Sunday, April 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាលរាជធានីភ្នំពេញ បានដាក់ចេញនៅគោលការណ៍៣ចំណុច ណែនាំដល់អ្នកដែលបានប្រើប្រាស់ស៊ីផ្លេឬបំពង់ស៊ីមុំាងខុសបច្ចេកទេស ត្រូវរួសរាន់ដកចេញវិញជាបន្ទាន់ ដើម្បីកុំឱ្យរងការផាកពិន័យ

spot_img

ភ្នំពេញ ៖ អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ពាក់ព័ន្ធនឹងការ កែច្នៃយានយន្តខុសលក្ខណៈបច្ចេកទេស ប៉ះពាល់ដល់សណ្ដាប់ធ្នាប់ របៀបរៀបរយ តាមដងផ្លូវសាធារណៈ ឯកឧត្តមឃួង ស្រេង អភិបាលរាជធានី ភ្នំពេញ បានបើកកិច្ចប្រជុំបន្ទាន់មួយពាក់ព័ន្ធ នឹងការត្រួតពិនិត្យលើការកែច្នៃយានយន្តគ្រប់ប្រភេទ ការបំពាក់ស៊ីផ្លេ បំពង់ស៊ីម៉ាំងយានយន្តខុស លក្ខណៈបច្ចេកទេស ដើម្បីទប់ស្កាត់ភាពអនាធិបតេយ្យតាមដងផ្លូវសាធារណៈក្នុងរាជធានីភ្នំពេញ ។

កិច្ចប្រនេះជុំបានធ្វើឡើងនារសៀលថ្ងៃទី ១៨ ខែមីនា ឆ្នាំ ២០២៤ នេះ ដោយមានការចូលរួមពីអភិបាលខណ្ឌទាំង១៤ មន្ទីរពាក់ព័ន្ធនិងកងកម្លាំងប្រដាប់អាវុធចំណុះអោយគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។

នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តមអភិបាលរាជធានីភ្នំពេញ បានដាក់ចេញនៅគោលការណ៍៣ចំណុច ដោយទី១ ណែនាំដល់អ្នកដែលបានប្រើប្រាស់ស៊ីផ្លេឬបំពង់ស៊ីមុំាងខុសបច្ចេកទេស ត្រូវរួសរាន់ដកចេញវិញជាបន្ទាន់ ដើម្បីកុំឱ្យរងការផាកពិន័យ ទី២ ណែនាំដល់ម្ចាស់អាជីវកម្មលក់ដូរបំពង់ស៊ីមុំាង និងស៊ីផ្លេដែលខុសបច្ចេកទេសត្រូវបញ្ឈប់ការលក់ដូរ និង៣ ណែនាំដល់ម្ចាស់យាន្តដ្ឋាននានាក្នុងរាជធានីភ្នំពេញត្រូវបញ្ឈប់ ការកែច្នៃស៊ីផ្លេ និងបំពង់ស៊ីមុំាងខុសបច្ចេកទេស ដើម្បីកុំឱ្យរងការផាកពិន័យ ឬឈានទៅបិទអាជីវកម្ម បន្ទាប់ពីរដ្ឋបាលរាជធានីភ្នំពេញចេញសេចក្តីជូនដំណឹងនាពេលដ៏ខ្លីខាងមុខ។

ឯកឧត្តមឃួងស្រេងបានថ្លែងថា ការប្រើប្រាស់ស៊ីផ្លេ និងបំពង់ស៊ីមុំាងខុសបច្ចេកទេសនេះ គឺបាន បង្កការរំខានយ៉ាងខ្លំាងដល់សណ្តាប់ធ្នាប់សាធារណនៅតាមដងផ្លូវ ដែលសមត្ថកិច្ចត្រូវតែពង្រឹងការផាក ពិនិត្យឱ្យបានម៉ឹងម៉ាត់ជាទីបំផុត។

ឯកឧត្តមឃួង ស្រេង ក៏បានណែនាំឱ្យចេញសារចរណែនាំមួយដោយហាមអ្នកលក់ដូរទំាងអស់ត្រូវបញ្ឈប់ការលក់ដូរ បំពង់ស៊ីមុំាងកែច្នៃ និងស៊ីផ្លេខុសបច្ចេកទេស ហើយបើមិនអនុវត្តតាម នឹងត្រូវចាត់វិធានការណ៍តាម ផ្លូវច្បាប់ដោយប្រមូលរបស់របរខុសចប្ចេកទេសទំាងនោះទៅរក្សាទុក និងអាចឈានទៅបិទអាជីវកម្ម តែម្តង។

បន្ថែមពីលើនេះទៀតក្នុងកិច្ចប្រជុំនោះដែរ ឯកឧត្តមឃួង សេ្រងក៏បានជំរុញឲ្យអាជ្ញាធរខណ្ឌទាំង១៤ក៏ដូចជាសមត្ថកិច្ចពាក់ព័ន្ធ ត្រួតពិនិត្យឡើងវិញចំពោះអាជីវកម្មក្លឹបកំសាន្ត ក៏ដូចជាប៊ៀកាដិនជាដើម ដែលបង្កសំឡេងរំខានដល់ប្រជាពលរដ្ឋដែរ។ ដោយឡែកចំពោះ ល្បែងស៊ីសងគ្រប់ប្រភេទក៏ត្រូវតែបង្ក្រាបអោយអស់ពីមូលដ្ឋានរបស់ខ្លួនផងដែរ។

សូមបញ្ជាក់ថា ការបញ្ជារបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីឱ្យក្រសួងជំនាញ និងសមត្ថកិច្ចត្រួតពិនិត្យ លក្ខណៈបច្ចេកទេសស៊ីផ្លេរថយន្តជាបន្ទាន់នេះបន្ទាប់ពីក្នុងរយៈពេលថ្មីៗនេះ ឃើញមានការបង្ហោះតាមបណ្តាញសង្គមមួយចំនួន ពាក់ព័ន្ធនឹងសកម្មភាពរបស់ប្រជាពលរដ្ឋ ជាពិសេសក្មួយៗយុវជននិងកុមារ ធ្វើសកម្មភាពរាំលេងតាមដងផ្លូវទៅតាមចង្វាក់ស៊ីផ្លេបែបភ្លេងរបស់រថយន្តធំៗ ដែលសកម្មភាពរាំលេងនេះធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់នៅតាមដងផ្លូវ ក៏ដូចជាបង្កហានិភ័យសម្រាប់ការធ្វើដំណើរ និងជាពិសេសអាចបណ្តាលឱ្យមានគ្រោះថ្នាក់ដល់ក្មួយៗតែម្តង។

ជាមួយគ្នានេះដែរ សម្ដេចធិបតី បានបញ្ជាក់ថា កម្លាំងសមត្ថកិច្ចតាមបណ្តាខេត្តមួយចំនួន បានចាត់វិធានការ ដោយបានធ្វើការណែនាំឱ្យអ្នកបើកបររថយន្តធំដោះស៊ីផ្លេខុសលក្ខណៈបច្ចេកទេសចេញ និងធ្វើការផ្លាស់ប្តូរស៊ីផ្លេវិញ ព្រមទាំងណែនាំដល់ក្មួយៗឱ្យបញ្ឈប់សកម្មភាពនេះ។

ដើម្បីឱ្យការអនុវត្តវិធានការនេះកាន់តែមានប្រសិទ្ធភាពនិងកាន់តែទូលំទូលាយ សម្ដេចធិបតី បានណែនាំដល់ក្រសួងសាធារណការ និងដឹកជញ្ជូន អគ្គស្នងការដ្ឋាននគរបាលជាតិ អាជ្ញាធររាជធានី-ខេត្ត និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ធ្វើការសហការគ្នា ត្រួតពិនិត្យ និងធ្វើការណែនាំពាក់ព័ន្ធនឹងលក្ខណៈបច្ចេកទេសស៊ីផ្លេរថយន្ត ដើម្បីទប់ស្កាត់ភាពអនាធិបតេយ្យតាមដងផ្លូវសាធារណៈ។ ជាពិសេសសម្ដេច សូមប្រគល់ភារកិច្ចជូនគណៈបញ្ជាការឯកភាពរដ្ឋបាល រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ធ្វើការណែនាំ និងចាត់វិធានការឱ្យបានតឹងរ៉ឹង ដើម្បីទប់ស្កាត់សកម្មភាពអនាធិបតេយ្យដែលប៉ះពាល់ដល់សណ្តាប់ធ្នាប់នៅតាមដងផ្លូវសាធារណៈ និងអាចបង្កឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិតប្រជាពលរដ្ឋ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

spot_img
×