ភ្នំពេញ៖ បើយោងតាមការព្យាករណ៍របស់មន្រ្តីជំនាញ បានឲ្យដឹងថា វិស័យឧស្សាហកម្ម ដែលបាន និងកំពុងរួមចំណែកយ៉ាងសំខាន់ដល់កំណើនសេដ្ឋកិច្ចជាតិ នឹងបន្តនិន្នាការកើនឡើងក្នុងរង្វង់ ៨,៥% ក្នុងឆ្នាំ២០២៤ ប្រៀបធៀប ឆ្នាំ២០២៣មានពីប្រមាណ ៥%។ ការបន្តកើនឡើងនេះដោយសារការរំពឹងទុកនៃការងើបឡើងវិញរបស់អនុវិស័យកាត់ដេរ ស្របពេលដែលអនុវិស័យកម្មន្តសាល មិនមែនកាត់ដេរ នៅតែបន្តរក្សាបានកំណើនរឹងមាំ។

ការលើកឡើងឲ្យដឹងបែបនេះរបស់ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងពិធីបើកសិក្ខាសាលាស្តីពី «នីតិវិធីរៀបចំ និងអនុវត្តថវិកាសមិទ្ធកម្ម និងកិច្ចព្រមព្រៀងសមិទ្ធកម្ម» នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤។

ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ត្រូវបន្តយកចិត្តទុកដាក់បន្ថែមទៀតលើការងារអាទិភាព ជាពិសេស ការអនុវត្តផែនការសកម្មភាពទាំងឡាយដែលបានកំណត់ក្នុងវេទិការសាធារណៈ ជាមួយវិស័យឯកជន ក្នុងឆ្នាំ២០២៣កន្លងទៅ។ ការបន្តលើកស្ទួយសហគ្រាសធុនមីក្រូ តូច និងមធ្យម និងការជំរុញបញ្ចប់ផែនការសកម្មភាពសម្រាប់អនុវត្តយុទ្ធសាស្ត្រជាតិ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨ ដែលក្រសួងយើងមានតួនាទីជាស្ថាប័នបង្គោល ក្នុងការសម្របសម្រួល, ជំរុញ, តាមដាន និងវាយតម្លៃការអនុវត្តយុទ្ធសាស្ត្រនេះ។

ឯកឧត្តម ហែម វណ្ណឌី បានបន្តថា ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានរួមចំណែកអំពីភាពជោគជ័យនៃលទ្ធផលការងារសំខាន់ៗនោះដែរ ដូចជា ការជំរុញនិងលើកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដោយបានបង្កើតគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងកំពុងរៀបចំផែនការសកម្មភាព ព្រមទាំងយន្តការប្រមូលទិន្នន័យ ជាមួយភាគីពាក់ព័ន្ធ ដើម្បីកំណត់វាយតម្លៃជាមូលដ្ឋាននូវទិន្នន័យពាក់ព័ន្ធនឹងសេដ្ឋកិច្ចក្រៅប្រព័ន្ធ មុននឹងឈានដល់ការអភិវឌ្ឍប្រព័ន្ធចុះឈ្មោះនាពេលខាងមុខ ដើម្បីកំណត់នូវគោលដៅច្បាស់លាស់ សម្រាប់ការទទួលបានជំនួយជាក់ស្តែងពីរាជរដ្ឋាភិបាល។

គួរបញ្ជាក់ថា បច្ចុប្បន្ននេះ សេដ្ឋកិច្ចក្រៅប្រព័ន្ធនៅកម្ពុជា បាននិងកំពុងរួមចំណែកដល់កំណើនសេដ្ឋកិច្ចជាតិ តាមរយៈការបង្កើតការងារប្រមាណ ៧០% នៃទំហំការងារសរុប និងរួមចំណែក ៣២% នៃផលិតផលសរុប៕

