ភ្នំពេញ៖ រោងចក្រចំនួន៦ ស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេស នៃក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប បានមកប្រកាសជ្រើសរើសកម្មករនិយោជិតនៃរោងចក្រ Y & W ចំនួន៣៤០ ចូលបម្រើការងារភ្លាមៗ។

លោកស្រី ឆាត ចាន់ថន ដែលជាកម្មការិនីនៃរោងចក្រ Y & W បានលើកឡើងថា៖ «ខ្ញុំសម្រេចចិត្តមកដាក់ពាក្យរកការងារថ្មីធ្វើនៅពេលនេះ ពីព្រោះឱកាសការងារបានមកដល់កន្លែងហើយតាមរយៈក្រសួងការងារ ដូច្នេះខ្ញុំត្រូវតែឆ្លៀតពេលមករកការងារថ្មីដើម្បីទទួលបានប្រាក់ចំណូលផ្គត់ផ្គង់គ្រួសារបន្តទៀត»។

លោកស្រី បន្ថែមថា ការមកដាក់ពាក្យរកការងារថ្មីនេះដោយសារកម្មការិនីរូបនេះជឿទុកចិត្តលើដំណោះស្រាយរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងការងារលើករណីថៅកែរោងចក្ររត់ចោលកម្មករ ហើយលោកស្រីសង្ឃឹមថានឹងទទួលបានការដោះស្រាយជូនកម្មករនិយោជិតឱ្យបានគ្រប់ៗគ្នានាពេលឆាប់ៗខាងមុខនេះ។

លោក ញ៉ុល សារ៉ុម ដែលជាកម្មករនិយោជិតនៃរោងចក្រ Y & W ម្នាក់ទៀតបានលើកឡើងថា៖«ខ្ញុំសម្រេចចិត្តមកដាក់ពាក្យរកការងារថ្មីនៅពេលនេះពីព្រោះឱកាសការងារបានមកដល់កន្លែងហើយ ដោយមិនចាំបាច់ទៅរកខ្លួនឯងនោះទេ ជាពិសេសនោះដាក់ពាក្យភ្លាម សម្ភាសភ្លាម ដឹងលទ្ធផលលឿនទៀតផង»។

លោក អ៊ន ប៊ុនណា មន្រ្តីជ្រើសរើសបុគ្គលិកតំបន់សេដ្ឋកិច្ចពិសេសបានលើកឡើងថាឱកាសការងារជាច្រើនរយកន្លែងបានយកមកធ្វើការផ្សព្វផ្សាយជូនបងប្អូនកម្មករនិយោជិតនៃរោងចក្រ Y&W នៅថ្ងៃនេះ ហើយកម្មករនិយោជិតទាំងអស់អាចមកដាក់ពាក្យ និងសម្ភាសភ្លាមៗតែម្តង។

លោកថា៖«ខ្ញុំសូមអំពាវនាវឱ្យបងប្អូនកម្មករនិយោជិតនៃរោងចក្រ Y&W ទាំងអស់មកដាក់ពាក្យដើម្បីទទួលបានឱកាសបម្រើការងារនៅរោងចក្រតំបន់សេដ្ឋកិច្ចពិសេស ដែលបងប្អូនកម្មករនិយោជិតទាំងអស់ទទួលបានអត្ថប្រយោជន៍ជាច្រើនផងដែរ»។

លោកបន្ថែមថា កម្មករនិយោជិតនឹងទទួលបានអត្ថប្រយោជន៍ជាច្រើនក្នុងនោះ កម្មករនិយោជិតទទួលបានប្រាក់ខែចំនួន ២០២ ដុល្លារ (សាកល្បង៣ខែ) និង២០៤ ដុល្លារក្នុងមួយខែ (ពេញសិទ្ធិ), ផ្តល់លុយព្រីម ១៥ដុល្លារក្នុង១ខែ, ប្រាក់ស្នាក់នៅ និងធ្វើដំណើរ ១០ដុល្លារក្នុងមួយខែ, ប្រាក់បាយថ្ងៃត្រង់ ៣២០០រៀលក្នុងមួយថ្ងៃ, ផ្តល់ប្រាក់បាយថែមម៉ោង ២ម៉ោងចំនួន៣០០០រៀលរាល់ពេលថែមម៉ោងក្នុង១ថ្ងៃ។

ក្រៅពីនេះកម្មករនិយោជិតក៏នឹងមានប្រាក់រង្វាន់ពេលដេរលើសចំនួន, ផ្តល់ប្រាក់ជំនាញ, ផ្តល់ប្រាក់៥% និងប្រាក់អតីតភាពការងារស្របតាមច្បាប់ស្តីពីការងារ និងមធ្យោបាយធ្វើដំណើរ ៕