាន់ទីផ្សារប្រទេសចិន ដោយស្វែងរកការគាំទ្រសម្រាប់ការផ្សព្វផ្សាយផលិតផលនៅក្នុងប្រទេសចិន។

លោក សួន វិជ្ជា ប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញានៃក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា បច្ចុប្បន្នប្រទេសកម្ពុជា មានផលិតផលសម្គាល់ភូមិសាស្ត្រ(GI) ចំនួន៧ និងម៉ាកយីហោរួមចំនួន ៨ ។ ផលិតផលចំនួនបី ក្នុងចំណោមនោះ ជាផលិតផលសក្តានុពលសម្រាប់នាំចេញទៅកាន់ទីផ្សារប្រទេសចិន រួមមានស្ករត្នោតកំពង់ស្ពឺ អំបិលកំពត-កែប និងទឹកឃ្មុំព្រៃមណ្ឌលគិរី។

គួរបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំនេះដែរ ក៏មានគោលបំណងរៀបចំវគ្គបណ្តុះបណ្តាលស្តីពីការការពារកម្មសិទ្ធិបញ្ញានៅក្នុងប្រទេសចិន និងសម្របសម្រួលជាមួយសមាគមម៉ាកសម្គាល់ភូមិសាស្ត្រ និងទំនិញ និងសមាគមពាណិជ្ជនិមិត្តសញ្ញារួម ឬអ្នកផលិត ក្នុងការជ្រើសរើសផលិតផលដែលមានសក្តានុពល និងគុណភាពខ្ពស់សម្រាប់ការចុះបញ្ជី ការការពារ និងការនាំចេញទៅកាន់ប្រទេសចិន៕
